ពលរដ្ឋ​មាន​បញ្ហា​ដី​នៅ​ឧត្ដរមានជ័យ​ រក​អន្តរាគមន៍​ពី​សហគមន៍​អឺរ៉ុប

1/30/2014 0 Comments A+ a-

តំណាង​សភា​នៃ​​​សហគមន៍​អឺរ៉ុប​ជិត ១០​រូប កំពុង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​​ទទួល​រង​ការ​បណ្ដេញ​ចេញ​ ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​ឧត្តរមានជ័យ ពេញ​មួយ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា។
តំណាង​សភា​អឺរ៉ុប​ទាំង​នោះ​កំពុង​តែ​​​ចង់​ដឹង​អំពី​ស្ថានភាព និង​ការ​លំបាក​ផ្សេងៗ​របស់​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គេ​បណ្ដេញ​ចេញ​ពី​ លំនៅឋាន​ដោយ​គ្មាន​សំណង និង​គ្មាន​ដី​ធ្លី​ធ្វើ​កសិកម្ម តើ​ស្ថិត​នៅ​ក្នុង​ជីវភាព​កម្រិត​ណា?

ប្រជាពលរដ្ឋ​ច្រើន​​រយ​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​មក​ពី​ភូមិ​ចំនួន ៤ នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ប្រឹងប្រែង​ស្កាត់​​​ជួប​តំណាង​សភា​សហគមន៍​អឺរ៉ុប ដើម្បី​​​បង្ហាញ​ពី​ទុក្ខ​កង្វល់​នានា ព្រម​ទាំង​ត្រូវ​ការ​ឱ្យ​​ជួយ​បញ្ជូន​ព័ត៌មាន​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​​នោះ ក្នុង​បំណង​​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ត្រូវ​ ការ​យុត្តិធម៌​ក្នុង​រឿង​បាត់បង់​ដីធ្លី។
ការ​ស្កាត់​ជួប​នេះ នៅ​ស្រប​ពេល​ដែល​តំណាង​សភា​នៃ​សហគមន៍​អឺរ៉ុប​ជា​ច្រើន​រូប បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ជន​បាត់បង់​ផ្ទះសំបែង និង​ដី​ស្រែ​ចំការ​នៅ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន​ក្នុង​ក្រុង​សំរោង។ គណៈកម្មការ​នៃ​សហគមន៍​ព្រៃ​ឈើ ​រតនៈ រុក្ខា គឺ​លោក សូន សន។ លោក​បាន​មាន​ប្រសាសន៍​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តាម​បណ្ដា​ភូមិ​នៃ​សង្កាត់​កូនក្រៀល បាន​លើក​គ្នា​ស្កាត់​ជួប​តំណាង​​សភា​នៃ​សហគមន៍​អឺរ៉ុប។ លោក សួន សន ​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​ស្កាត់​ជួប​​តំណាង​សភា​អឺរ៉ុប​នោះ ​គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​ទទួល​រង​ការ​ប៉ះពាល់ ដោយសារ​​ រដ្ឋាភិបាល​ខ្មែរ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។
លោក សួន សន៖ «បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ឃើញ​សហគមន៍​អឺរ៉ុប​មក​ ហ្នឹង គាត់​ក៏​ឆក់​ឱកាស ​ហ្នឹង​ចង់​បង្ហាញ​ពី​ទុក្ខ​កង្វល់​ខ្លះៗ ទាក់ទង​ពី​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន ដែល​ប៉ះពាល់​ដី​របស់​គាត់ ហើយ​គាត់​ចង់​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដក​ដី​ពី​ក្រុមហ៊ុន​មក​ឱ្យ​ ប្រជាពលរដ្ឋ​វិញ»
