លោក​ហេង ឈាង សុំ​ឲ្យ​ឧទ្ធរណ៍ ធ្វើ​មោឃភាព​របាយការណ៍​សវន​កម្ម

12/21/2013 0 Comments A+ a-

ភ្នំពេញៈ លោក​ហេង ឈាង អាយុ ៤៣ ឆ្នាំ អតីត​អគ្គនាយករង​នៃ​ក្រុម​អាន​កូ​ប្រា​ដ័រ ដែល​ជាប់​ចោទ​ពី​បទ «រំលោភ​សេចក្តី​ទុក​ចិត្ត​ថ្នាក់​អភិបាល» ដែល​ប្តឹង​ដោយ​លោក​ព្រឹទ្ធ​សមា​ជិក​នៃ​គណបក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​កម្ពុជា និង​សព្វ​ថ្ងៃ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ «ម១» នៃ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ប្រធាន​សាលាឧទ្ធរណ៍ ដោយ​ស្នើសុំ​ឲ្យ ប្រធាន​សាលា​ឧទ្ធរណ៍ ធ្វើ​មោឃភាព​របាយ​ការណ៍​សវកម្ម ស្តីពី ​ការធ្វើ​បដិសវនកម្ម​លើ​របាយ ការណ៍​សវនកម្ម​របស់​លោក​កាក់​កី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១០១៨ ចុះ​ថ្ងៃទី ២៤ ខែ​តុលា ២០១២ របស់​សាលា​ឧទ្ធរណ៍។
លោក​ច័ន្ទ បូរ៉ា សាច់​ដ៏​ជិតស្និទ្ធ​ម្នាក់​របស់​លោក​ហេង ឈាង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាៈ មូលហេតុ ដែល​លោក​ហេង ឈាង បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា មិន​ទទួល​លទ្ធផល​នៃ​របាយការណ៍​សវកម្ម​ខាង​លើ​នេះ គឺ​ដោយសារ​តែ​របាយ​ការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ៖ ទី១-ខុស សមត្ថកិច្ច ទី២- ខុសពី​ដីកា​ចាត់​តាំង​របស់​តុលាការ ទី៣-អ្នកធ្វើ​បដិ​សវនកម្ម​លើ​របាយ ការណ៍​សវនកម្ម​របស់​លោក​កាក់​កី​នេះ មិន​បាន​ចុះ​ហត្ថលេខា បែ​ជា​ចុះ​ហត្ថលេខា ដោយ​ប្រធាន​អាជ្ញាធរ​សវនកម្ម​ជាតិ​ទៅវិញ។ និង​ទី៤-សវនកម្ម​នេះ​មិនបាន​ធ្វើ​ទៅលើ​របាយការណ៍​សវនកម្ម​របស់​លោក​កាក់​កី​ នោះទេ គឺ​ធ្វើ​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ និង ពុំមាន​ស្តង់ដារ​ឡើយ។
នៅក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើជូន ទៅកាន់​ប្រធាន​សាលា​ឧទ្ធរណ៍ ចុះ​កាល​បរិច្ឆេទ ថ្ងៃ ទី១៦ ខែ ធ្នូ ២០១៣ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ សុក្រ ទី ២០ ខែធ្នូ ឆ្នាំ ២០១៣នេះ លោក​ហេង ឈាង​បានសរសេរថា៖ ខ្ញុំ​បាទ​ហេង ឈាង អាយុ ៤៣ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ២៤ ផ្លូវ​លេខ ៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ សព្វថ្ងៃ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ម១ នៃ​ក្រសួងមហាផ្ទៃ។­
សូម​គោរព​ចូលមក
