ប្រជាពលរដ្ឋ ចាប់ចោរ ឆក់កាបូប ពី វិស្វករសំណង់ម្នាក់ នៅសង្កាត់ភ្នំពេញថ្មី
ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅតាមផ្លូវ បានចាប់ខ្លួនចោរឆក់កាបូបពី វិស្វករសំណង់ម្នាក់ ប្រគល់ជូននគរបាល ប៉ុស្ដិ៍ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីជន សង្ស័យរូបនេះ ក្នុងចំណោមបក្ខពួក ៣នាក់ បានឆក់កាបូបពីជនរងគ្រោះ កាលពីវេលា ម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្រុមទី២ មុខផ្ទះលេខ ១៣៨ ផ្លូវលេខ ១៩៨៦ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍ របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យ សេង ចំរើន អាយុ ១៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅក្នុងវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានប្រជាពលរដ្ឋឡោម ព័ទ្ធ ហើយចាប់ទម្លាក់ពីលើម៉ូតូនៅពេល ដែលជនសង្ស័យរូបនេះ ជាមួយបក្ខពួក ២ នាក់ផ្សេងទៀត បានធ្វើសកម្មភាបឆក់យក កាបូប ពីជនរងគ្រោះ ហាង ទី អាយុ ២៩ឆ្នាំ មុខរបរ ជាវិស្វករសំណង់ រស់នៅសង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ ។
យោងតាមរបាយការណ៍របស់នគរបាល ខាងលើ មុនពេលកើតហេតុជនសង្ស័យ ៣ នាក់ បានជិះម៉ូតូតាមបណ្ដោយផ្លូវ ១៩៨៦ លុះដល់ចំណុចកើតហេតុ ក៏ឃើញកាបូប របស់ជនរងគ្រោះ ទុកនៅលើម៉ូតូពេលនោះ ជនសង្ស័យ សេង ចំរើន បានចុះពីលើម៉ូតូ លួចយកកាបូបរបស់ជនរងគ្រោះ ហើយ ឡើងជិះម៉ូតូដែលបក្ខពួករបស់ខ្លួនកំពុងចាំ។
ភ្លាមៗនោះជនរងគ្រោះឃើញទាន់បាន ស្រែកឆោឡោ ហើយក៏ត្រូវបានប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុជួយអន្ដរាគមន៍ ចាប់ទាញទម្លាក់ចេញពីលើម៉ូតូប្រគល់ឱ្យ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្ដិ៍ភ្នំពេញថ្មីកុំអីជន សង្ស័យ រត់គេចខ្លួនបាត់ទៅហើយ បើពឹង លើសមត្ថកិច្ចនោះ។បច្ចុប្បន្នជនសង្ស័យរូប នេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែកកាបូបស្ពាយរបស់ជនរង គ្រោះ ដែលត្រូវប្រជាពលរដ្ឋជួយយកត្រឡប់ មកវិញនោះ រួមមាន អត្ដសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរមួយសន្លឹក ខោអាវមួយកំប្លេ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ៕ប្រភព ពីដើមអម្ពិល