លោក សួន សន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅ​ពី​ប្រជាពលរដ្ឋ​ស្កាត់​ចង់​ជួប​តំណាង​សភា​នៃ​សហគមន៍​អឺរ៉ុប​នោះ គឺ​សហគមន៍​ព្រៃឈើ​របស់​លោក​ក៏​មាន​កង្វល់​មួយ​ចំនួន​ចង់​ថ្លែង​ប្រាប់​ដែរ។ កង្វល់​ទាំង​នោះ ដូចជា​ក្តី​​ព្រួយ​បារម្ភ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ច្រើន​ ឡើងៗ ហើយ​សហគមន៍​គ្មាន​មូលនិធិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​សកម្មភាព​ការពារ​​​ ជាដើម៖ «សហគមន៍​ព្រៃ​ឈើ ខ្ញុំ​ចាំ​មើល​គាត់​មក​ដល់ បើ​ថា​មាន​ឱកាស​ហ្នឹង ខ្ញុំ​សំណូមពរ​អី​មួយ​ចំ​នួន​ហើយ»
​នៅ​ក្នុង​ដំណើរ​មក​ដល់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ​ក្រុម​តំណាង​សភា​សហគមន៍​អឺរ៉ុប​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​​អតីត អ្នក​ភូមិ​អូរបាត់មាន់ ជាង ២០០​គ្រួសារ ដែល​អាជ្ញាធរ​បាន​​បណ្ដេញ​ចេញ និង​រុះរើ​ផ្ទះសំបែង​កាល​ពី ៤​ឆ្នាំ​មុន ដោយសារ​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ (Angkor Sugar) ដាំ​អំពៅ​ផលិត​ជា​ស្ករ។
បុរស​ម្នាក់​ក្នុង​ចំណោម​អតីត​អ្នក​ភូមិ​អូរបាត់មាន់ គឺ​លោក សឹង វណ្ណា បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​បាន​លើក​គ្នា​ទៅ​អង្គុយ​លើ​​ដី​ទំនេរ​ ក្រោម​ម្លប់​ឈើ​មួយ​កន្លែង ដើម្បី​​រង់ចាំ​ជួប​ តំណាង​សភា​អឺរ៉ុប​ទាំង​នោះ។ បុរស​ដដែល​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ជា​ច្រើន​ដែល​ធ្លាប់​ទទួល​រង​ការ​បណ្ដេញ​ចេញ ហើយ​មិន​បាន​សំណង​អ្វី​ទាល់តែ​​បាន​បង្ហាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគេ​ជា​ច្រើន។
លោក សឹង វណ្ណា៖ «គេ​មក​ធ្វើ​សម្ភាសន៍​ម្ដង​ម្នាក់ៗ​អ៊ីចឹង គេ​រក​ឯកសារ​យើង​បាន​ផ្ដល់​ឱ្យ​គេ ហើយ​យើង​ស្នើ​សុំ​ឱ្យ​គេ​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ​ហើយ​ឱ្យ​ គេ​ជួយ​អន្តរាគមន៍​លើ​ការ​ដោះស្រាយ​សំណង ដែល​ធ្វើ​ផ្ទះ​ធ្វើ​អី​ហើយ តែ​ត្រូវ​គេ​ឈូស​ចោល​នោះ»
ក្រុម​អ្នក​ភូមិ​ជា​ច្រើន​រយ​នាក់​ដែល​ខំ​ស្កាត់​ជួប​តំណាង​សភា​អឺរ៉ុប​ នោះ បាន​បង្ហាញ​សេចក្ដី​​សង្ឃឹម​ទៅ​លើ​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ពួកគេ​ពេល​នេះ ថា​គឺ​ជា​ការ​​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​យ៉ាង​ខ្លាំង។ អ្នក​ភូមិ​ខ្លះ​បាន​និយាយ​ថា ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​រង​ការ​បណ្ដេញ​​ចេញ ​នេះ បើ​ទោះ​បី​ជា​តំណាង​សភា​អឺរ៉ុប ​មិន​អាច​ជួយ​បាន​តាម​​សេចក្ដី​ត្រូវ​ការ​​ទាំង​អស់​ក៏ដោយ ក៏​គេ​រំពឹង​ថា វា​អាច​មាន​សង្ឃឹម​ច្រើន​ជាង​អ្វី​ដែល​អ្នក​ភូមិ​ធ្លាប់​ទាមទារ​ដោយ​​ខ្លួន​ ឯង​កន្លង​ទៅ ដោយ​មិន​ទទួល​លទ្ធផល​អ្វី​ទាល់តែ​សោះ។
អ្នក​ភូមិ៖ «យើង​មិន​អាច​សង្ឃឹម​ថា​បាន ១០០% ទេ ក៏​ប៉ុន្តែ​យើង​អាច​សង្ឃឹម​បាន ៥០-​៦០% ដែរ ព្រោះ​គេ​ខំ​ចុះ​មក​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​មក​ថត​ផ្ទាល់ ហើយ​ទោះ​យ៉ាង​ណា គេ​ច្បាប់ ដឹង​ច្បាប់ អត់​ដូច​ស្រុក​ខ្មែរ ស្រុក​យើង​ទេ»