ឯកឧត្តម​ប្រធាន​សាលាឧទ្ធរណ៍
កម្មវត្ថុ ៖សំណើសុំ​មោឃភាព​របាយការណ៍​សវ​ន​កម្ម​លេខ ០៣០/១៣ អ​សជ.របក ចុះ​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ
យោង ៖-សំណុំរឿង​ព្រហ្មទណ្ឌ​លេខ១០១៨ ចុះ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៣
‑ដីកា​ចាត់តាំង​អ្នកជំនាញ​លេខ ០១ ដក​ស ចុះ​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៣
‑កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សវនកម្ម ចុះ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៣
-មាត្រា ១៦២ ដល់​មាត្រា ១៧១,និង​មាត្រា២៥២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ
សេចក្តី​ដូច​មាន​កំណត់ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម​ប្រធាន មេត្តា​ជ្រាបថា៖ ខ្ញុំ​ហេង ឈាង​បាន​នឹង​កំពុង​ជាប់​ពន្ធនាគារ ម១ នៃ​ក្រសួង​មហាផ្ទៃ​ចាប់​តាំង​ពី​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១១ រហូត​មក​ដល់​បច្ចុប្បន្ន (ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣) មាន​រយៈពេល​៣០ (សាមសិប) ខែ​ហើយ​ដោយ​មិនទាន់​ដឹងថា​មាន​ពិរុទ្ធភាព ឬ​គ្មាន​ពិរុទ្ធភាព​ឲ្យ​បាន​ពេញលេញ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​បាន​អនុវត្ត​ទោស​លើស​២/៣ ទៅ​ហើយ ដែល​ផ្ទុយ​ពី​គោល​ការណ៍​មនុស្ស​ធម៌​និង​គោលការណ៍​សេរីភាព។
ឯកឧត្តម​ប្រធាន​ជាទីគោរព! ខ្ញុំបាទ​បាន​សហការ និង​ចូលរួម​គ្រប់​កិច្ច​នៃ​នីតិវិធី
របស់​តុលាការ ទោះបីជា​នីតិវិធី​នោះ​ពេលខ្លះ​មាន​កំហុសឆ្គង​ក៏ដោយ។ តុលាការ​បាន​ចាត់តាំង អ្នកជំនាញ​ឲ្យ​មក​ធ្វើ​ប​ដិ​សវនកម្ម​លើ​របាយការណ៍​របស់ កាក់ កី ហើយ​សន​វករ​ទាំងនេះ​បានមក​បំពេញការងារ​របស់ខ្លួន​តាមរយៈ​ដីកា​ចាត់តាំង​ ចាប់ពី​ថ្ងៃទី ០៤ ខែ មេសា ឆ្នា ២០១៣ រហូតដល់​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ទើប​បានចេញ​របាយការណ៍​សវនកម្ម​លេខ ០៣០/១៣ អ​សជ.របក ចុះ​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ​ដែលមាន​អំឡុងពេល ០៨ ខែ ០៧ ថ្ងៃ គឺជា​អំឡុងពេល​ដ៏​យូរ​បំផុត​នៃ​ការបំពេញ​កិច្ចការ​នេះ។
របាយការណ៍​សវនកម្ម​លេខ ០៣០/១៣ អ​សជ.របក ចុះ​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ​គឺជា​របាយការណ៍​ដែល​គ្មាន​តម្លៃ​គតិយុត្ត​ សម្រាប់​ប្រើប្រាស់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១០១៨ ចុះ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១២ របស់​សាលាឧទ្ធរណ៍​នោះទេ​ដោយហេតុថា ៖
