ប្រជាពលរដ្ឋ​សម្រុក​ទៅធ្វើ ប្រហុក ផ្អក ខណៈ​ត្រី​កំពុងតែ​សំបូរ នៅ​កំពង់ឆ្នាំង

1/09/2014 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង: ខណៈពេលដែល ត្រី​កំពុង​សំបូរ​ខ្លាំង គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ប៉ែក​ខាងលើ​ឆ្ងាយ​ពី​ដែន​នេសាទ បាននាំគ្នា​សម្រុក​ចុះមក​ធ្វើ​ប្រហុក ផ្អក និង ត្រីឆ្អើរ ដើម្បី​ត្រៀម​ទុក​សម្រាប់​ការហូបចុក នា​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំក្រោយ​។

​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​, លោក​អ៊ុន សំអុល អភិបាលរង​ខេត្ត រួម​និង​មន្ត្រី​ជំនាញ​ជាច្រើន​ទៀត បាន​អញ្ជើញ​ចុះ​ពិ និត្យ​មើល​សកម្មភាព ធ្វើ​ត្រី​ប្រហុក​នៅក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។​
​ក្នុងពេលនោះ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​អោយជួយ​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ការ​ស្នាក់នៅ ធ្វើ​ប្រហុក ផ្អក របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការរក្សាសន្តិសុខ ជូន​ពួកគាត់​អោយ​បានល្អ​ផងដែរ​។
​លោក​សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បានអោយដឹងថា​តម្លៃ​ត្រី​ប្រហុក​នៅ​ ថ្ងៃទី​៨​មករា​នេះ ចន្លោះ​ពី​១០០០ ទៅ​១៥០០​រៀល​(​ត្រី​រៀល ត្រី​លិញ​) ចំពោះ​ត្រី​ប្រភេទ​លេខ​២ តម្លៃ​ចន្លោះ​ពី​២៥០០​រៀល ទៅ​៣០០០​រៀល (​ត្រី​ច្រកែង ត្រី​ឆ្ពិន​) និង​ត្រី​ប្រភេទ​លេខ​៣ តម្លៃ​ចន្លោះ​ពីមួយ​ម៉ឺន​រៀល​ទៅមួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ក្នុង​មួយ​គីឡូ (​ត្រី​ឆ្កោក )​។​
​លោក ប៊ុន​ឈឿន បាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេលដែល​ត្រី​សំបូរ​ខ្លាំង​តម្លៃ​ត្រី នៅលើ​ទីផ្សារ ក៏​ធ្លាក់ចុះ​ដែរ ដូចនេះ​ប្រជាពលរដ្ឋ ដែលមាន​បំណង ចង់​ធ្វើ​ប្រហុក​ផ្អក ត្រៀម​ទុក​សម្រាប់​ហូបចុក​នា​ឆ្នាំក្រោយ សូម​ប្រញាប់​រួសរាន់ ចុះមក​ធ្វើ​នៅតាម​ទីតាំង ដែល​ខណ្ឌ​រដ្ឋបាល​ជល​ផល បានរៀបចំ ពីព្រោះ​នៅក្នុង​ខ្នើត​នេះ​ត្រី​អាច​ត្រូវ​ក្នុង​រយៈពេល ពី​៣​ទៅ​៤​ថ្ងៃ​ទៀត​។
​នៅក្នុង​ថ្ងៃ​ដដែល​នោះ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្តដំណើរ ចុះ​ពិនិត្យមើល​ការនេសាទ​ត្រី និង បាន​ទៅពិនិត្យ ដែន​ឡូត៍​អភិរក្ស នៅក្នុង​ស្រុក​កំពង់ត្រឡាច និង ស្រុក​ជល​គិរី​ផងដែរ​។
​ក្នុងពេល​ចុះ​ពិនិត្យ​នោះ​លោក​អភិបាលខេត្ត បានន​ឧបត្ថម្ភ​ថវិកា ដល់​ក្រុម​យាម​ឡូត៍​អភិរក្ស ចំនួន​៨​ក្រុម ដែល​ក្នុង​១​ក្រុមៗ ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល​៕M​/c
ប្រជាពលរដ្ឋ​មកពីគ្រប់ទិសទី សម្រុក​ទៅធ្វើ ប្រហុក ផ្អក ខណៈ​ត្រី​កំពុងតែ​សំបូរ នៅ​កំពង់ឆ្នាំង​
ប្រភពពី CEN