ក្នុងនាមពលរដ្ឋខ្មែរសុំអ្នកនយោបាយរស់ដោយសុខសន្តិភាពផងបានទេ?
តាមពិតជាក់ស្តែង ស្រុកខ្មែរសម្បូរណាស់អ្នកនយោបាយ តែអត់ទាន់មានវីរបុរសពិតប្រាកដរបស់ខ្លួននៅឡើយទេ និងក៏គ្មានវប្បធម៌ចុះចេញពីតំណែងដែរ ហើយម្នាក់ៗប្រកាន់អត្តចរិតរឹងត្អឹង អត់ពីអញទៅគ្មាននរណាធ្វើការកើតទេនៅស្រុកខ្មែរនោះ ហើយបើបានឡើងកាន់អំណាចវិញ គឺប្រមូលយកទាំងអស់អ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នរណាធ្វើអ្វី ក៏ត្រូវតែឆ្លងកាត់ការសម្រេចចិត្តពីពួកគាត់ដែរ តែបញ្ជាទៅណាគឺទៅហ្នឹងហើយ។ អ្នកនយោបាយណាមួយដែលមិនអះអាងថា គិតគូរពីរឿងប្រទេសជាតិ និងប្រជាពលរដ្ឋ? មកដល់បច្ចុប្បន្ននេះអ្នកនយោបាយទាំងអស់នោះ បានគិតគូរអ្វីខ្លះដែលជាកង្វល់របស់ប្រជាពលរដ្ឋហើយឬនៅ? បើទោះបីជាអត់មានឃ្លានហូបឬក៏មានកប់ពពកក៏ប្រជាពលរដ្ឋម្នាក់ៗ នៅតែគិតពីរឿងនយោបាយអារម្មណ៍វិលវល់ជុំវិញតែបញ្ហាអស្ថិរភាពនយោបាយ ជាពិសេសនៅក្រោយការបោះឆ្នោតជាតិរួចម្តងៗ។
ឯអ្នកនយោបាយវិញ គឺគ្មានទៅខ្វល់ពីរឿងសុខុមាលភាពប្រជាពលរដ្ឋទេ គឺមួយថ្ងៃៗដេកតែគិតថា ធ្វើម៉េចឲ្យតែបក្សខ្លួនឈ្នះគូបដិបក្ខរបស់ខ្លួនបន្ទាប់ពី បោះឆ្នោតកាលពីថ្ងៃ ទី២៨ ខែ កក្កដា កន្លងមកនេះ គណបក្សដែលឈ្នះឆ្នោតកៅអីក្នុងសភាជាតិទាំង ២ បក្សប្រជាជននិងបក្សសង្គ្រោះជាតិមិនបានស្រុះស្រួលគ្នាធ្វើការនៅ ឡើយទេ បក្សនីមួយៗអះអាងថា ខ្លួនឈ្នះរៀងៗខ្លួន។ តែបក្សប្រជាជនបន្តកាន់អំណាចតទៅទៀតទៅ ឯបក្សសង្គ្រោះជាតិនៅតែបន្តធ្វើការតវ៉ា តាមរយៈបាតុកម្មឥតស្រាកស្រាន្ត និងការស្វែងរកការគាំទ្រពីបរទេសឲ្យជួយជាដើម បើទោះបីជាមានការប្រជុំគ្នារកដំណោះស្រាយមួយចំនួនហើយក៏ដោយ គឺនៅតែមិនបានសម្រេចអ្វីជាដុំកំភួន ដោយសារតែបក្សទាំងពីរ មិនបានគិតគូរពីអារម្មណ៍ប្រជាពលរដ្ឋ និងជាតិដូចកាលមុនបោះឆ្នោតនោះទេ។ បក្សទាំង ២ នេះ ដេកគិតតែធ្វើម៉េចឲ្យតែបានឈ្នះចិត្ត បានអំណាច មានតែដាក់អន្ទាក់គ្នាទៅវិញទៅមក ដូចតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ដដែលៗ នៅពេលជួបប្រជាពលរដ្ឋគឺថា អ្នកនយោបាយនិយាយអួតតែពី រឿងបក្សឈ្នះតដូចតែគ្នាតែមិនបានចូលរួមធ្វើការជាមួយគ្នានៅ ឡើយទេ។