(១)សវន​ករ​មិន​គោរព​ដីកា​ចាត់​តាំងរបស់​តុលា​ការដែល​បានបញ្ជាក់​អំពី​ បេសកម្ម​របស់​សវន​ករ​ថា “សវន​ករ​ត្រូវធ្វើ​សវនកម្ម​ឯករាជ្យ​ក្នុងការ​ធ្វើ​ប​ដិ​សវនកម្ម​លើ​ របាយការណ៍​របស់ កាក់ កី លេខ០០៩ ចុះ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១១ ដែល​បានធ្វើ​សវនកម្ម​ក្នុង​ក្រុមហ៊ុន​អាន​កូ ក្រុមហ៊ុន​ខ្មែរ​អេ​ឡិច​ទ្រិ​ចខ​ល​ផៅ​វ័រ​ទាក់ទង​នឹង​ការបញ្ជា​ចំណូល‑ចំណាយ​ សាច់ប្រាក់​តាមរយៈ គណនី​ធនាគារ​របស់​ក្រុមហ៊ុន​អាន កូ និង ក្រុមហ៊ុន​ខ្មែរ​អេ​ឡិច​ទ្រិ​ចខ​ល​ផៅ​វ័រ​របស់​ហេង ឈាង មក​ត្រឹម​កាលបរិច្ឆេទ ហេង ឈាង ត្រូវបាន​បញ្ឈប់​ពី​ការងារ។ នៅក្នុង​ដែន​កំណត់ និង​កម្មវត្ថុ​សវនកម្ម​នៃ​របាយការណ៍​នេះ ត្រង់​ទំព័រ​ទី ២ បន្ទាត់​ទី ២៣បាន​បញ្ជាក់ថា “អាជ្ញាធរ​សវនកម្ម​ជាតិ​គឺ​ធ្វើ​ប​ដិ​សវនកម្ម​លើ​របាយការណ៍ កាក់ កី និង​ធ្វើ​សវនកម្ម​ឡើងវិញ….។
(២) សវន​ករ​ដែល​ត្រូវបានចាត់តាំង​ដោយ​តុលាការ​គឺ លោក ធុច បញ្ច​កំពូល លោក ស ពិសិដ្ឋ និង​កញ្ញា គង់ លក្ខិណា ហេតុអ្វី​អ្នក​ដែល​ចុះហត្ថលេខា​លើ​របាយការណ៍​សវនកម្ម​ជា លោកជំទាវ​សោម គីម​សួគ៌ ទៅវិញ? តើន​រណា​ជា​អ្នកទទួលខុសត្រូវ​លើ​របាយការណ៍​នេះ​ចំពោះមុខ​ច្បាប់?
(៣) អាជ្ញាធរ​សវនកម្ម​ជាតិ ឬ​លោកជំទាវ សោម គីម​សួគ៌ លោក ធុច បញ្ច​កំពូល លោក ស ពិសិដ្ឋ និង​កញ្ញា គង់ លក្ខិណា​គ្មាន​លក្ខណៈសម្បត្តិ​ធ្វើ​សវនកម្ម​ទៅលើ​ក្រុមហ៊ុន​ឯកជន​នោះទេ នេះ​បើ​យោងតាម​លិខិត​លេខ ០៥៩ សហវ.កជគ ចុះ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ លិខិត​លេខ ០៣៦ ចុះ​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៣ របស់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាត្រា ០២ និង​មាត្រា ០៣ នៃ​ច្បាប់​ស្តីពី​សន​វន​កម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០០។
(៤) អាជ្ញាធរ​សវនកម្ម​ជាតិ​ធ្វើ​របាយការណ៍​សវនកម្ម​ដោយ​គ្មាន​ស្តង់ដារ និង​ត្រូវបាន‑
