កម្មករ​ជីក​រ៉ែ​ម្នាក់​ត្រូវ​ដី​បាក់​សង្កត់​ស្លាប់​ពេល​កំពុង​រុក​រក

12/04/2013 0 Comments A+ a-

mining-in-BDបាត់ដំបងៈ អា​ជ្ញាធរ​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ដោយ​សារ​ការ​បាក់​ដី​រុក​រក​រ៉ែ​នៅ​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​ បាត់​ដំបង​កាល​ពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពួក​គេ​ជិក​រក​រ៉ែ​ក្នុង​ជម្រៅ​ ​៥​ម៉ែត្រ។
លោក​ ផាន់ ​សាន់ ​មេ​ប៉ុស្តិ៍ ​ភ្នំ​ព្រឹក​បាន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​រង​របួ​ស​ស្រាល​ដោយ​សារ​បាក់​ដី​ពេល​ពួក​គេ​កំពុង​ជីក​រក​រ៉ែ​ក្នុង​ជម្រៅ ​៥ ​ម៉ែត្រ​នៅ​ភ្នំ ​ត្រងោល​ ស្ថិត​នៅ​ឃុំ ​ភ្នំ​ព្រឹក ​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​បាត់​ដំបង​ កាល​ល្ងាច​ថ្ងៃ​ច័ន្ទ​។​
លោក​ថា​ ពួក​គេ​មាន​គ្នា​បី​នាក់​បាន​នាំ​គ្នា​ទៅ​ជីក​រក​រ៉ែ​ក្នុង​នោះ​ម្នាក់​បាន​ចុះ​ទៅ​ដល់​ជម្រៅ​៥​ម៉ែត្រ​ក៏​ត្រូវ​ដី​បាក់​ចូល​សង្កត់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​រី​ម្នាក់​ទៀត​រង​របួស​ស្រាល​។​ចំណែក​ម្នាក់​ទៀត​មិន​បាន​ចុះ​នោះ​ទេ​បន្ទាប់​ពី​ឃើញ​ហេតុ​ការណ៍​បាន​ផ្អើល​ឆោ​ឡោ​តែ​ម្តង។​
លោក​ថា​«ពួក​គេ​បាន​ចុះ​ក្នុង​ជម្រៅ​ ៥​ ម៉ែត្រ​ក៏​ជួប​ហេតុ​ការណ៍​បាក់​ដី​សង្កត់​លើ​។ ​តាម​ពិត​ពួក​គេ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ជា​លក្ខណៈ​គ្រួសារ​មិន​មែន​ជា​កម្មករ​ក្រុម​ហ៊ុន​ណា​មួយ​នោះ​ទេ​ដែល​ពួក​គេ​គ្មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ»។
អ្នក​ស្លាប់​មាន​ឈ្មោះ ​ប៊ន ​បឿន ​អាយុ​ ៣១ ​ឆ្នាំ​និង​អ្នក​របួស​ស្រាល​មាន​ឈ្មោះ​ អ៊ាត ​គ្រី ​អាយុ​ ២១​ឆ្នាំ​។​
លោក​ ម៉ែន ​សែត ​ជា​មេ​ឃុំ​ភ្នំ​ព្រឹក​បាន​ថ្លែង​ថា​ គ្រួសារ​ភាគ​ច្រើន​នាំ​គ្នា​ជីក​រក​រ៉ែ​យ៉ាង​អាណា​ធិប​តេយ្យ​និង​អ្នក​ចំណាក​ស្រុក​ផង​ដែរ​បាន​នាំ​គ្នា​ធ្វើ​អាជីវកម្ម​មួយ​នេះ​លួច​លាក់​ដែល​គ្មាន​ច្បាប់​ទំលាប់​ត្រឹម​ត្រូវ​និង​គ្មានបទ​ដ្ឋាន​​បច្ចេក​ទេស​ច្បាស់​លាស់។​
លោក​ថា​ «ភាគ​ច្រើន​ពួក​គេ​ជា​អ្នក​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ​ស្គាល់​បង​ប្អូន​នៅ​ទី​នេះ​នាំ​គ្នា​ជីក​រក​រ៉ែ​គ្មាន​សុំ​ច្បាប់​អី​នោះ​ទេ​ដែល​ជា​ការ​គ្រោះ​ថ្នាក់​ប្រថុយ​ប្រថាន​នឹង​ជីវិត»។​
លោក​បន្ថែម​ថា​ ពួក​គេ​ចេះ​ជា​លក្ខណៈ​ត​គ្នា​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​ក្នុង​ការ​ជីក​រក​រ៉ែ​ដើម្បី​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​មួយ​នេះ។​
លោក​ ជឺ​ ឈៀង​ ប្រធាន​ឧស្សា​ហកម្ម​រ៉ែ​និង​ថាម​ពល​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ថា ​លោក​មិន​បាន​ដឹង​ពី​ហេតុ​ការណ៍​មួយ​នេះ​នោះ​ទេ​ព្រោះ​លោក​ជាប់​រវល់​មក​ប្រជុំ​នៅ​ភ្នំ​ពេញ។​