មេធាវី​លោក វន់ ពៅ បឹ្តង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍

1/16/2014 0 Comments A+ a-

ភ្នំពេញៈ លោក វន់ ពៅ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នៅ​ខណៈ​ជាប់​ឃុំ​បណ្តោះ​អាសន្ន ​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត កំពង់ចាម ត្រូវ​បាន​មេធាវី​លោក​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្ដឹង​ជំទាស់​ទៅ​ នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​បដិសេធ​ការ​ស្នើ​ សុំ​នៅ​ក្រៅ​ឃុំ​កូន​ក្តី​របស់​ខ្លួន។
លោក​ស្រី សាន សុគន្ធា មេធាវី​ការពារ​ក្តី​ឲ្យ​លោក វន់ ពៅ ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្តឹង​ទាស់​ទៅ​នឹង​ការ​ បដិសេធ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ ទី១៤ ខែ មករា ដោយ​សារ​តែ​សុខភាព​កូន​ក្ដី​អ្នក​ស្រី​កំពុង​ចុះ​ខ្សោយ។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «គាត់​មាន​ជំងឺ​ស្រាប់ តែ​នៅ​ពេល​ដែល​ចាប់​គាត់​ត្រូវ​បាន​គេ​វាយ​បន្ថែម​ទៀត ដូច្នេះ​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ»។
អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ការ​ស្នើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​ កូន​ក្តី​អ្នក​ស្រី​ដោយ​សំអាង​ថា​រឿង​នេះ​តុលាការ​កំពុង​ចាប់ផ្តើម​ស៊ើប​ អង្កេត​តុលាការ​មិន​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ទេ។
អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​របស់​លោក វន់ ពៅ ដែល​ទើប​តែ​ចេញ​ពី​សួរ​សុខ​ទុក្ខ​ស្វាមី​របស់​អ្នក​ស្រី​ថ្លែង​ឲ្យ​ដឹង​ថា ស្ថានភាព​ប្តី​របស់​អ្នក​ស្រី​កំពុង​តែ​ចុះ​ខ្សោយ​ដោយសារ​តែ​គាត់​មាន ជំងឺ​ប្រចាំ​កាយ​ស្រាប់​មុន​ថ្ងៃ​ដែល​គេ​ឃាត់​ខ្លួន។ អ្នក​ស្រី​ថា៖ «ប្តី​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចុក​ខ្លាំង​ណាស់ ពេល​យប់​គាត់​សម្រាក​មិន​បាន​គាត់​ថា ប្រហែល​ជា​គ្រាំ​ក្នុង​ដោយ​សារ​តែ​គេ​ទាត់»។
អ្នក​ស្រី​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ប្តី​អ្នក​ស្រី​ត្រូវ​ណាត់​ជួប​ពេទ្យ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​សុខភាព ​ដែល​ត្រូវ​វះ​នៅ​ថ្ងៃ ទី១៨ ខែ កុម្ភៈ ខាង​មុខ​នេះ ហើយ​អ្វី​ដែល​អ្នក​ស្រី​ឈឺ​ចាប់​បំផុត​គឺ​ប្តី​អ្នក​ស្រី​មិន​មាន​ទោស​សោះ ត្រូវ​បាន​គេ​វាយ​ដាក់​គុក ហើយ​គ្រាន់​តែ​សុំ​នៅ​ក្រៅ​ឃុំ​គេ​បដិសេធ​ទៀត។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «ប្រសិន​បើ​មាន​រឿង​អី​កើត​ឡើង​ចំពោះ​ប្តី​របស់​ខ្ញុំ ខ្ញុំ​នឹង​ប្តឹង​រដ្ឋាភិបាល​ឲ្យ​ទទួល​ខុស​ត្រូវ ពីព្រោះ​គាត់​មិន​អនុញ្ញាត​ឲ្យ​ប្តី​របស់​ខ្ញុំ​នៅ​ក្រៅ​ឃុំ​ដើម្បី​ថែរក្សា ​សុខភាព»។
អ្នក​ស្រី​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​មន្ត្រី​ពន្ធនាគារ​តឹង​រ៉ឹង​ក្នុង​ការ​ឲ្យ​ពេទ្យ​អង្គការ​ ចូល​ទៅ​ពិនិត្យ​សុខភាព​របស់​គាត់​ដោយ​គេ​សំអាង​ថា​មាន​ពេទ្យ​នៅ​ក្នុង​ ពន្ធនាគារ ប៉ុន្តែ​ពេទ្យ​នោះ​ពុំ​មាន​ថ្នាំ​គ្រប់​គ្រាន់​ទេ។
អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ចង់​សុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​មេត្តា​អនុញ្ញាត​ឲ្យ​ពេទ្យ​អង្គការ​ ចូល​ពិនិត្យ​ប្តី​របស់​ខ្ញុំ​និង​កម្មករ​ផ្សេង​ទៀត​រៀង​រាល់​ថ្ងៃ។ សូម្បី​តែ​ពួក​មេ​ខ្មែរ​ក្រហម​សម្លាប់​ប្រជាជន​រង្គាល​ពេល​ចាប់​ដាក់​គុក​ក៏ ​គេ​មាន​ពេទ្យ​ថែទាំ​ដែរ»។
លោក វន់ ពៅ ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម ២៣ នាក់ ដែល​កង​កម្លាំង​កងទ័ព​ឆត្រ​យោង ៩១១ ចាប់​ខ្លួន កាល​ពី​ថ្ងៃ ទី២ ខែ មករា នៅ​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០ ដុល្លារ។ លោក​និង​កម្មករ​២២នាក់ ផ្សេង​ទៀត​ជាប់​ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ហើយ​អ្នក​ទាំង​អស់​គ្នា​កំពុង​ ជាប់​ឃុំ​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង។
លោក ជា វណ្ណា ប្រធាន​មណ្ឌល​កែប្រែ ទី៣ ពុំ​អាច​ទាក់​ទង​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ។
នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព ពីថ្ងៃ​ម្សិលមិញ អស់​រយៈ​ពេល ៣ ម៉ោង និង ៣០ នាទី លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​បាន​លើក​ពី​បញ្ហា​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​កន្លង​ទៅ នៅ​ពេល​ផ្ទុះ​ហិង្សា​កាល​ពី​ថ្ងៃ ទី២ និង ទី៣ ខែ មករា ដូចជា បញ្ហា​សុខភាព បញ្ហា​សួរ​សុខ​ទុក្ខ និង​ការ​សុំ​នៅ​ក្រៅ​ឃុំ។
លោក ជុំ កុសល ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី បាន​បង្ហោះ​នៅ​លើ ហ្វេសប៊ុក របស់​ខ្លួន​បន្ទាប់​ពី​ជំនួប​ថា ក្នុង​រយ: ពេល ៣ ម៉ោង​នៃ​ជំនួប​នេះ ដោយ​រិះគន់​លោក ស៊ូប៊ែរឌី ថា «បាន​ភ្លឺ​ភ្នែក​ច្រើន​ណាស់​ស្តី​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ផ្តោត​លើ​ បញ្ហា​សិទ្ធិ​មនុស្ស ពិសេស​ស្ថានការណ៍​ពិត​នា​បច្ចុប្បន្ន​ផ្ទុយ​ពី​ស្ថានការណ៍​ដែល​មាន​ក្នុង​ របាយ​ការណ៍»។ លោក​សង្ឃឹម​ថា លោក ស៊ូប៊ែរឌី នឹង​មាន​សុភវិនិច្ឆយ​និង​ឈរ​លើ​គោល​ការណ៍​អព្យាក្រឹត​ស្តីពី​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