បំពេញ​កិច្ច​ដោយ​ខុស​វិជ្ជាជីវៈ ដូចជា​ភស្តុតាង​របស់ ខ្ញុំ ហេង ឈាង មិនត្រូវ​បាន​សវន​ក​រ យកមក​ពិចារណា​ឲ្យ​បាន​ពេញលេញ ត្រឹមត្រូវ និង​សព្វ​ជ្រុងជ្រោយ​នោះទេ ដូចជា​លិខិត​លេខ​ UCB ១២/១២៨ចុះ​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១២ របស់​ធនាគារ​សហ​ពាណិជ្ជ ក.អ បានបញ្ជាក់​ពី​ចរន្ត​សាច់ប្រាក់​ចេញពី​គណនី ទេព កុលាប ‑ហេង ឈាង ទៅ​គណនី សុខ អ៊ី​ម‑ហេង ឈាង មាន​ចំនួន US$៦២,៦៩០,៣០០.៩១ (ហុកសិប​ពីរលាន​ប្រាំមួយ​សែន​ប្រាំបួន​ម៉ឺន​បី​រយ​ដុល្លារ​អាមេរិក​និង​ កៅសិប​មួយ​សេន)។ ដោយឡែក អាជ្ញាធរ​សវនកម្ម​ជាតិ​រក​ឃើញ ចរន្ត​សាច់ប្រាក់​ចេញពី​គណនី​ទេព កុលាប‑ហេង ឈាង ទៅ​គណនី​សុខ​អ៊ី​ម‑ហេង ឈាង មាន​ទំហំ​ទឹក​ប្រាក់​​ស្មើនឹង US$៦៣,១២៩,៩៨៩.៣៦ (ហុកសិប​បី​លាន​មួយ​សែន​ពីរម៉ឺន​ប្រាណ​បួន​ពាន់​ប្រាំបួន​រយ​ប៉ែត​សិប​​ ប្រាំបួន​ដុល្លារ​អាមេរិក​និង​សាមសិប​ប្រាំមួយ​សេន) និង​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​មាន​ភាពមិនប្រក្រតី​ចំនួន US$១០,៣៥៤,៥៦៦.១០ (ដប់​លាន​បី​ម៉ឺន​ប្រាំ​ពាន់​ប្រាំ​រយ​ហុកសិប​ប្រាំមួយ ដុល្លារ​អាមេរិក និង​ដប់​សេន)​ដោយ​គ្មាន​មូលដ្ឋាន និង​បាន​កាត់ចោល​ភស្តុតាង​ដែល​បញ្ជាក់​ពី​ចរន្ត​សាច់ប្រាក់​ចេញពី​គណនី ទេព កុលាប‑ហេង ឈាង ទៅ​គណនី សុខ អ៊ី​ម‑ហេង ឈាង ដែល​នាំ​ឲ្យ​សន​វក​រ​ថា​បាត់​លុយ​អស់ US$​៧,៧៤៩,៣៤៣.៨៥ (ប្រាំ​ពីរលាន​ប្រាំពី​សែន​បួន​ម៉ឺន​ប្រាំបួន​ពាន់​បី​រយ​សែសិប​បី​ដុល្លារ​ អាមេរិក និង​ប៉ែតសិប​ប្រាំ​សេន) ទៅវិញ តើ​បាត់​ដូចម្តេច បើ​សវ​នករ​ពិចារណារ​ភស្តុតាង​មិន​គ្រប់​ជ្រុងជ្រោយ។
(៥) ការប្រើប្រាស់​ពាក្យពេចន៍​ក្នុង​របាយការណ៍​សវន​កម្មនេះ ដូចជា​ពាក្យ “គៃបន្លំ​ប្រាក់” ពាក្យ “បំភ័ន្ត​ការពិត” ពាក្យ “បាន​បញ្ជា​ប្រាក់​ចេញ​ខុស​គោលដៅ” និង​ពាក្យ “បញ្ជា​ប្រាក់​ចេញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​‑សាច់​ញាតិ” ជាអាទិ៍ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការបំពេញ​កិច្ច ដោយ​ខុស​វិជ្ជាជីវៈ​សវនកម្ម បំពាន​ស្តង់ដា​សវនកម្ម​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រមសីលធម៌​សវន​ករ​នៃ​អាជ្ញាធរ​សវនកម្ម​ជា ដែល​ទាំងនេះ​ជា​បន្ទាល់​នៃ​អសមត្ថភាព ខ្វះ​មនសិការ​វិជ្ជាជីវៈ ភាពលំអៀង និង​ការបំពេញ​កិច្ច​តម្រូវ​ភាគី​ម្ចា​ង​ទៀត ដែលជា​បច្ច័យ​អាក្រក់ ជាង​សវន​ករ កាក់ កី ទៅទៀត។
