តើ​អ្វី​ដែល​ជា​មោទនភាព​ជាតិ​ខ្មែរ​ឲ្យ​ពិត​ប្រាកដ?

12/31/2013 0 Comments A+ a-

មួយ​ថ្ងៃៗ​ឮ​និង​ឃើញ​តែ​ពាក្យ​ថា «មោទនភាព​ជាតិ​ខ្មែរ» ដែល​មាន​តាំង​ពី​នៅ​តាម​សុន្ទរកថា​របស់​ថ្នាក់​ដឹក​នាំ​នានា នៅ​លើ​កញ្ចក់​ទូរទស្សន៍ សារព័ត៌មាន​នានា មាន​នៅ​ក្នុង​បទ​ចម្រៀង​បេះដូង​ខ្មែរ នៅ​តាម​តន្ត្រី​កម្សាន្ត​នានា រហូត​ដល់​នៅ​លើ​សម្បក​កំប៉ុង​ស្រាបៀរ។ តើ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​មាន​អ្វី​ដែល​ជា​មោទនភាព​ឲ្យ​ប្រាកដ​នោះ​បាន​ជា ​ចេះ​តែ​នាំ​គ្នា​ស្រែក​តៗ​គ្នា​បែប​នេះ?
ពាក្យ​នេះ​ក៏​ប្រែ​ក្លាយ​មក​ពី ស្លាក​ផ្ទាំង​អក្សរ​ធំៗ​មួយ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​សរសេរ​ថា៖ «ខ្ញុំ​មាន​មោទនភាព​កើត​មក​ជា​ខ្មែរ» ដែល​ជន​បរទេស ឡើង​មក​លេង​តួ​ប្រាសាទ តែង​តែ​ខ្សឹប​ខ្សៀវ​ដាក់​គ្នា​ថា អ៊ីចឹង​មាន​មោទនភាព​តែ​ជនជាតិ​ខ្មែរ​ទេ ចុះ​គាត់​បរទេស​មិន​មាន​មោទនភាព​ទេ​ចុះ? ពួក​គេ​សួរ​គ្នា​ថា តើ​ឃ្លា​នោះ​មាន​ន័យ​ថា​យ៉ាង​ម៉េច? តើ​កម្ពុជា មាន​អ្វី​ដែល​ជា​មោទនភាព​ច្បាស់​លាស់​នោះ? បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​អង្គការ​យូណេស្កូ សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថៃ្ង ទី៧ ខែ កក្កដា ឆ្នាំ ២០០៨ មក​រាជ​រដ្ឋាភិបាល​ក៏​បាន​យក​ពាក្យ​មោទនភាព​ជាតិ​ខ្មែរ​មក​ប្រើ ហើយ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រគំ​តន្ត្រី​ធំៗ ក៏​ខំ​បំប៉ោង​ឡើង​ថែម​ទៀត​ទៅ បាន​ជា​ហោះ​មក​ដល់​សម្បក​កំប៉ុង​ស្រាបៀរ​ក៏​មាន​មោនទនភាព​ជាតិ​ខ្មែរ ដែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ មិន​មែន​ជា​ទី​មោទនភាព​ជាតិ​ខ្មែរ​ទេ ព្រោះ​ខ្មែរ និង​ខ្មែរ​ឈ្លោះ​គ្នា​ឯង តែ​មោទនភាព​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​បាន​កន្លង​មក បើ​ទោះ​បី​ជា​របស់​នោះ​មួយ​ចំនួន​ធំ ជា​របស់​ជំនួយ ឬ​ក៏​កម្ចី​ពី​បរទេស​ក្តី ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន អគារ​សាលារៀន និង​មន្ទីរពេទ្យ ក្រៅ​ពី​នោះ​មាន​អ្វី​ទៀត​ដែល​ជា​មោទនភាព​ជាតិ​ខ្មែរ? គ្រាន់​តែ​របស់​របរ​កេរមរតក​សល់​ពី​ដូនតា​កន្លង​មក ក៏​ថែ​ទាំ​មិន​ឲ្យ​ស្រួល​បួល​ផង គឺ​ដឹង​តែ​ពី​កេង​ប្រវ័ញ្ច​ពី​ដូន​តា​ទៅ​វិញ។
បើ​និយាយ​ផ្លូវ​វិញ ធ្វើ​ដល់​កន្លែង​ណា គឺ​អស់​ព្រៃ​ឈើ​នៅ​ទី​នោះ​ដែរ ហើយ​ក៏​មាន​តំណាង​រាស្រ្ត​ខ្លះ បាន​លើក​ហេតុ​ផល​យ៉ាង​ទំនង​ដោយ​ឥត​អៀន​ខ្មាស​ថា កាប់​ព្រៃឈើ​លក់​ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ តើ​កំណើន​សេដ្ឋកិច្ច​បែប​បំផ្លាញ​បរិស្ថាន​យ៉ាង​នេះ ជា​មោទនភាព​ជាតិ​ខ្មែរ​ឬ? បើ​ទោះ​បី​ជា​កំណើន​សេដ្ឋកិច្ច​ចន្លោះ ៧-៨ ភាគរយ​រាល់​ឆ្នាំ​ក៏​នៅ​តែ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ទទួល​ផល​ពី​កំណើន​នោះ ដូចជា​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ និង​កម្មករ​តិច​តួច មិន​ទាន់​រត់​តាម​ទាន់​នូវ​ទំនិញ​ទីផ្សារ​នៅ​ឡើយ​ទេ ពួក​គាត់​ខំ​ប្រឹង​ចាយ​ត្បិត​ត្បៀត​ណាស់ ដើម្បី​រស់​ទាំង​ត្រដរ​ខ្យល់។ បើ​ទោះ​បី​ជា តាម​រយៈ​ការ​ចេញ​ផ្សាយ​ពី​បន្ទាត់​ភាព​ក្រីក្រ​របស់​រាជ​រដ្ឋាភិបាល​ឆ្នាំ ២០១៣ នេះ​បាន​បង្ហាញ​ការ​គណនា​រូបមន្ត​ភាព​ក្រីក្រ​នៅ​ស្រុក​ខ្មែរ​ឃើញ ថា​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​កាល​ពី​ឆ្នាំ ២០០៧ មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ៤៧,៨ ភាគរយ ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១១ គឺ​ធ្លាក់​មក​ត្រឹម ១៩,៨ ភាគរយ តែ​ការ​គណនា​នោះ​គ្រាន់​តែ​ជា​លេខ​កំណត់​មួយ តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ទំនិញ​និង​ការ​ចំណាយ​ជាក់ស្តែង ដែល​កាន់​តែ​ឡើង​ថ្លៃ​ខណៈ​ដែល​អ្នកក្រ នៅ​តែ​យ៉ាប់​រក​ប្រាក់​ចំណូល​បាន​ទាប​នោះ​ទេ។
ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​ឃោសនា​បោះឆ្នោត តើ​រាជ​រដ្ឋាភិបាល​ថ្មី អាច​កំណត់​ទិសដៅ​ទស្សន​ទាន​មួយ​ដែល​ជា​មោទនភាព​ជាតិ​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា មាន​ផ្ទះ​ថ្ម​នៅ​ទាំង​អស់​គ្នា​បាន​ទេ? រីឯ​វិស័យ​កសិកម្ម​វិញ ដែល​រាជ​រដ្ឋាភិបាល តែង​តែ​អះអាង​ថា ជា​ខឿន​សេដ្ឋកិច្ច​មួយ​ដែរ​ហើយ​យក​រូប​កួរ​ស្រូវ មក​ដាក់​នៅ​លុយ​ទៀត តែ​ការ​ធ្វើ​ស្រែ​តាំង​ពី​ដូន​តា​មក​គឺ​នៅ​តែ​ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ ដដែល ប្រព័ន្ធ​ធារាសាស្រ្ត​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​កសិកម្ម​តាម​តំបន់ មិន​បាន​បម្រើ​ឲ្យ​កសិករ​ខ្មែរ​បាន​ស្រួល​បួល​នៅ​ឡើយ​ទេ។
បទ​ពិសោធ​ដែល​ជា​គំរូ​របស់​ប្រទេស សិង្ហបុរី គឺ​ប្រទេស​គេ​កំណត់​គោល​ដៅ​ច្បាស់​លាស់ ដោយ​យក​វិស័យ​អប់រំ​ជា​គោល។ ជាង ៤០ ឆ្នាំ​ក្រោយ​មក​ប្រទេស​នេះ​បាន​រីក​ចម្រើន​គ្រប់​វិស័យ ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ជាង ៤ម៉ឺន ដុល្លារ ក្នុង ១ឆ្នាំ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​សប្បាយ​កើន​អាយុ​ជា​មធ្យម​ដល់​ទៅ ៨១ ឆ្នាំ​ឯណោះ (HDR, 2011) នេះ​ហើយ​ជា​មោទនភាព​ជាតិ​របស់​ប្រទេស សិង្ហបុរី ពិត​ប្រាកដ​មិន​មែន​ចេះ​តែ​ថាៗ​ឲ្យ​រួច​ពី​មាត់​នោះ​ទេ។