នៅពេលដែលដាក់អន្ទាក់គ្នាម្តងៗតាមរយៈការគំរាម ដូចជា ការធ្វើមហាបាតុកម្ម ការបិទផ្លូវដាក់បន្លាលួសការបង្ក្រាបបាតុករដោយហិង្សា ការប្រកាសកុំឲ្យម្ចាស់ជំនួយផ្តល់ជំនួយមកស្រុកខ្មែរ កុំឲ្យអ្នកវិយោគទុនមកស្រុកខ្មែរ ព្រោះស្រុកខ្មែរមិនមានស្ថិរភាពនយោបាយ និងប្រទេសមហាអំណាចធំៗ មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត និងការគំរាមដូរឈ្មោះសមាជិកសភាណាដែលមិនមកធ្វើការ ជាដើម ធ្វើឲ្យប្រជាពលរដ្ឋបន្តការគិតទៀតហើយពីរឿងនយោបាយ នយោសម្លនេះ។ ខ្លះនៅពេលដល់កន្លែងធ្វើការ ធ្វើឲ្យប៉ះពាល់អារម្មណ៍អត់មូលនៅកន្លែងធ្វើការទេ សមនឹងប្រាក់ខែតិចផង អ៊ីចឹងធ្វើការល្មមៗទៅផ្ទះទៅ រីឯអ្នករកស៊ីទាំងតូចតាច ទាំងធំដុំវិញ គឺចាំស្តាប់សូរតាមគ្នាមើលថា តើគេធ្វើបាតុកម្មកាត់តាមកន្លែងលក់ដូរឬមួយក៏អត់ ព្រោះខ្លាចគេបិទផ្លូវទៅ មិនមានភ្ញៀវមកទិញទំនិញ សល់របស់របរ ឬក៏លក់មិនដាច់សោះ គឺគ្មានអីក្រៅពីការខឹងសម្បានិងត្អូញត្អែរទេ ហើយបើអ្នកវិនិយោគទុនបរទេសធំៗវិញគឺបានត្រឹមតែមកអើតឡឺមៗ មិនហ៊ានចូលទេ ព្រោះមិនដឹងថា ការឡើងកាន់អំណាចនោះវាស្របច្បាប់ឬក៏អត់? ចុះបើបក្សប្រឆំាងថា មិនស្របច្បាប់ផងដោយចោទបក្សកាន់អំណាចថា លួចបន្លំសន្លឹកឆ្នោតពួកគេនោះ។ ពិសេសទៅទៀត ប្រជាពលរដ្ឋណាដែលចង់ទិញអចលនទ្រព្យធំដុំ ដូចជា ឡាន ផ្ទះសម្បែង វិឡា ដីធ្លី ជាដើម មួយចំនួនធំនៅតែមិនទាន់ហ៊ានទិញទេ ចំាមើលស្រុកស្រួលបួលសិនចាំទិញ ការចាំនៅតែចាំ អ្នកលក់ដែលយករបស់គេមកបង្វិលលក់ក៏នៅតែចាំ ការប្រាក់ដែលជំពាក់គេចេះតែកើនឡើងទៅៗដោយសារលក់របស់មិនដាច់។ ទាំងនេះសុទ្ធតែជាកង្វល់របស់ប្រជាពលរដ្ឋរស់នៅរាល់ថ្ងៃ ធ្វើឲ្យខាតបង់ពេលវេលា និងអាយុជីវិតខ្លាំងណាស់ គិតតែពីបញ្ហាស្ថិរភាពនយោបាយដោយសារតែអ្នកនយោបាយ មិនបានគិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋនោះ។
