នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រុក​កំចាយមារ​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​បាញ់​សម្លាប់

1/30/2014 0 Comments A+ a-

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រចាំ​ការ​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ម្នាក់ បាន​ស្លាប់​នៅ​ទីស្នាក់ការ​ប៉ូលិស​នា​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ទី​២៨ មករា។ អធិការ​រង​ស្រុក​បញ្ជាក់​ថា ការ​ស្លាប់​នេះ គឺ​ជន​ដៃ​ដល់​ជា​មន្ត្រី​ប៉ូលិស​បម្រើ​ការ​នៅ​អង្គភាព​ជាមួយ​គ្នា​បាន​បាញ់​ សម្លាប់ ខណៈ​ដែល​នាយ​ប៉ុស្តិ៍​ទៅ​ហាម​ឃាត់​ជន​បង្ក​ក្នុង​ទំនាស់​ជាមួយ​មន្ត្រី​ ប៉ូលិស​នោះ។
នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គ្រញូង ឈ្មោះ លោក ចាន់ សារ៉ាត់ ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន ៤​គ្រាប់ ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ជន​សង្ស័យ​ជា​អ្នក​ដៃ​ដល់​ក្នុង​ករណី​បាញ់​សម្លាប់​នោះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា ជា​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​របស់​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​នោះ។
អធិការ​រង​ស្រុក​កំចាយមារ លោក អ៊ុយ នឿន មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ មករា ថា ឃាតក​ដែល​បាញ់​សម្លាប់​នាយ​ប៉ុស្តិ៍​គ្រញូង នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ គឺ​លោក ផុន ប៊ុនធឿន អាយុ ៤៤​ឆ្នាំ ហើយ​ជា​មន្ត្រី​ប៉ូលិស​បម្រើ​ការ​ក្នុង​អង្គភាព​ជាមួយ​ជន​រងគ្រោះ​តែ​ម្ដង។ លោក អ៊ុយ នឿន បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ គឺ​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មករា វេលា​ម៉ោង​ប្រមាណ​ជា ២​រំលង​អាធ្រាត្រ គ្រា​នោះ មន្ត្រី​ប៉ូលិស​មាន​គ្នា​ប្រមាណ ៣​នាក់ រួម​ទាំង​នាយ​ប៉ុស្តិ៍​ផង បន្ទាប់​ពី​ត្រឡប់​ចល័ត​តាម​ភូមិ​វិញ ស្រាប់​តែ​មន្ត្រី​ប៉ូលិស ឈ្មោះ លោក ផុន ប៊ុនធឿន កើត​មាន​ទំនាស់​គ្នា​ជាមួយ​មន្ត្រី​ក្នុង​អង្គភាព​មួយ​រូប​ផ្សេង​ទៀត។
លោក​ថា គ្រា​នោះ​នាយ​ប៉ុស្តិ៍​បាន​ហាម​អ្នក​ទាំង​២ ឲ្យ​ឈប់​បង្ក​ទំនាស់​គ្នា។ បញ្ហា​នេះ ធ្វើ​ឲ្យ លោក ផុន ប៊ុនធឿន ជា​ជន​ដៃ​ដល់​ខឹង​សម្បា ហើយ​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​បាញ់​នាយ​ប៉ុស្តិ៍​ឲ្យ​ស្លាប់​នៅ​កន្លែង​តែ​ ម្ដង៖ «មន្ត្រី​ហ្នឹង​ទៅ​ចល័ត​ជា​មួយ​មេ​ប៉ុស្តិ៍​ទាំងអស់​គ្នា​ហ្នឹង ដល់​ត្រឡប់​មក​វិញ​ដូច​ថា