អ្នក​ភូមិ​បឹង​កក់​សម្រេច​ចិត្ត​ផ្អាក​ការ​តវ៉ា​មួយ​រយៈ

12/27/2013 0 Comments A+ a-

ទី​បំផុត​ទៅ ក្រុម​អ្នក​ភូមិ​បឹងកក់​បាន​សម្រេច​ផ្អាក​សកម្មភាព​តវ៉ា របស់​ខ្លួន​មាន​រយៈ​សិន។ ការ​សម្រេច​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បាន​ជួបជុំ​ធ្វើ​ បាតុកម្ម​នៅ​មុខ​សាលា​រាជធានី​អស់​រយៈពេល​៤​ថ្ងៃ​ ដោយ​គ្មាន​ដំណោះស្រាយ។ អ្នក​ភូមិ​បឹងកក់​បដិសេធ​ថា ការ​តវ៉ា​ទាមទារ​សំណង​នៃ​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។
 
បន្ទាប់ពី​បាន​តវ៉ា​ពេញ​មួយ​ព្រឹក​នៅ​ពីមុខ​សាលា​រាជធានី​ភ្នំពេញ អ្នកភូមិ​បឹងកក់​ក៏បាន​រំសាយ​ទៅវិញ ហើយ​សម្រេច​ថា​នឹង​ផ្អាក​ការតវ៉ា​មួយរយៈ​សិន។ អ្នកស្រី ទេព វ​ន្នី តំណាង​អ្នកភូមិ​បឹងកក់​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការតវ៉ា​ត្រូវ​ផ្អាក​មួយរយៈ​សិន​ពីព្រោះ​ក្រុម​អ្នកភូមិ​មាន​សភាព​ហេវ​ហត់​ អស់កម្លាំង​បន្ទាប់ពី​ចេញ​តវ៉ា​អស់​ជាច្រើន​ថ្ងៃ​មក។
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ការតវ៉ា​មិនបាន​បិទផ្លូវ​និង​ដុត​កង់ឡាន​ដូច​កាលពីមុន​ទេ។ ក្រុម​អ្នកភូមិ​បាន​ឈរ​នៅ​អែប​ផ្លូវ ដោយ​ដៃ​មាន​កាន់​បដា​និង​ផ្កាឈូក ព្រមទាំង​នាំគ្នា​គោះ​ឆ្នាំង​ដើម្បី​បន្លឺសំឡេង​នៃ​ភាព​ស្រេកឃ្លាន​ ដំណោះស្រាយ​របស់​ពួកគេ។
អ្នកស្រី ស៊ឹម សុភាព អតីត​អ្នកភូមិ​បឹងកក់ ដែល​ឈរ​កាន់​បដា​ទាមទារ​រក​សំណង​បន្ថែម​បាន​អះអាងថា ការទាមទារ​របស់​ក្រុម​អ្នកភូមិ គឺ​គ្មានអ្វី​ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ អ្នកស្រី​បន្តថា ជំហរ​យ៉ាងរឹងមាំ​រប​ស់​ក្រុម​អ្នកភូមិ​គឺ​ត្រូវ​ការចរចា​ជាមួយ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង ត្រូវការ​ឲ្យ​លោក អភិបាល ចាត់វិធានការ​និង​កំណត់​ពេលវេលា​ដោះស្រាយ​អោយបាន​ច្បាស់លាស់។
សកម្មជន​តវ៉ា​ដីធ្លី​រូបនេះ​បាន​និយាយ​យ៉ាងច្បាស់​ថា អ្នកភូមិ​មិន​ចង់​ ឲ្យ​មាន​វត្តមាន លោក​សម រង្ស៊ី ប្រធាន​បក្សប្រឆាំង​ចូលរួម​ជាមួយ​ទេពី​ព្រោះ​ដើម្បី​កុំ​ឲ្យ​មានការ​ភ​ន្ត័​ ច្រ​លំ​ថា​បាតុកម្ម​នេះ​ទាក់ទង​នឹង​នយោបាយ។ យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការតវ៉ា​របស់​ក្រុម​អ្នកភូមិ​បឹងកក់​ជាថ្មី​ម្តងទៀត​នេះ​ទំនងជា​មានរឿង​ នយោបាយ​នៅ​ពី ក្រោយ។
អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា មូល​ហេតុដែល​អាជ្ញាធរ​ចាត់ទុកថា​នេះ​ជា​រឿង​នយោបាយ​ព្រោះ​កន្លងមក ក្រុម​អ្នកភូមិ​ធ្លាប់​ចូលជួប​ដោះស្រាយ​រឿង​ដីធ្លី​នេះ​រួចមកហើយ ហើយ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ពន្យល់​អស់ហើយ​អំពី​ដំណោះស្រាយ​លើ​ បញ្ហា​របស់​ពួកគាត់។
លោក ឡុង ឌី​ម៉​ង់ កត់សម្គាល់​ទៀតថា អ្នកភូមិ​ដែល​យល់ព្រម​ទទួល​សំណង​រួច​ហើយក៏​បានមក​ចូលរួម​ក្នុងការ​តវ៉ា​នេះ ហើយ​បន្ទាប់ពី​មានការ​សំរបសំរួល​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង ក្រុម​អ្នកភូមិ​កាលពី​ម្សិល​ម៉ិ​ញ​បាន​យល់ព្រម​រំសាយ។ សម្រាប់​លោកអ្នក​ នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ កាលណា​វា​ជា​រឿង​នយោបាយ​នោះ​បញ្ហា​ច្បាស់​ជា​ពិបាក​ដោះស្រាយ ។
យ៉ាងណាក៏ដោយ លោក​អះអាងថា បើ​ទោះ​សាលា​រាជធានី​ភ្នំពេញ​មាន​ការងារ​មមាញឹក​ផ្សេងទៀត​ត្រូវ​ដោះស្រាយ ក៏​អាជ្ញាធរ​មិន​បោះបង់ចោល​អ្នកភូមិ​ទេ ហើយនឹង​ទទួល​គ្រប់​សំណូម​ទាំងអស់​មក​ពិចារណា តែ​សូម​ឲ្យ​អ្នកភូមិ​ជួយ​សហការ និង យោគយល់៕
សូមបញ្ជាក់ថា ការតវ៉ា​ជាថ្មី​ម្តងទៀត​របស់​សហគមន៍​ដែលមាន​ជម្លោះដីធ្លី​នេះ​បានចាប់ផ្តើម​ តាំងពី​ថ្ងៃ​ចន្ទ៍ ហើយ​មានការ​ប៉ះទង្គិច​គ្នា​ម្តង​កាលពី​ថ្ងៃ​អង្គារ​ដែល​បណ្តាលអោយ​ម​នុស្ស​ យ៉ាងតិច៣នាក់​រងរបួស និង មាន​ការដុត​កង់ឡាន បិទផ្លូវ​ទៀតផង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