សហជីព​មួយ រិះគន់​គណបក្ស​ប្រឆាំង​ថា កំពុង​ញុះញង់​កម្មករ​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​​

12/26/2013 0 Comments A+ a-

ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​(CCNU) ដែល​ដឹកនាំ​ដោយ លោក សោម អូន ប្រកាស​គាំទ្រ​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​៩៥​ដុល្លារ សម្រាប់​ឆ្នាំ​២០១៤ និង​ចាត់​ទុក​ការតវ៉ា​របស់​កម្មករ​នៅពេលនេះ គឺជា​ការ​ញុះញង់​របស់​គណបក្សប្រឆាំង​។​
​ក្រសួង​ការងារ កាលពី​ថ្ងៃ​ពុធ បាន​ប្រកាស​ឲ្យ​កម្មករ គោរព​តាម​ការសម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ស្ដី​ពី​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូចខាងក្រោម ៖ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​។​
​សេចក្តីថ្លែងការណ៍​របស់ CCNU ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ឲ្យដឹងថា ការដំឡើង​ប្រាក់​ឈ្នួល​នេះ គឺ​សមស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង ដោយ​សហជីព​នេះ បដិសេធ​ទទួល​ស្គាល់​ចំពោះ​សហជីព​ខិលខូច ដែល​គ្មាន​បញ្ជី​ការ​ផ្លូវច្បាប់ និង​មេគណបក្សនយោបាយ​ដែល​ឃោសនាះ​អះអាងថា ខ្លួន​ជា​តំណាង​ឲ្យ​សហជីពកម្ម​ក​រ នឹង​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​១៦០​ដុល្លារ ដែល​ជា​ការ​បោក​បញ្ឆោត​កម្មករ​ឲ្យចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​។​
​សហជីព​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​កម្មករ រក្សា​ភាព​ស្ងប់ស្ងៀម កុំ​ចូលរួម​នូវ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ សន្តិសុខ​ការងារ និង​បរិយាកាស​វិនិយោគ​។ សហជីព ក៏​បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ចាត់វិធានការ​ផ្លូវច្បាប់ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជន​ខិលខូច​មួយចំនួន ដែល​បង្ក​អុកឡុក និង​ញុះញង់​គំរាមកំហែង​កម្មករនិយោជិត ឲ្យចូល​រួម​ធ្វើ​ការប្រឆាំង​តវ៉ា​ទៅ​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្តី​ពី​ ការដំឡើ​ង​ប្រាក់​ឈ្នួល​។​
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ពុធ ប្រកាសថា សហភាព​សហជីព​កម្ពុ​ជា​(CCU) របស់លោក រ៉ុង ឈុន មិនមែន​ជា​សហជីព​ស្របច្បាប់ ខណៈ​ប្រធាន​សហជីព​នេះ កំពុង​ប្រមូលផ្តុំ​កម្មករ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ៕ ប្រភព វីអូឌី