តុលាការ​ឃុំខ្លួន​យុវជន២នាក់ ដែល​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ខុសច្បាប់ និង​មាន​សៀត​កាំភ្លើង​ជ័រ

1/08/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​សៀត​កាំភ្លើង​ជ័រ​នៅ​ច​ង្កះ​និង​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ ប៉ូលិស​ខុស ច្បាប់ មាន​វិទ្យុទាក់ទង រួមជាមួយ នឹង​បក្ខពួក​ម្នាក់ទៀត ត្រូវបាន​លោក ហេង សុខ​ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី ៨ មករា ២០១៤ ឃុំខ្លួន​ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពីបទ ក្លែង​ឯកសណ្ឋាន និង ពាក់​ស្លាក​លេខ​ក្លែងក្លាយ។

យុវជន​ទាំង២នាក់​នេះ​ឈ្មោះ សុខ សុវណ្ណ​ពិសិដ្ឋ ហៅ ទូច រ៉ាវុធ អាយុ២២ឆ្នាំ ជា​សន្តិសុខ​ឯកជន​ក្រុមហ៊ុន HNK ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​សៀត​កាំភ្លើងខ្លី​ជ័រ និង​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​ខុសច្បាប់ មាន​ទាំង​វិទ្យុទាក់ទង និង ឈ្មោះ ស្រឹង សុភាព អាយុ២៦ឆ្នាំ ស្នាក់នៅ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​សមត្ថកិច្ច ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ៤ មករា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា បុរស​ទាំង២នាក់​នេះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM-4725 ជិះ​មកដល់​ចំណុច​ខាងលើ ក៏​ប្រទះ​នឹង​សមត្ថកិច្ច ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ហៅ​ឱ្យ​ឈប់ រួច​ត្រួតពិនិត្យ​រកឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​សៀត​នៅ​ចង្កេះ និង​មាន​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ខុសច្បាប់ ហើយក៏​ឃាត់ខ្លួន​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ៕
ប្រភពពី ANN