និយាយឲ្យខ្លីទៅថា អ្នកនយោយបាយស្រុកខ្មែរ ខុសពីស្រុក ថៃ គឺគេឈ្លោះគ្នាដើម្បីជាតិពង្រីកទឹកដី កេតនភណ្ឌអន្តរជាតិជាធំ គ្រាន់តែតុលាការអន្តរជាតិ អាយស៊ីជេ (ICJ) បកស្រាយសាលដីកាថា ដីនៅជុំវិញប្រាសាទព្រះវិហារ និងប្រាសាទ ជារបស់ខ្មែរ ហើយឲ្យប្រទេសថៃដកកងទ័ពភ្លាម កាលពីខែមុនស្រុកថៃ ចាប់ផ្តើមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់គេភ្លាម ហ្នឹងបានគេហៅថា គិតជាតិជាធំ។ ឯនៅស្រុកខ្មែរវិញ គឺឈ្លោះគ្នា តែពីរឿងដណ្តើមអំណាចគ្នាចង់ធ្វើធំ មិនសូវគិតគូររឿងស្រុកទេសខ្លួនឯងទេ ចង់ប្រទេសជិតខាងរំកិលចូលម្តងបន្តិចៗ ឬក៏មិនឲ្យពលរដ្ឋខ្មែរធ្វើស្រែលើដីខ្លួនឯងក៏ធ្វើមិនដឹង មិនឮទៅ ចង់អ្នកជិតខាងណាមកធ្វើទេសចរណ៍ឬមកលេងបងប្អូននៅស្រុកខ្មែរ ហើយមិនទៅវិញក៏បាន។ តែបើខ្មែរ និងខ្មែរគ្នាឯងវិញ អូ! តវ៉ា ឬក៏បាតុកម្ម ឬក៏បញ្ចេញមតិល្មមៗមិនបានទេ គឺបង្ក្រាបយ៉ាងចាស់ដៃកុំលលេងមិនបានទេរឿងនេះ។
នេះជាចរិតអ្នកនយោបាយស្រុកខ្មែរតាំងពីអើយរ៉ាមកនោះគឺអ៊ីចឹងឯង។
ការដែលឃើញភាពអយុត្តិធម៌ និងការស្រឡាញ់ស្រុកទេស ទឹក ដី ព្រៃភ្នំ ប្រជាជាតិដូចគ្នានេះហើយ បានជាពលរដ្ឋខ្មែរទៅដល់ទីណា រស់នៅទីណាក៏នៅតែគិតគូររហូត ឈឺក្បាលរហូត ចេះតែភ័យព្រួយខ្លាចព្រាត់ប្រាសបងប្អូនកូនចៅទៀតបើមិនជឿទេ ពេលណាមានឱកាសទៅជួបខ្មែរៗ ដែលទៅរៀនធ្វើការ ឬក៏រស់នៅបរទេស អ្នកទាំងនោះនឹងសួរយើងថា ម៉េចហើយនយោបាយស្រុកយើង បក្សពីរហ្នឹងត្រូវគ្នាហើយឬនៅ? ម្យ៉ាងវិញទៀតការ ដែលប្រជាពលរដ្ឋ ចំណាយពេលជាច្រើនគិតគូរតែពីរឿងអត់ប្រយោជន៍ មិនបានការបែបហ្នឹង គឺខាតតាំងពីអាយុ និងធ្វើឲ្យប្រជាពលរដ្ឋគិតគូរពីរឿងការអភិវឌ្ឍទៅមុខឲ្យបានលឿន ដូចប្រទេសជិតខាង ក្នុងប្លុកអាស៊ានមួយចំនួន ដែលពលរដ្ឋគេ គិតតែបញ្ហារីកចម្រើនសេដ្ឋកិច្ចទៅខាងមុខដើម្បីតាមឲ្យទាន់ប្រទេស ជឿនលឿននៅលើពិភពលោក។.ឧទាហរណ៍ដ៏ល្អជាគំរូមួយ ប្រទេស សិង្ហបុរី ជិតខាងយើង ជាសមាជិកអាស៊ានដូចគ្នា កាលសម័យ លោក លី ក្វាន់យូ អតីតប្រធានាធិបតីប្រទេស សិង្ហបុរី បានសួរព្រះបរមកោដ្ឋសម្តេចឪថា តើការកសាងទីក្រុង ភ្នំពេញ យ៉ាងម៉េច អីក៏ស្អាតម៉្លេះ មានតាំងពីរុក្ខវិថីពណ៌បៃតងស្រស់ថ្លាទៀត? តែជាង ៤០ ឆ្នាំក្រោយមក