ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ បបួល​កូនប្រុស​ទាំង​២​ជា​ឧត្តមសេនីយ៍​ យោធា​ឲ្យ​ចូលរួម​ ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ តែ​វាយ​មិន​បែក​អំពើ​ ពុក​រលួយ​នៅ​កម្ពុជា

12/08/2013 0 Comments A+ a-

Om-Yintiengក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​នោះ​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ បាន​បបួល​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ចំនួន​២​នាក់​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ឲ្យ​ជួយ​ការងារ​ឪពុក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ គឺ​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ និង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ។​
​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ បាន​តែងតាំង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ត្រូវជា​កូនបង្កើត​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៧០២​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​ ឲ្យ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​តែ​ម្តង​ ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​
​ដោយឡែក​ ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​ ត្រូវ​បាន​តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋាន​នៈ​ស្មើ​អគ្គនាយក​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ បាន​លើក​ឡើង​ថា​ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាំង​ពីលើ​ដល់​ក្រោម​ និង​មាន​រយៈពេល​ដុះ​ស្លែ​ ព្រមទាំង​មាន​កម្រាស់​ដុះ​ស្នឹម​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ ។​ ដូច្នេះ​ ទោះ​បីឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បបួល​កូនប្រុស​បង្កើត​ទាំង​២​ជា​នាយទាហាន​ពាក់​ផ្កាយ​២​ឲ្យ​មក​ជួយ​ឯកឧត្តម​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដោយ​ ក៏​មិន​អាច​វាយ​បំបែក​ជញ្ជាំង​នៃ​អំពើ​ពុក​រលួយ​ដ៏​ក្រាស់ឃ្មឹក​នៅ​កម្ពុជា​បាន​ដែរ​ និងបើបានក៏បានត្រឹមកម្រិតចាត់ការ អំពើពុករលួយរបស់មន្ត្រីថ្នាក់តូចតាច កំប៉ិកកំប៉ុកប៉ុណ្ណោះ ដ្បិត​អំពើ​ពុក​រលួយ​វា​បាន​ក្លាយទៅជា​មុខរបរ​ដ៏​កាក់កប​របស់​មន្ត្រីរាជការ​ថ្នាក់​កំពូលៗ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​រួច​ទៅ​ហើយ​ ។​
​យោង​តាម​សេចក្តីសម្រេច​លេខ​៥៨/៤​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០០៣​ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ធ្វើ​ជា​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៥០​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១០​ ដែល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​ចំនួន​២​លើក​រួច​មក​ហើយ​ ក្នុង​គោលបំណង​ ៖​ -​ចូលរួម​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ -​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង​ ពង្រឹង​អភិបាលកិច្ច​ និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​រដ្ឋ​ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ​ និង​យុត្តិធម៌​ ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។​ -​បង្កើន​ការ​គាំទ្រ​ពី​មហាជន​ និង​លើកកម្ពស់​ស្មារតី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ -​កសាង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ។​ -​អប់រំ​ ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​អំពើ​ពុក​រលួយ​ ។​
​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​៣​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​របស់​សម្តេច​ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ថា​ “​ឲ្យ​គ្រប់​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​លុប​បំបាត់​នូវ​ការ​ទារ​លុយកាក់​ក្រៅច្បាប់​ឲ្យ​បានជា​ដាច់ខាត​ ។​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​គ្មាន​ងាករេ​ ដើម្បី​គាស់​រំលើង​យក​ចេញ​នូវ​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ ដល់​ដំណើរ​សេដ្ឋកិច្ច​ ដល់​កិច្ច​ប្រឹងប្រែង​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ដល់​យុត្តិធម៌​សង្គម​ ។​ សម្តេច​នឹង​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រតិបត្តិ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ ។​…”​ ។​
​ឥឡូវ​ យើង​ទាំងអស់​គ្នា​ត្រូវ​រង់ចាំ​តាមដាន​មើល​ តើ​ការ​ប្តេជ្ញា​ចិត្ត​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​នឹង​ក្លាយទៅជា​ការ​ពិត​ដែរ​ឬទេ​ ទាក់ទង​នឹង​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​?​ ៕​
23
Om-Yintieng
ប្រភពពី DTN7