ការបាត់សារីរិកធាតុនៅ ភ្នំអដ្ឋរស្សឧដុង្គបង្កជាចម្ងល់
បន្ទាប់ពីបាត់កោដ្ឋព្រះសារីរិកធាតុ និងវត្ថុមានតម្លៃមួយចំនួនពីព្រះសក្យមុនីចេតិយនៃភ្នំព្រះរាជទ្រព្យឬឧដុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃអង្គារ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាឆ្មាំយាមកាមការពារទីនោះចំនួន១៣នាក់ ហើយតុលាការក៏បានធ្វើការសាកសួរ និងឃុំខ្លួនមនុស្សចំនួន៥នាក់កាលពីថ្ងៃអាទិត្យ។
មិនមានអ្នកណាអាចដឹងច្បាស់ពីការបាត់បង់សារីរិកធាតុ និងព្រះពុទ្ធរូបដែលគេជឿថាធ្វើពីមាស នៅឡើយទេ ខណៈមន្ត្រីមួយចំនួនទំនងជាព្យាយាមលាក់លៀម និងបិទបាំងការបាត់បង់ព្រះ សារីរិកធាតុដ៏កម្រនេះ។ ទាំងអាជ្ញាធរខេត្ត តុលាការខេត្ត សុទ្ធតែអះអាងថា គេកំពុងស៊ើបអង្កេត ខណៈមន្ត្រីក្រសួងវប្បធម៌ និងវិចិត្តរសិល្បៈ មិនអាចទាក់ទងបាន។
សូមរំឭកថា ពិធីបុណ្យពាក់កណ្តាលសាសនា ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ២៥០០ព.ស ត្រូវជាឆ្នាំ ១៩៥៧គ.ស ដោយមានដង្ហែព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ពីប្រទេសសិរីលង្កា យកមកតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ នៅទល់មុខស្ថនីយរថភ្លើង នៅទីក្រុងភ្នំពេញ យ៉ាងមហោឡារិកអស់រយៈពេលប្រាំពីរយប់ និងប្រាំពីរថ្ងៃ។ ក្នុងពេលជាមួយគ្នាមានប្រទេសនាៗ ដែលកាន់ព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើពិធីបុណ្យនេះ ដោយយ៉ាងអធិកអធម ដ៏ក្រៃលែង។
ពុទ្ធសាសនិកជន មានសេចក្តីសប្បាយរីករាយជាពន់ពេក ដោយមានជំនឿថា អ្នកដែលបានកើតទាន់ពាក់កណ្តាលសាសនា ព្រមទាំងបានចូលរួមចំណែកធ្វើបុណ្យ ឆ្លងពាក់កណ្តាលសាសនា គឺមានភ័ព្វសំណាងល្អជាទីបំផុត។ នាសម័យពុទ្ធកាលអ្នក ដែលបានកើតទាន់ព្រះពុទ្ធព្រះសាម្មាសម្ពុទ្ធ ទ្រង់នៅគង់ព្រះជននៅឡើយ មានសំណាងដោយបានស្តាប់បានទទួលព្រះធម៌ចេញពីព្រះឱសផ្ទាល់ របស់ព្រះអង្គ។ ព្រះពុទ្ធទ្រង់ក៏បានញ៉ាំងឱ្យសាវ័កជាច្រើនអង្គ បានសម្រេចជាព្រះអនុពុទ្ធព្រះអរហន្ត និងបានសម្រេចជាព្រះអរិយសង្ឃថ្នាក់ផ្សេងៗ ដូចជា ព្រះសារីបុត្រ ព្រះមោគ្គលាន ព្រះអានន្ទ…។ល។
ប៉ុន្តែ ព្រះបរមសារីរិកធាតុ ព្រះពុទ្ធ រួមជាមួយនឹងកោដ្ឋមាស ដែលត្រូវបានក្រុមជនសង្ស័យលួច កាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារសប្តាហ៍មុននោះ ត្រូវបានអតីតព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើពិធីដង្ហែព្រះសារីរិកធាតុ ពីព្រះសក្យមុនីចេតិយនៅភ្នំពេញ យកទៅតម្កល់នៅព្រះសក្យមុនីចេតិយថ្មី នៅភ្នំអដ្ឋរស្ស ឬឧដុង្គ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០២៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