ពេញ​១​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ក្រុម​តំណាង​សភា​អឺរ៉ុប​មាន​គម្រោង​នឹង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ចំនួន ៤ នៃ​ក្រុង​សំរោង គឺ​នៅ​ភូមិ​អូរបាត់មាន់ ភូមិ​បូស ភូមិ​បាក់នឹម និង​ភូមិ​គោកភ្លុក។
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឱ្យ​ដឹង ​ថា ដំណើរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ពី ​លំនៅឋាន​នោះ គឺ​អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​ប៉ូលិស​មួយ​ចំនួន​ដើម្បី​តា​មឃ្លាំ​មើល។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ ខ្មែរ​របស់​តំណាង​សភា​សហគមន៍​អឺរ៉ុប​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។ ចំណែក​អភិបាល​ក្រុង​សំរោង លោក ថុន ណុល បាន​ព្យាយាម​មិន​​អធិប្បាយ​បញ្ហា​ទាំង​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា ការ​ឆ្លើយឆ្លង​គ្នា​តាម​ទូរស័ព្ទ គឺ​ស្ដាប់​មិន​ច្បាស់។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​ជួប​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​តំណាង​សភា​អឺរ៉ុប​ទាំង​នោះ បាន​លើក​​ទឹក​ចិត្ត​ឱ្យ​​អ្នក​ភូមិ​ខ្មែរ​ចេះ​ប្រមូល​ផ្ដុំ​គ្នា និង​ខិតខំ​តស៊ូ​មតិ​ជុំវិញ​បញ្ហា​ទាមទារ​ដីធ្លី​ ពីព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់។
លោក ស្រី ណារ៉េន បាន​បញ្ជាក់​ទៀត​ថា តំណាង​សភា​អឺរ៉ុប​ទាំង​នោះ បាន​សន្យា​ថា គេ​នឹង​មិន​ព្រងើយកន្តើយ​ចំពោះ​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ នោះ​ទេ បើ​ទោះ​​បី​​ជា​ពួកគេ​ចាក​ចេញ​ទៅ​វិញ​ក៏ដោយ​ គឺ​ត្រូវតែ​ធ្វើ​របាយការណ៍​ជុំវិញ​រឿង​នោះ​ដាក់​ទៅ​សភា​អឺរ៉ុប ឱ្យ​បាន​លឿន​បំផុត ដើម្បី​ឱ្យ​​ឆាប់​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។
លោក ស្រី ណារ៉េន បាន​ឱ្យ​ដឹង​ថា រូប​លោក​ផ្ទាល់​ក៏​​បាន​កសាង​ឯកសារ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ ដីធ្លី​នានា នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​ហើយ​លោក​ក៏​មាន​គម្រោង​ប្រគល់​​ឯកសារ​ទាំង​នោះ​ទៅ​តំណាង​សភា​អឺរ៉ុប​ដែរ៖ «ខ្ញុំ ​នឹង​ព្យាយាម​ជួប​គាត់ ហើយ​នឹង​បង្ហាញ​ពី​អ្វី​ដែល​ខ្ញុំ​តាម​ដាន​តាំង​ពី​បង្កើត​ក្រុមហ៊ុន​ដំបូង​ មក។ ការ​តស៊ូ​របស់​ខ្ញុំ ហើយ​ផលិតផល​ទាំង​អស់​ដែល​ខ្ញុំ​កសាង​មក គឺ​សំដែង​អរគុណ​ណាស់​ចំពោះ​​ព័ត៌មាន​ដែល​ធ្លាយ​ទៅ​ដល់​អឺរ៉ុប ហើយ​ឥឡូវ​អឺរ៉ុប​គាត់​ចុះ​មក​ធ្វើ​ការ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ»
លោក ស្រី ណារ៉េន បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​​បាន​ជួប​ជាមួយ​អតីត​អ្នក​ភូមិ​អូរបាត់មាន់ មក គឺ​នៅ​មុន​ពេល​ចាក​ចេញ​ទៅ តំណាង​​សភា​អឺរ៉ុប​បាន​ផ្ដែផ្ដាំ​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ​កុំ​ឱ្យ​​​អស់​ សង្ឃឹម បើ​ទោះ​បី​ជា​ កំពុង​ទទួល​រង​ទុក្ខ​វេទនា​ដោយសារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ក៏ដោយ៕
ប្រភពពី វិទ្យុអាស៊ីសេរី