រាជធានីភ្នំពេញ និងទីក្រុង សិង្ហបុរី ខុសគ្នាស្រឡះតែម្តង ផ្លូវប៉ុនគ្នា តែផ្លូវនៅ សិង្ហបុរី ដាំដើមឈើសងខាង និងនៅលើទ្រូងផ្លូវ បៃតងខ្ចី ហើយមានផ្លូវសម្រាប់អ្នកដើរគ្មានសំរាម មិនហុយ អ្នកបើកបរគោរពច្បាប់មិនធ្វើឲ្យស្ទះចរាចរណ៍ ពេលភ្លៀងគ្មានលិចទឹក គ្មានទឹកដក់ទេ គឺស្អាតណាស់។
ប្រទេសសមាជិកអាស៊ានដូចគ្នា តែពិភពលោកមើលមកខុសគ្នាស្រឡះរវាងស្រុកខ្មែរ និង សិង្ហបុរី សូម្បីតែសហគមន៍អឺរ៉ុប មកធ្វើការនៅ សិង្ហបុរី វិញ គឺគេមកធ្វើការជាដៃគូដោយផ្តោតទៅលើវិស័យពាណិជ្ជកម្មវិនិយោគទុន និងសេដ្ឋកិច្ចដើម្បីពង្រីកវិសាលភាពទំនាក់ទំនងសហប្រត្តិការ អន្តរជាតិរបស់គេ រីឯសហគមន៍អឺរ៉ុបមកធ្វើការស្រុកខ្មែរវិញ គឺដៃគូផ្តោតទៅលើការអភិវឌ្ឍ ដូចជា វិស័យ អប់រំ សុខាភិបាល កិច្ចការសង្គម សិទ្ធិមនុស្សបញ្ហាយេនឌ័រ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិស័យឯកជន និងពាណិជ្ជកម្មជាមួយគ្នា អភិបាលកិច្ចល្អ ការផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិបរិស្ថាន ជាដើម ដែលវិស័យទាំងនេះ សិង្ហបុរី លែងសូវខ្វល់ខ្វាយទៅហើយនោះ។
បើអ្នកវិនិយោគទុនបរទេសមក សិង្ហបុរី ធ្វើការផលិត និងការជួញដូរទំនិញធំៗ តែបើគេមកស្រុកខ្មែរវិញ គឺគេផ្តោតទៅធ្វើរោងចក្រកាត់ដេរ អភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច យកឱកាសកាប់ឈើបំផ្លាញបរិស្ថាន បូមយករ៉ែ និងរំលោភយកដីពីប្រជាពលរដ្ឋ។ បើធ្វើការប្រៀបធៀបប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងមនុស្សម្នាក់វិញគឺខុសគ្នាមេឃហើយនឹងភ្នំ គឺ ៤០ដង ហើយអាយុជីវិតរំពឹងទុក គឺខុសគ្នាយ៉ាងខ្លាំងដែរ ប្រជាពលរដ្ឋ សិង្ហបុរី រស់ជាមធ្យមបានដល់ទៅ ៨១ ឆ្នាំ រីឯប្រជាពលរដ្ឋ ខ្មែរវិញជាមធ្យមរស់បានតែ ៦៣ ឆ្នាំទេ (HDR, 2011)។ យ៉ាងណាមិញ បើមើលគណៈប្រតិភូមកពីប្រទេស សិង្ហបុរី ទៅប្រជុំអាស៊ានគេដូរអស់ហើយ តាំងពីប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ានឆ្នាំ ១៩៩៩ មក រីឯគណៈប្រតិភូមកពីប្រទេស កម្ពុជា ទៅប្រជុំអាស៊ានមុខដដែលៗមិនចេះខ្មាសគេ ហ្នឹងហើយគំនិតចង្អៀតចង្អល់អត់អញគ្មាននរណាធ្វើការហ្នឹងកើតទេ។