(៦) របាយការណ៍​នេះ​ជា​របាយការណ៍​ក្លែង​ដោយ​អ្នកជំនាញ ដោយហេតុថា សវន​ករ មិនបាន​ដាក់បញ្ចូល​ភស្តុតាង​ដោះ​បន្ទុក ដូចជា ការទទួលស្គាល់​ទឹកប្រាក់​ចំនួន US$៤,៦១២,៧៧៥.៧០ (បួន​លាន​ប្រាំមួយ​សែន​មួយ​ម៉ឺន​ពីរពាន់​ប្រាំពីរ​រយ​ចិតសិប​ប្រាំ ដុល្លារ​អាមេរិក​និង​ចិតសិប​សេន)ពី​សំណាក់​លោកជំទាវ សុខ អ៊ី​ម ដែល​ពាក់ព័ន្ធ​នឹង​សោហ៊ុយ​ធ្វើ​ភូមិគ្រឹះ‑នៅ​ទួលគោក ដោយបាន​ទទួលស្គាល់​ចំពោះមុខ​សវន​ករ ផងដែរ នៅពេល​ធ្វើ​នីតិវិធី​តទល់​ដោយ​សវន​ករ នា​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី ៣០, ៣១ ខែ តុលា និង​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៣, មិនបាន​ដាក់បញ្ចូល ទឹកប្រាក់​ចំនួន US$១,២៥៣,៦៤០.៥៦ (មួយ​លាន​ពីរ​សែន​ប្រាំ​ម៉ឺន​បី​ពាន់​ប្រាំ​មួយ​រយ​សែសិប ដុល្លារ​អាមេរិក និង​ហាសិប​ប្រាំមួយ​សេន)និង​ទឹកប្រាក់​ចំនួន US$៩៧,៨៨៧ (ប្រាំបួន​ម៉ឺន​ប្រាំ​ពីរពាន់​ប្រាំបី​រយ​ប៉ែតសិប​ប្រាំពីរ​ដុល្លរ​ អាមេរិក)ដែលជា​ចំនួន​ទឹកប្រាក់​បានដាក់​បញ្ចូល​ទៅក្នុង​គណនី​លេខ ១០៥៥៥៨៥ របស់​ក្រុមហ៊ុន អាន​កូ នៅ​ធនាគារ កម្ពុជា​សាធារណៈ ដោយ​ភស្តុតាង​ទាំងនេះ ភាគី​ខ្ញុំបាទ ហេង ឈាង បានដាក់​ភស្តុតាង​ទាំងនេះ មក​សាលាឧទ្ធរណ៍​រួចហើយ កាលពី​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១។
(៧) របាយការណ៍​នេះ​បាន​សន្និដ្ឋាន​យ៉ាង​ងឹ​ត​ងងុល​ថា ខ្ញុំបាទ ហេង ឈាង​បាន​បញ្ជា​ប្រាក់​ចេញពី​គណនី​របស់​ភាគី​ដើមចោទ យកទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​សាច់ញាតិ ដោយ​គ្មាន​ការយល់ព្រម ឬ​ការអនុញ្ញាត ខណៈពេល​សវន​ករ​ទ​ទួល​ចម្លើយ​យ៉ាង​ច្បាស់លាស់​ពី​លោកជំទាវ សុខ អ៊ី​ម ដែល​បាន​ឯកភាព​ឲ្យ​ខ្ញុំ​បា​ទូទាត់​ថ្លៃ​សាងសង់​ភូមិគ្រឹះ​របស់លោក​ជំទាវ ហើយ​ប្រាក់​ថ្លៃឈ្នួល​ធ្វើ​ភូមិគ្រឹះ​នេះហើយ​ដែល​បានដាក់​បញ្ចូល​ទៅក្នុង​ គណនី ទេព កុលាប​ហេង ឈាង គណនី​ក្រុមហ៊ុន JCMK និង​គណនី ទេព កុលាប ទេព រស្មី និង​វង្ស សុ​ផា​ណា​រី។
(៨)របាយការណ៍​នេះ ត្រង់​ទំព័រ​ទី ៤ បាន​បញ្ជាក់ថា ចរន្តទឹក​ប្រាក់​ចេញពី​គណនី​របស់​ភាគី​ដើមចោទ (កុក អាន) ចូលទៅក្នុង​គណនី​រប​ស់ភា​គី​ចុង​ចម្លើយ (ហេង ឈាង)មាន​ចំនួន US$៦០,៥២៤,៧៦៧.១១ (ហុក​សិប​លាន​ប្រាំ​សែន​ពីរម៉ឺន​បួន ពាន់​បួន​ប្រាំពីរ​រយ​ហុកសិប​ប្រាំ ពីរ ដុល្លារ​អាមេរិក និង​ដប់​មួយ​សេន)រីឯ​ចរន្ត​ទឹក​ប្រាក់​ចេញពី​គណនី​ធនាគារ​របស់​ភាគី​ចុង​ ចម្លើយ ចូលទៅក្នុង​គណនី​ធនាគារ​របស់​ដើមចោទ (ទំព័រ​ទី៦) ថា​មាន​ចំនួន US$៦៣,១២៩,៩៨៩.