ក្រសួងការងារ ប្រកាសឲ្យកម្មករគោរពតាមយន្តការដំឡើងប្រាក់ឈ្នួលចាប់ពី៩៥ដុល្លារនៅឆ្នាំ២០១៤
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃពុធនេះ បានចេញសេចក្ដីជូនដំណឹងជាថ្មីអំពាវនាវឲ្យកម្មករ និយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្ដរជាតិ រក្សាភាពនឹងនរ និងគោរពតាមយន្តការដំឡើងប្រាក់ឈ្នួលចាប់ពី៩៥ដុល្លារនៅឆ្នាំ២០១៤។
ការប្រកាសនេះ ធ្វើឡើងខណៈកម្មកររាប់ម៉ឺននាក់ កំពុងតែតវ៉ាជាទ្រង់ទ្រាយធំមួយ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឲ្យដឹងថា ការសម្រេចស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមា គឺជាសមត្ថកិច្ចរបស់គណៈកម្មការប្រឹក្សាការងារដែលជាយន្ដការត្រីភាគីរវាងរាជរដ្ឋាភិបាល តំណាងអង្គការនិយោជក និងតំណាងអង្គការសហជីពកម្មករនិយោជិត។ ក្រសួងបន្តថា ក្នុងយន្តការនេះ ភាគីនីមួយៗមានសិទ្ធិលើកសំណើរបស់ភាគីខ្លួន ឯការសម្រេចគឺត្រូវយកសំឡេងភាគច្រើននៃគណៈកម្មការប្រឹក្សាការងារ ដែលជាយន្ដការត្រីភាគី មិនមែនជាយន្ដការផ្ដាច់មុខរបស់ភាគីណាមួយនោះទេ។

(កម្មករជាង១ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ដោយទាមទារឲ្យដំឡើងប្រាក់ឈ្នួល/ញឹម សុខន)
ក្រសួងបានប្រកាសឲ្យកម្មករ គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ។
សេចក្តីជូនដំណឹងបន្ដថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពានាវដល់អង្គការ សហជីពបញ្ឈប់សកម្មភាពបំផុសបំផុលបាតុកម្ម និងអនុវត្តតាមសេចក្ដីសម្រេចដូចមាននៅក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ដើម្បីសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
ក្រសួងការងារ សន្យាថា នឹងរៀបចំយន្ដការយន្ដការដើម្បីតាមដានរាល់សកម្មភាពទាំងឡាយរបស់អង្គការសហជីព និងអង្គការនិយោជកក្នុងការអនុវត្តសេចក្ដីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនល្មើសតាមផ្លូវច្បាប់៕

