គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​​ថវិកា ៣៥០០០​​ដុ​លា្ល​រ​ សម្រាប់​​ផ្តល់​ឲ្យ​មេធាវី​អន្តរជាតិស៊ើបអង្កេត​ករណីហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​

1/31/2014 0 Comments A+ a-

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចំណាយ​ថវិកា​ចំនួន ៣៥០០០​ដុ​លា្ល​រ​អាមេរិក ផ្តល់​ឲ្យ​ក្រុម​មេធាវី​អន្តរជាតិ សម្រាប់​ដំណើការ​រយៈពេល ១​ឆ្នាំ ក្នុង​ការ​ប្រមូល និង​​វិភាគ​​ទៅលើ​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​ដោយ​ការបង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​កម្មករនៅ​ផ្លូវ​វ៉េង​ស្រេង​​​ កាល​ពី​ថ្ងៃទី​២ និង​ទី​៣ ខែ​មករា កន្លងទៅ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែ​មករា​នេះ​ថា បក្ស​លោក​នឹង​ប្រមូល​ថវិកា តាមរយៈ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​ថវិកា​ផ្ទាល់​របស់​បក្ស​ចំនួន ៣៥០០០​ដុ​លា្ល​រ​អាមេរិក ដើម្បី​ផ្តល់​ឲ្យ​ក្រុម​មេធាវី​អន្តរជាតិ ICC សម្រាប់​ដំណើការ​រយៈពេល ១​ឆ្នាំ ករណី​​​ការបង្ក្រាប​របស់​កម្លាំង​ប្រដាប់អាវុធ ទៅ​លើ​កម្មករ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពីដើមឆ្នាំ​២០១៤ ​កន្លងមក​។ លោក​បន្តថា បើ​ភស្តុតាង​មាន​លក្ខណៈ​សមស្រប ក្រុម​មេធាវី​នឹង​រៀបចំ​សំណុំរឿង ប្តឹង​ទៅ​ព្រះរាជអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​។​
លោក​យឹម សុវណ្ណ ឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុម​មេធាវី​បាន​រកឃើញ​នូវ​ភស្តុតាង​មួយចំនួន រួមមាន ជា​ខ្សែ​វីដេអូ រូបថត និង​សំឡេង​ជាដើម ដែល​ទាក់ទង​ទៅ​នឹង​ការបង្ក្រាប ឬ​ការប្រើប្រាស់​អាវុធ​របស់​អាជ្ញាធរ​កម្ពុជា​ទៅលើ​ប្រជាពលរដ្ឋ​។
ទាក់ទង​នឹង​ករណី​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​បាត់ដំបង លោក ឈាង វុន ក៏​ធ្លាប់បាន​ព្រមាន​តប​វិញ​ដែរ​ថា រាជ​រដ្ឋាភិ​បាល ក៏​​​មាន​ភស្តុតាង ជា​ឯកសារ រូបភាព និង​វីដេអូ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទេ ដែលជា​អ្នក​បង្កចលាចល និង​ញុះញង់​ឲ្យមាន​ហិង្សា និង​ឧក្រិដ្ឋកម្ម​កើតឡើង​។​
គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​​មេធាវី​អន្តរ​ជាតិ​មួយក្រុម ដឹកនាំ​ដោយ​លោក Richard J Rogers ដែល​មាន​ជំនាញ​ផ្នែក​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​សិទ្ធិមនុស្ស ធ្វើការ​ស្រាវជ្រាវ និង​វាយតម្លៃ​ទៅ​ភស្តុតាង ក៏​ដូច​ជា​ឯកសារ​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រវាង​ក្រុម​កម្មករ​ដែល​ មកពី​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​ មួយខែ បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ ជិត​៤០​នាក់​រងរបួស និង​កម្មករ​១៣​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​។ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ករណីនេះ ជា​បទឧក្រិដ្ឋ ហើយ​គ្រោង​ប្តឹងទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​មាន​ទីតាំង​នៅ​ក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​៕