៣៦ (ហុកសិប​បី​លាន​មួយ​សែន​ពីរម៉ឺន​ប្រាណ​បួន​ពាន់​ប្រាំបួន​រយ​ប៉ែតសិប​ ប្រាំបួន​ដុល្លារ​អាមេរិក​និង​សាមសិប​ប្រាំមួយ​សេន)នាំ​ឲ្យ​អាច​មើលឃើញថា ចំនួន​ទឹកប្រាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​ភាគី​ដើមចោទ គឺមាន​ចំនួន​តិចជាង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវបាន​បង្វិល​ចូល​ដោយ​ភាគី​ចុង​ ចម្លើយ ដោយ​មិនទាន់​រាប់បញ្ចូល​ទឹកប្រាក់​ថ្លៃ​ធ្វើ​ភូមិគ្រឹះ​ដែល​ត្រូវបាន​ ទទួលស្គាល់​ដោយ លោកជំទាវ សុខ អ៊ី​ម នៅឡើយ។
(៩) យោងទៅលើ​ទឡ្ហីករណ៍​ខាងលើនេះ ប្រាក់​របស់​ភាគី​ដើមចោទ មិនបាន​បាត់​នោះទេ ប្រសិនបើ​សវន​ករ បាន​ពិនិត្យ​ភស្តុតាង​ដោះ​បន្ទុក​របស់​ភាគី​ខ្ញុំ ហេង ឈាង ដែល​សវន​ករ បាន​កាត់ចេញ ដូចជា​លិខិតបញ្ជាក់​របស់​ធនាគារ​សហ​ពាណិជ្ជ ជាអាទិ៍។
ឯកឧត្តម​ប្រធាន​ជាទីគោរព! ជាថ្មី​ម្តងទៀត យើងខ្ញុំ សូមបញ្ជាក់​ជូន​តុលាការ​មេត្តា ជ្រាបថា ៖
(១) របាយការណ៍​នេះ​ផ្ទុយ​នឹង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ត្រង់​មាត្រា ១៦៥ ដែល​បាន​បញ្ញត្តិ “អ្នកជំនាញ​ត្រូវបានចាត់តាំង​តាម​ដីកា​របស់​តុលាការ…………. ដីកា​ត្រូវ​បញ្ជាក់​អំពី​បេសកម្ម និង រយៈពេល​បំពេញ​បេសកម្ម។ ដីកា​ចាត់​តាំងរបស់​តុលាការ​គឺ​ធ្វើ​ប​ដិ​សវនកម្ម មិនមែន​ធ្វើ​សវនកម្ម​ឡើងវិញ​នោះទេ។
(២) របាយការណ៍​នេះ​ផ្ទុយ​នឹង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ត្រង់​មាត្រា ១៦៨ ដែល​បាន​បញ្ញត្តិ “អ្នកជំនាញ​ដែល​ត្រូវបាន​បំពេញ​បេសកម្ម​ដោយ​ដីកា​ចាត់តាំង…………… កាលណា​ប្រតិ​ប​តិ្ត​ការ​ត្រូវ​បានបញ្ចប់​ត្រូវធ្វើ​របាយការណ៍……….. និង​ធ្វើ​សេចក្តីសន្និដ្ឋាន………អ្នកជំនាញ​ត្រូវ​បញ្ជាក់ថា ធ្វើ​ដោយ​ខ្លួនឯង………….ដោយ​ចុះ​កាល​បរិ​ចេ្ឆ​ទ និង​ហត្ថលេខា។ របាយការណ៍​នេះ​ចុះហត្ថលេខា​ដោយ​លោកជំទាវ សោម គីម​សួគ៌ ដែល​មិនមែនជា​អ្នកជំនាញ​ត្រូវបានចាត់តាំង​ដោយ​តុលាការ​នោះទេ។
(៣) របាយការណ៍​នេះ​មិនបាន​គោរព​តាម​វិធាន និង​បញ្ញត្តិ​ស្តីពី​ការ​ស៊ើបសួរ​ដែលជា លក្ខខណ្ឌ​ដាច់ខាត​ត្រូវតែ​គោរព​នោះទេ ដូច​បញ្ញត្តិ​ក្នុង​មាត្រា ២៥២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ “នាំ​ឲ្យ​មាន​មោឃភាព កាលណា​បំពាន​វិធាន ឬ​ទម្រង់​ដែល​ចែង​ដោយ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ……….ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ភាគី……………វិធាន ឬ​ទម្រង់​ដែល​សំខាន់​គឺជា​វិធាន ឬ​ទម្រង់​ដែលមាន​គោលបំណង​ការពារ​សិ​ទិ្ធ​របស់​ភាគី។
