សង្គមស៊ីវិលរកឃើញភាពមិន ប្រក្រតីក្នុងដំណើរការបោះឆ្នោត
អង្គការសង្គមស៊ីវិលជាច្រើន បានរកឃើញថា ការបោះឆ្នោតនៅកម្ពុជា កន្លងទៅមិនមានភាពប្រក្រតី លើកលែងតែក្នុងឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ (UNTAC) ប៉ុណ្ណោះ។ ភាពមិនប្រក្រតីទាំងនោះ បានធ្វើឲ្យគណបក្សមួយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយឈានដល់ការធ្វើបាតុកម្មជាដើម។
ការរកឃើញរបស់អង្គការសង្គមស៊ីវិលទាំងនោះ បានចាត់ទុកការគ្រប់គ្រងរបស់ស្ថាប័នរៀបចំការបោះឆ្នោតនៅកម្ពុជា ថាមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
របាយការណ៍សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៣ របស់សម្ព័ន្ធកំណែទម្រង់ប្រព័ន្ធការបោះឆ្នោត ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ បានបង្ហាញថា ការបោះឆ្នោតនៅកម្ពុជា កន្លងទៅ ភាគច្រើនទទួលពាក្យរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ទៅលើការគ្រប់គ្រងការបោះឆ្នោត។ មានបញ្ហាជាច្រើនដែលធ្វើឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា មិនសូវមានទំនុកទុកចិត្ត រួមមានការបដិសេធប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ការបញ្ចូលអ្នកគ្មានឈ្មោះបោះឆ្នោត ឬមានឈ្មោះស្ទួននៅក្នុងបញ្ជីបោះឆ្នោតជាដើម។ បញ្ហាទាំងអស់នេះ បានធ្វើឲ្យសំឡេងឆ្នោតទទួលបានខុសគ្នាចំនួនបីសែនសំឡេង ដែលលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។ លទ្ធផលនេះ បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មដើម្បីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថា ខុមហ្វ្រែល (Comfel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវមានភាពអាចទុកចិត្តបានពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ លោកបញ្ជាក់ទៀតថា បញ្ជីឈ្មោះបោះឆ្នោតត្រូវបង្ហាញថា មានភាពប្រក្រតី ដោយជៀសវាងបញ្ហាបាត់ឈ្មោះ ខុសឈ្មោះ ឬឈ្មោះស្ទួនគ្នាជាដើម។
«សំឡេង»
របាយការណ៍របស់អង្គការ ខុមហ្វ្រែល បានរកឃើញថា មានប្រជាពលរដ្ឋប្រមាណ ១លាន ២៥ម៉ឺននាក់ មិនមានទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ហានេះ លោក គល់ បញ្ញា មានប្រសាសន៍បន្ថែមថា ភាពលម្អៀងនៃប្រព័ន្ធផ្សព្វផ្សាយ ក៏ជាបញ្ហាសំខាន់ដែលធ្វើឲ្យគណបក្សចូលរួមបោះឆ្នោតនៅកម្ពុជា ចោទថាមិនប្រកបដោយតម្លាភាព។
របាយការណ៍របស់សម្ព័ន្ធកំណែទម្រង់ប្រព័ន្ធការបោះឆ្នោតដដែលបានរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ បានផ្សាយលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ចន្លោះពី ៧៥% ទៅ ៨៨% នៃការចាក់ផ្សាយរឿងនយោបាយ។ ម៉្យាងវិញទៀត ភាពមិនប្រក្រតីមួយទៀត គឺការប្រើប្រាស់ធនធានមនុស្សរបស់រដ្ឋបម្រើឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ គិតចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ អង្គការ ខុមហ្រ្វែល បានរកឃើញថា ការប្រើប្រាស់ធនធានមនុស្សដែលបម្រើឲ្យគណបក្សប្រជាជនកម្ពុជា មានលក្ខណៈជាប្រព័ន្ធមានចំនួនប្រមាណ ៣៥០ករណី ដូចជាមន្ត្រីរាជការ នគរបាល តុលាការ កងខេមរភូមិន្ទ និងការប្រើប្រាស់អគាររដ្ឋ និងទីធ្លាសាធារណៈសម្រាប់ឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា។
បន្ថែមលើនេះ នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ដែលបានចូលរួមវាយតម្លៃការបោះឆ្នោតដែរ មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើកំណែទម្រង់ឲ្យស៊ីជម្រៅ ដើម្បីបញ្ច្រាសទំនាស់ ឬមិនទទួលយកលទ្ធផលក្រោយការបោះឆ្នោតនៅពេលអនាគត។
«សំឡេង»
លោក ព្រាប កុល មានប្រសាសន៍បន្ថែមទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែឯករាជ្យ ឬមិនត្រូវចំណុះក្រោមក្រសួងមហាផ្ទៃ ឡើយ។
ឆ្លើយតបទៅនឹងបញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ស្ថាប័នរៀបចំការបោះឆ្នោតមិនស្ថិតចំណុះឲ្យក្រសួងមហាផ្ទៃ ឬរដ្ឋាភិបាលឡើយ។ សកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុវត្តស្របទៅតាមច្បាប់បោះឆ្នោត។
«សំឡេង»
លោក ទេព នីថា មានប្រសាសន៍បន្ថែមទៀតថា ការរកឃើញរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត មិនមែនជារឿងអ្វីថ្មីទេ។ ការរកឃើញនោះ គ្រាន់តែជាការបន្ថែមនូវអ្វីដែលបានលើកឡើងពីមុនតែប៉ុណ្ណោះ។ ប៉ុន្តែ មានស្ថាប័នអន្តរជាតិជាច្រើនបានវាយតម្លៃពីភាពវិជ្ជមានចំពោះការបោះឆ្នោតនៅប្រទេសកម្ពុជា។
លោកបញ្ជាក់ទៀតថា សម្រាប់ស្ថាប័នរៀបចំការបោះឆ្នោតបានបញ្ចប់ដំណើរការរៀបចំរបស់ខ្លួនហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះអ្វីដែលអង្គការសង្គមស៊ីវិលចង់ឲ្យមានកំណែទម្រង់ការបោះឆ្នោតនោះ គ.ជ.ប នឹងស្វាគមន៍ចំពោះការចូលរួមរបស់អង្គការសង្គមស៊ីវិលទាំងនោះ នៅក្នុងសិក្ខាសាលារបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលស្ថាប័នរៀបចំការបោះឆ្នោតបានរកឃើញកន្លងទៅ រួមមាន ទីមួយ ការគ្រប់គ្រង និងការបណ្ដុះបណ្ដាលមន្ត្រីជំនាញ ទីពីរ បញ្ហាចុះឈ្មោះបោះឆ្នោត និងទីបី បញ្ហាគ្រប់គ្រងការឃោសនានៅពេលបោះឆ្នោត៕
ប្រភពពី វិទ្យុអាស៊ីសេរី