និយាយជារួម គឺប្រទេស សិង្ហបុរី អ្នកនយោបាយគេ គិតគូរបញ្ហាប្រជាពលរដ្ឋគេ និងជាតិគេខ្លាំងណាស់ ជីវិតកម្សាន្តគេ ចង់ដើរលេងប្រទេសណាក៏បានយ៉ាងសប្បាយដែរ ចំណុចខ្លះគេរៀនពីខ្មែរសោះក្រោយមកគេធ្វើបានល្អជាងខ្មែរឯងទៅ ទៀត ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរ មិនព្រមរួបរួមគ្នា គិតគូរបញ្ហាប្រជាពលរដ្ឋខ្លួនឯងអ៊ីចឹង? ពលរដ្ឋខ្លះ កុំថាឡើយដើរកម្សាន្តទៅក្រៅប្រទេសសូម្បីតែក្នុងស្រុកខ្លួនឯង មិនទាន់ស្គាល់ផង ជាពិសេស អង្គរវត្ត និង កំពង់សោម ខ្លះមិនទាំងដឹងថាបែរមុខទៅណាផង។ សូមប្រាប់ផងថា តើពេលណា បានអ្នកនយោបាយខ្មែរ គិតគូរពីសុខុមាលភាពប្រជាពលរដ្ឋខ្លួនឯងដូចការសន្យាមុនការ បោះឆ្នោតនោះ?
មានមេរៀនមួយដ៏ល្អរបស់ប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីរបបសឹកយោធាកាន់អំណាចផ្តាច់ការជិតកន្លះសតវត្សរ៍ ប្រទេសនេះ បានដូរងាកមករករបបនយោបាយប្រជាធិបតេយ្យ និងសេដ្ឋកិច្ចមករកទីផ្សារសេរី ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋគេតាំងពីឆ្នាំ ២០១០ កន្លងមក ជាពិសេសនៅឆ្នាំនេះ ដើម្បីកុំឲ្យស៊យតទៅទៀត គឺដូរតាំងពីឈ្មោះប្រទេសនិងប្រជាពលរដ្ឋឲ្យកាន់តែច្បាស់ពីមុន គេ ហៅថាប្រទេស និងប្រជាជន ភូមា ឥឡូវគេហៅថាប្រទេស និងប្រជាពលរដ្ឋ មីយ៉ាន់ម៉ា ហើយសូម្បីតែទង់ជាតិ និងភ្លេងជាតិក៏ដូរដែរ។
ចុះស្រុកខ្មែរវិញ ដើម្បីអស់ «កម្ម» តទៅទៀត តើអ្នកនយោបាយរួបរួមគ្នា អាចដូរឈ្មោះកម្ពុជា «កម្មពុជា» ចេញបានទេ? ទៅជាឈ្មោះអ្វីដែលល្អជាងនេះទៅទៀត ឲ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្តត្រាណ អភិវឌ្ឍប្រទេសប្រកបដោយចីរភាព ហើយអ្នកនយោបាយទាំងអស់ គួរតែចាប់ផ្តើមគិតគូរពីប្រជាពលរដ្ឋខ្លួនឯងផង កុំគិតតែពីខ្លួនឯង និងបក្សខ្លួននោះ សុទ្ធតែខ្មែរដូចតែគ្នាទេ៕
ចូលរួមផ្តល់យោបល់តាមរយៈអ៊ីមែល soprach.tong@phnompenhpost.com
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