(៤) របាយការណ៍​នេះ​ធ្វើឡើង​ដោយ​អាជ្ញាធរ​សវនកម្ម​ជាគោលការណ៍​មិនមាន​តម្លៃ   គតិយុត្តិ សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ឡើយ ដូច​មានកំណត់​ក្នុង​លិខិត​លេខ ០៥៩ សហវ.កជគ ចុះ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ និង​លិខិត​លេខ ០៣៦ ចុះ​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៣របស់​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
(៥) មាត្រា ០៣ ចំណុច “ច” នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បា​នប​ញ្ញ​តិ្ត​អំពី​សំណើ​ពិសេស មាន​ខ្លឹមសារ អាជ្ញាធរ​សវនកម្ម​ជាតិ អាចធ្វើ​សវនកម្ម​បាន​ប្រសិនបើ មាន​សំណើ​ពិសេស នៅក្នុង​វិសាលភាព​នៃ មាត្រា ០២ នៃ​ច្បាប់​នេះ មានន័យថា ធ្វើ​សវនកម្ម ទៅលើ​ស្ថាប័ន​សាធារណៈ មិនមែន​ធ្វើ​សវនកម្ម​ទៅលើ​ក្រុមហ៊ុន​ឯកជន នោះទេ
(៦) របាយការណ៍​នេះ​បាន​ប្រើប្រាស់​ពាក្យពេចន៍ ផ្ទុយ​នឹង​ក្រមសីលធម៌​មន្ត្រីរាជការ សវនកម្ម​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ចុះ​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០០២ និង ឆ្នាំ ២០១។
ឯកឧត្តម​ប្រធាន​ជាទីគោរព! យើងខ្ញុំ​បាន​តវ៉ា​ម្តង​ហើយ​ម្តងទៀត​អំពី​ចំណាត់ការ​របស់​សវន​ករ ការស្នើសុំ​កំណត់​ដែន​កំណ​ត់ប​ដិ​សវនកម្ម កម្មវត្ថុ​នៃ​ការធ្វើ​ប​ដិ​សវនកម្ម នីតិវិធី​នៃ​ការធ្វើ​ប​ដិ​សវនកម្ម ស្តង់ដារ​ស​នវកម្ម​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ករណីនេះ ទាំង​ផ្ទាល់មាត់ ទាំង​ការ​កត់​កំណត់ហេតុ​របស់​សវន​ករ ទាំង​ជាមួយ​ចៅក្រម​ទទួលបន្ទុក​សំណុំរឿង និង​បានធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី ០៤ ខែ វ​ច្ឆិ​កា ឆ្នាំ ២០១៣ អំពី​ចំណាត់ការ​របស់​សវន​ករ អំពី​លក្ខណៈសម្បត្តិ​របស់​សវ​នករ‑តម្លៃ​នៃ​របាយការណ៍​ដែល​ធ្វើឡើង​ដោយ​សវន​ ករ ជាអាទិ៍ ប៉ុន្តែ​គ្មាន​ការឆ្លើយតប ហើយ​ជា​លទ្ធផល​របាយការណ៍​នេះ​ខុសច្បាប់​ទាំងស្រុង។ ជា​សំណូមពរ យើងខ្ញុំ ស្នើសុំ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ និង​សូម​សាលាឧទ្ធរណ៍​ធ្វើ​សេចក្តីសម្រេច​មោឃភាព​របាយការណ៍​សវ​ន​កម្ម​លេខ ០៣០/១៣ អ​សជ.របក ចុះ​ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ ដោយ​ផ្អែកលើ​ទឡ្ហីករណ៍ និង​មូលដ្ឋាន​គតិយុត្ត ដូច​មានកំណត់​ខាងលើ៕
________________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