សមាជិកសភាបក្ស ប្រជាជនអំពាវនាវឲ្យ អ្នកនយោបាយទាំងពីរ បក្សងាកចូលតុចរចា
សមាជិកសភាមកពីខាងគណបក្សប្រជាជនកម្ពុជា បានទទូចស្នើឲ្យអ្នកនយោបាយទាំងពីរបក្ស គួរបង្កើតយន្តការដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំងជិត ៦ខែមកនេះ ដើម្បីផលប្រយោជន៍ជាតិ។
លោក ឈាង វុន អ្នកតំណាងរាស្ត្រគណបក្សកាន់អំណាច និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា ទទួលបន្ទុកទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី១៤ ខែធ្នូ ថា អ្នកនយោបាយរបស់គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គប្បីស្វែងរកមធ្យោបាយ ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយនេះឡើង។ លោកចាត់ទុកថា ការបន្តទុកឲ្យស្ថានភាពនេះនៅបន្តអូសបន្លាយ វាពុំមែនជាជម្រើសល្អឡើយសម្រាប់សង្គមជាតិ។
លោក ឈាង វុន ក៏ព្រមានដែរថា កងកម្លាំងសមត្ថកិច្ចដែលការពាររដ្ឋធម្មនុញ្ញ ការពារសន្តិសុខ សុវត្ថិភាពប្រទេសជាតិ អាចនឹងពុំមានការអត់ធ្មត់តទៅទៀត បើអ្នកនយោបាយបក្សប្រឆាំងនៅតែប្រើប្រាស់កម្លាំងប្រជាជន គំរាមចង់ផ្ដួលរំលំរដ្ឋាភិបាល។
«សំឡេង»
លោក ឈាង វុន បដិសេធថា គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ពុំមានចេតនាសោះឡើយក្នុងការបង្វែរកៅអីរបស់បក្សប្រឆាំងក្នុងអាណត្តិនេះទៅឲ្យបក្សដទៃនោះ។
ការបោះឆ្នោតក្នុងនីតិកាលទីប្រាំឆ្នាំ២០១៣ នេះ គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ឈ្នះការបោះឆ្នោតលើសលប់ បានបាត់បង់កៅអីចំនួន ២២អាសនៈ ក្នុងចំណោម ៩០អាសនៈ កាលពីឆ្នាំ២០០៨។ ចំណែកគណបក្សសង្គ្រោះជាតិ បានកើនពី ២៩អាសនៈ ឆ្នាំ២០០៨ មក ៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប ១២៣អាសនៈ ក្នុងឆ្នាំ២០១៣។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមានវិញថា ការបង្ក្រាបណាមួយដោយកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល គឺត្រូវប្រឈមចំពោះមុខច្បាប់។ លោកបន្តថា លើសពីនេះទៀត គណបក្សប្រឆាំងពុំដែលបដិសេធម្ដងណាឡើយ ថានឹងមិនសហការជាមួយរដ្ឋាភិបាល។ ផ្ទុយទៅវិញ អ្វីដែលបក្សប្រឆាំងមិនអាចទទួលយកបាន គឺលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីការពិត។
លោក កែម ឡី អ្នកវិភាគឯករាជ្យគិតថា ការចូលរួមបង្កើតរដ្ឋាភិបាល នឹងមិនចំណេញចំពោះគណបក្សសង្គ្រោះជាតិ ឡើយ។ លោកបន្តថា មានហេតុផល ៣ចំណុចដែលនឹងចំណេញចំពោះការមិនចូលរួមបង្កើតរដ្ឋាភិបាល គឺបើទោះជាបក្សប្រឆាំងនៅខាងក្រៅប្រឈមនឹងហានិភ័យ ប៉ុន្តែមានឥទ្ធិពលលើការសម្រេចចិត្តរបស់រដ្ឋាភិបាល។ ការប្រកាន់ជំហរនេះ នឹងរឹតតែបង្កើនចលនាផ្លាស់ប្ដូរបន្ថែមទៀត និងជាពិសេសនោះ គឺរដ្ឋាភិបាលអាចព្យាយាមធ្វើកំណែទម្រង់គោលនយោបាយរបស់ខ្លួន។
«សំឡេង»
ក្នុងការចរចាកន្លងមកនេះ ភាគីទាំងពីរនៅមិនអាចទម្លាយភាពជាប់គាំងផ្នែកនយោបាយបានទេ។ ស្ថិតក្រោមហេតុផលនេះ នៅនាទីចុងក្រោយ គណបក្សសង្គ្រោះជាតិ បានប្ដូរគោលនយោបាយរបស់ខ្លួន ដោយប្រកាសធ្វើបាតុកម្មមួយសប្ដាហ៍ម្ដង ដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាល។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមានវិញថា ការបង្ក្រាបណាមួយដោយកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល គឺត្រូវប្រឈមចំពោះមុខច្បាប់។ លោកបន្តថា លើសពីទៀតនេះ គណបក្សប្រឆាំងមិនដែលបដិសេធម្ដងឡើយ ថានឹងមិនសហការជាមួយរដ្ឋាភិបាល។ ផ្ទុយទៅវិញ អ្វីដែលបក្សប្រឆាំងមិនអាចទទួលយកបាន គឺលទ្ធផលឆ្នោតមិនឆ្លុះបញ្ចាំងពីការពិត៕
ប្រភពពី វិទ្យុអាស៊ីសេរី