គេ​មាន​ទំនាស់​ពាក្យ​សម្ដី​បន្តិច​បន្តួច​នៅ​កន្លែង​ប៉ុស្តិ៍។ ទំនាស់​បន្តិច​បន្តួច​ហ្នឹង​ហើយ មេ​ប៉ុស្តិ៍​ហ្នឹង​ក៏​បាន​និយាយ​ថា អញ​មេ​អា​ឯង ក៏​និយាយ​អា​ឯង​មិន​ស្ដាប់ ប៉ុណ្ណឹង។ ដល់​នេះ​ថា បើ​អា​ឯង​មិន​ស្ដាប់​ទេ អញ​តេ​ទូរស័ព្ទ​រាយការណ៍​ជូន​អធិការ ដល់​អ៊ីចឹង មេ​ប៉ុស្តិ៍​ហ្នឹង​ក៏​បាន​យក​ទូរស័ព្ទ​ហ្នឹង​តេ​រាយការណ៍​មក​អធិការ​ហ្នឹង និយាយ​បាន​ពីរ​បី​ម៉ាត់ ស្រាប់​តែ​ជន​សង្ស័យ​ក៏​បាន​បាញ់​តែ​ម្ដង»
តែ​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បែរ​ខាង​របស់​ប៉ុស្តិ៍​ប៉ូលិស លោក យឹម រុន ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ ប៉ូលិស​ទាំង ៣​នាក់ បាន​ចេញ​ទៅ​ផឹក​ស៊ី​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស ពេល​ត្រឡប់​មក​វិញ​ស្រវឹង​ស្រឿងៗ ក៏​កើត​រឿង​ឈ្លោះ​បាញ់​សម្លាប់​គ្នា​យ៉ាង​ដូច្នេះ៖ «អ្នក ៣​នាក់​ហ្នឹង ទៅ​កន្លែង​ខារ៉ាអូខេ គេ​បែប​ទៅ​ហូប​ចុក​នៅ​ហ្នឹង មក​វិញ។ ម៉ោង ២​ហ្នឹង មក​វិញ ដល់​មក​វិញ​ប្រកែក​គ្នា ២​នាក់​ហ្នឹង ឈ្លោះ​គ្នា ដេត ហើយ ធឿន ហ្នឹង បាទ ដេត និង ធឿន ឈ្លោះ​គ្នា ហើយ ចាន់ រ៉ាត់ ហ្នឹង គេ​ឃាត់។ គេ​ថា​កុំ​ឈ្លោះ​គ្នា​អី​អ៊ីចឹង អ្នក​ធ្វើ​ការ ដល់​នេះ​ទៅ ស្រាប់​តែ​ប្រតប់ប្រតាយ​គ្នា អា ២​នាក់​ហ្នឹង​ទៅ​ទាញ​កាំភ្លើង​ទៅ​បាញ់​រ៉ាត់​តែ​ម្ដង»
ជន​រងគ្រោះ​ឈ្មោះ លោក ចាន់ សារ៉ាន់ អាយុ ៤៣​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រញូង នៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ លោក ចាន់ សារ៉ាន់ ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន ៤​គ្រាប់ គឺ​ចំ​ក្បាល ចំ​ដើម​ទ្រូង​ខាង​ឆ្វេង ចំ​ដៃ​ឆ្វេង និង​មួយ​គ្រាប់​ទៀត​ត្រូវ​ក្បាល​ជង្គង់​ខាង​ឆ្វេង បណ្ដាល​ឲ្យ​នាយ​ប៉ុស្តិ៍​រូប​នេះ​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ស្នាក់​ការ​ ប៉ុស្តិ៍​ប៉ូលិស​តែ​ម្ដង។
បច្ចុប្បន្ន សព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​នៃ​សព​នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ ព្រះពុទ្ធ​សាសនា នៅ​ភូមិ​កណ្ដាល នៃ​ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។ រីឯ​ជន​សង្ស័យ​នៃ​ការ​បាញ់​សម្លាប់​ជន​រងគ្រោះ​ភ្លាម​នោះ ក៏​បាន​រត់​គេច​ខ្លួន​បាត់។
អធិការ​រង​ស្រុក​កំចាយមារ ដាក់​ការ​សន្និដ្ឋាន​ថា ជន​ដៃ​ដល់​អាច​រត់​ទៅ​គេច​ខ្លួន​តាម​ជាយ​ដែន​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា ដើម្បី​រក​ផ្លូវ​បន្ត​ចេញ​ទៅ​ប្រទេស​ថៃ ព្រោះ​កន្លង​មក ជន​សង្ស័យ​ធ្លាប់​បាន​ចេញ​ចូល​ទៅ​ប្រទេស​ថៃ ញឹកញាប់៕
ប្រភពពី វិទ្យុអាស៊ីសេរី