បើ​ក្រឡេក​មើល​ទៅ​សាសនា​ព្រះពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ នៅ​ពេល​បច្ចុប្បន្ន​វិញ មិន​បាន​បង្ហាញ​ពី​មោទនភាព​ដូច​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​សោះ ព្រះសង្ឃ​មាន​ការ​បែង​ចែក​និន្នាការ​នយោបាយ សង្ឃ​ធំៗ​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច ឯ​សង្ឃ​ថ្នាក់​តូចៗ​បក្ស​ប្រឆាំង រហូត​ដល់​មាន​សង្ឃ​ខ្លះ​ប្រព្រឹត្ត​ខុស និមន្ត​បោក​ប្រាស់​ឧបាសក​និង​ប្រព្រឹត្ត​អបាយមុខ។ ឥឡូវ​នេះ​ចូល​ដល់​រឿង​រ៉ាវ​ដ៏​ក្តៅ​គគុក​ការ​បាត់​ព្រះ​បរម​សារីរិកធាតុ បុរាណ​ជាង ២៥០០ ឆ្នាំ​ដែល​គ្រាន់​តែ​ថែ​ក៏​ថែ​មិន​ឲ្យ​គង់​ផង។
នៅ​ឆ្នាំ ១៩៦៦ ស្រុក​ខ្មែរ​មាន​មោទនភាព​ជាតិ​ណាស់ ដែល​មាន​ស្តាត​អូឡាំពិក​មួយ​យ៉ាង​ស្អាត ទទួល​ការ​ប្រកួត ហ្គានីហ្វូ ថ្នាក់​អាស៊ី​លើក ទី១ (First Asian GANEFO) មក​ប្រកួត​កីឡា​គ្រប់​វិញ្ញាសា មក​ទល់​បច្ចុប្បន្ន​នេះ​ស្តាត​អូឡាំពិក នៅ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ត្រូវ​គេ​ពុះ​ច្រៀក​លក់​ដី​ជុំវិញ​បរិវេណ​ស្តាត​ឲ្យ​ឈ្មួញ​អស់​រលីង​ឥឡូវ​ នេះ សូម្បី​តែ​ការ​ប្រកួត​ថ្នាក់​អាស៊ាន​ក៏​មិន​អាច​ទទួល​បាន​ផង។
បច្ចុប្បន្ន នេះ ប្រទេស កម្ពុជា ត្រូវ​បាន​ភ្នែក​ទាំង​ក្នុង​ស្រុក និង​ពិភពលោក មើល​ឃើញ​ផ្ទុយ​ពី​អ្វី​ដែល​ជា​ទិស​ស្លោក​របស់​រាជ​រដ្ឋាភិបាល ដែល​តែង​តែ​លើក​ថា មោទនភាព​ជាតិ​ខ្មែរ​នោះ ដូចជា ការ​កាប់​ព្រៃ​ឈើ​បំផ្លាញ​បរិស្ថាន បញ្ហា​គ្រឿង​ញៀន​មាន​តាំង​ពី​ជួញ​ដូរ​មក​ផលិត​ក្នុង​ស្រុក​ក៏​មាន​ការ​ជួញ​ ដូរ​មនុស្ស ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទម្លាក់​លំដាប់​មក​លេខ ៣ នៃ​បញ្ជី​តាម​ដាន​វិញ អំពើ​ពុករលួយ​ជាប់​លេខ ១៦០ ក្នុង​ចំណោម​ប្រទេស ១៧៧ (TI, 2013) បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​អយុត្តិធម៌​នៅ​ក្នុង​សង្គម​បើក​ភ្នែក​ឡើង​ឃើញ​តែ​រាស្រ្ត​ស្រែក​យំ ទារ​យក​ដីធ្លី និង​ផ្ទះ​សម្បែង​គាត់​វិញ ខ្លះ​ក៏​ចំណាក​ស្រុក​ទៅ​តាម​យថាកម្ម ផ្សង​ព្រេង​នៅ​ស្រុក​គេ​ទៅ។ ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អស្ថិរភាព​នយោបាយ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្រុក​ខ្មែរ​ឲ្យ​តែ​បើក​ភ្នែក គឺជា​ប្រទេស​បាតុកម្ម និង​ប្រទេស​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​ទៅ​វិញ គឺ​ខុស​ពី​មុន​ឲ្យ​តែ​គេ​និយាយ​ពី​រឿង​ស្រុក​ខ្មែរ​ភ្លាម គឺ​គេ​នឹក​ឃើញ​ប្រាសាទ​អង្គរ​ភ្លែត។ អ្នក​នយោបាយ​គិត​តែ​រឿង​បក្ស​ឈ្នះ​រៀងៗ​ខ្លួន មិន​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​រស់​ដោយ​សុខ​ស្រួល​ដូច​ការ​សន្យា​មុន​កាល​ បោះឆ្នោត​នោះ​ទេ។ អ្នក​នយោបាយ​ខ្លះ​មាន​មោទនភាព​ណាស់​បង្កើត​ច្បាប់ អង្គុយ​លើ​ច្បាប់ អញ​ធំ​ចង់​ធ្វើ​អី​ស្រេច​តែ​ចិត្ត ចង់​បើក​បុក​ប្រជា​ពលរដ្ឋ​ខ្លួន​ស្លាប់​ហើយ បើក​រថយន្ត​រត់​ហើយ​គ្មាន​ទោស​ពៃរ៍​ទៀត? ហ្នឹង​ហើយ​មោទនភាព​ជាតិ​ខ្មែរ​នោះ?
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com
ប្រភពពី ភ្នំពេញប៉ុស្តិ៍