យុវជន១ក្រុមព្រមានបន្តតវ៉ានៅមុខ ក្រសួងប្រៃសណីយ៍រឿង កំណត់តម្លៃសេវាទូរស័ព្ទ
ក្រុមយុវជនបានចាត់ទុកថា សេចក្តីប្រកាសរបស់អន្តរក្រសួង កាលពីខែមេសា ឆ្នាំ២០១៣ និងការកំណត់សុពលភាពនៃសេចក្តីប្រកាសនេះឡើងវិញ តាំងពីខែវិច្ឆិកា ដោយបើកផ្លូវឲ្យក្រុមហ៊ុនទូរស័ព្ទយកថ្លៃសេវាទូរស័ព្ទទាបបំផុតចំនួន ៤,៥សេនក្នុងមួយនាទីនោះ ជាទង្វើប្រាសចាកពីរដ្ឋធម្មនុញ្ញ។
ក្រុមយុវជនទាំងជាង ៣០នាក់ បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីណាត់ជួបគ្នាសម្ដែងមតិ ច្រៀងចម្រៀងស្នេហាជាតិ លើកបដា និងប្រមូលស្នាមមេដៃ បង្ហាញពីការមិនពេញចិត្តដាក់ជូនស្ថាប័នរដ្ឋាភិបាល។
សម្បុរស្រឯម ពាក់អាវពណ៌ផ្ទៃមេឃ ខោខ្មៅ មុខស្ងួត ដៃកាន់បដាដែលសរសេរទិតៀនរដ្ឋាភិបាលពីការកំណត់តម្លៃសេវាទូរស័ព្ទ យុវជន រឹម ភារី ឲ្យដឹងថា រូបគាត់ទើបតែចូលរួមក្នុងសកម្មភាពតវ៉ាលើកទី១ប៉ុណ្ណោះ។ ការចេញមកតវ៉ានេះ មកពីគាត់ទ្រាំមិនបាននឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលកំណត់ថ្លៃសេវាទូរស័ព្ទ នាំឲ្យថ្លៃហៅទូរស័ព្ទឡើងថ្លៃជាមុន។ យុវជនរូបនេះមានចម្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលមិនមានវិធានការចំពោះប្រេងសាំង និងមុខទំនិញផ្សេងៗដែលកំពុងតែឡើងថ្លៃផង? ឬទាល់តែរាស្ត្រស្រែកទើបរដ្ឋធ្វើ?
«សំឡេង»
ចំណែកឯក្រុមមន្ត្រីរដ្ឋាភិបាល រួមមានក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី៩ ខែធ្នូ ដោយបញ្ជាក់ថា ការកំណត់ថ្លៃសេវាទូរស័ព្ទនេះ គឺធ្វើឡើងដើម្បីទប់ទល់នឹងការប្រកួតប្រជែងដោយមិនស្មោះត្រង់របស់ក្រុមហ៊ុនទូរស័ព្ទចល័តមួយ ដែលព្យាយាមបញ្ចុះតម្លៃហៅទូរស័ព្ទចេញ ក្នុងគោលបំណងគ្រប់គ្រងទីផ្សារផ្តាច់មុខ។ ក្រុមមន្ត្រីក៏បានបញ្ជាក់ថា ការកំណត់តម្លៃហៅចេញនេះអាចនឹងប្រមូលប្រាក់ចូលថវិកាជាតិកាន់តែច្រើន។
យុវជនមួយក្រុមជួបគ្នាសម្ដែងមតិ ច្រៀងចម្រៀងស្នេហាជាតិ លើកបដា និងប្រមូលស្នាមមេដៃ បង្ហាញពីការមិនពេញចិត្តចំពោះការកំណត់តម្លៃសេវាទូរស័ព្ទចល័ត ដាក់ជូនស្ថាប័នរដ្ឋាភិបាល នាបរិវេណវត្តភ្នំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣។ RFA/Vann Vichar
ទោះជាបែបណាក្តី ការកំណត់តម្លៃទូរស័ព្ទនាំឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់ពលរដ្ឋ ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ អ្នកខ្លះចាត់ទុកថា ការកំណត់តម្លៃទូរស័ព្ទ គឺរដ្ឋាភិបាលធ្វើឡើងដើម្បីផលប្រយោជន៍បក្ខពួករបស់ខ្លួនប៉ុណ្ណោះ។ រីឯក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័តវិញ បានបញ្ជាក់ប្រាប់អតិថិជនរៀងៗខ្លួនថា ក្រុមហ៊ុនទូរស័ព្ទធ្វើតែតាមបញ្ជារបស់រដ្ឋាភិបាលទេ។
ក្រសួងប្រៃសណីយ៍បានព្យាយាមកំណត់តម្លៃសេវាទូរស័ព្ទចល័តតាំងពីឆ្នាំ២០០៩ ប៉ុន្តែសេចក្តីប្រកាសនេះក៏លែងមានសុពលភាពទៅវិញនៅប៉ុន្មានខែក្រោយ។ បន្ទាប់មក ក្រសួងជំនាញក៏បានកំណត់តម្លៃម្តងទៀត កាលពីដើមខែមេសា ឆ្នាំ២០១៣ ប៉ុន្តែរដ្ឋាភិបាលក៏ផ្អាកសេចក្តីប្រកាសនេះវិញ ដើម្បីទប់ទល់នឹងការខឹងសម្បារពីសំណាក់ពលរដ្ឋមុនពេលបោះឆ្នោត។ សេចក្តីសម្រេចកំណត់ថ្លៃទូរស័ព្ទនេះ ក៏រស់ឡើងវិញបន្ទាប់ពីរដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍ លោក ប្រាក់ សុខុន ឡើងកាន់តំណែង។
ក្រុមយុវជនរំពឹងថា ពួកគេនឹងដើរប្រមូលស្នាមមេដៃដើម្បីដាក់ជូនរដ្ឋាភិបាល បញ្ជាក់ពីការមិនពេញចិត្ត ព្រមទាំងនាំគ្នាតវ៉ាជាថ្មីដល់មុខក្រសួងប្រៃសណីយ៍ បើសិនជារដ្ឋាភិបាលមិនបញ្ឈប់ការកំណត់តម្លៃសេវាទូរស័ព្ទនោះ៕
វ្រភពពី វិទ្យុអាស៊ីសេរី