បក្សសង្គ្រោះជាតិប្រកាសថានឹងមិនជួបចរចាបន្តជាមួយបក្សប្រជាជនកម្ពុជា
តើគណបក្សសង្គ្រោះជាតិ សម្រេចចិត្តមិនទាន់ជួបចរចា និងមិនចូលសភានោះ នឹងមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
គណបក្សប្រឆាំងបានប្រកាសពីជំហររបស់ខ្លួន នឹងមិនធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដរាបណាគណបក្សនេះទទួលយករបៀបវារៈរបស់ខ្លួន គឺការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ មិនព្រមចរចាជាមួយគណបក្សប្រជាជនកម្ពុជា នេះ ដោយគណបក្សនេះជ្រើសរើសយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជារឿងសំខាន់ជាង ដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរនៅពេលខាងមុខ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចា តែការចរចានោះ គឺគណបក្សប្រជាជនកម្ពុជា ត្រូវទទួលយកសំណើ ឬរបៀបវារៈរបស់គណបក្សសង្គ្រោះជាតិ អំពីការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិ មិនព្រមចូលចរចានោះឡើយ ហើយគណបក្សសង្គ្រោះជាតិ នឹងដឹកនាំធ្វើកូដកម្មនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ។
ការសម្រេចយកជម្រើសធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងមិនទាន់ចរចានេះ នៅក្រោយពេលតំណាងគណបក្សទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃទី៥ វិច្ឆិកា។ តំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ និងតំណាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា។ តំណាងគណបក្សទាំងពីរបានប្រកាសនៅក្នុងសន្និសីទកាសែតថា គណបក្សទាំងពីរធ្វើការចរចាបន្តនៅសប្ដាហ៍បន្ទាប់ តែរហូតមកទល់ពេលនេះមានរយៈពេលពីរសប្ដាហ៍ហើយ។
គណបក្សសង្គ្រោះជាតិ បានប្រកាសជាបន្តបន្ទាប់ថា ប្រសិនការចរចាពុំមានដំណោះស្រាយសមស្រប និងគ្មានតម្លាភាពអំណាចនៅក្នុងរដ្ឋសភាទេ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលស្បថចូលសភានោះទេ។
នៅក្នុងបរិបទនយោបាយជាប់គាំងបែបនេះ អ្នកវិភាគបានលើកឡើងថា អ្នកនយោបាយបានប្រើនយោបាយឈ្នះចាញ់ ឬនយោបាយឈ្នះឈ្នះ។
នយោបាយឈ្នះចាញ់នោះ គឺគណបក្សសង្គ្រោះជាតិ មុនចូលសភានោះទេ ហើយដឹកនាំធ្វើបាតុកម្ម និងធ្វើសេចក្តីថ្លែងការណ៍ជាចំហទៅកាន់បណ្ដាប្រទេសធំៗនៅលើសកលលោក មិនឲ្យផ្តល់ជំនួយ មិនឲ្យវិនិយោគ មិនឲ្យស្ថាប័នហិរញ្ញវត្ថុនានាមិនព្រមអនុញ្ញាតឲ្យប្រាក់ខ្ចី ហើយស្ថាប័ន គ.ជ.ប ប្រាំឆ្នាំក្រោយទៅមុខគ្មានការកែប្រែ ទីបំផុតការបោះឆ្នោតនីតិកាលទី៦ គ.ជ.ប បែបមិនឯករាជ្យដដែល។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា នៅតែជិះសេះលែងដៃ ព្រោះនៅក្នុងសភាមានតែគណបក្សតែមួយ នៅក្នុងរដ្ឋាភិបាលក៏មានតែបក្សតែមួយ។ ការដឹកនាំដោយឯកបក្សនេះ អំពើពុករលួយនៅតែបន្ត តុលាការនៅតែបន្តគ្មានយុត្តិធម៌ ប្រព័ន្ធផ្សព្វផ្សាយនៅតែមិនឯករាជ្យ ហើយគណបក្សប្រឆាំងក៏គ្មានឱកាសមានប្រព័ន្ធផ្សព្វផ្សាយដដែល ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងកែទម្រង់ស៊ីជម្រៅក៏ដោយ។ ចំពោះនយោបាយឈ្នះឈ្នះវិញ គណបក្សសង្គ្រោះជាតិ ត្រូវតែចូលក្នុងរដ្ឋសភា ដើម្បីមានឱកាសឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល និងធ្វើគោលនយោបាយផ្សេងៗ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវមានកញ្ចប់នយោបាយរួមមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនព្រមធ្វើការស៊ើបអង្កេតលទ្ធផលបោះឆ្នោតទេនោះ។ កញ្ចប់នយោបាយនោះ គណបក្សសង្គ្រោះជាតិ ត្រូវទាមទារឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ លុបបំបាត់អំពើពុករលួយ ទាមទារស្ថាប័នព័ត៌មានរបស់ខ្លួន វិទ្យុ ទូរទស្សន៍របស់ខ្លួន និងបញ្ហាផ្សេងៗទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានហៅការសម្រេចរបស់គណបក្សសង្គ្រោះជាតិ ជាការសម្រេចមិនទាន់គ្រប់ជ្រុងជ្រោយនោះឡើយ។ លោកបញ្ជាក់ថា ការសម្រេចបែបនេះ នឹងអវិជ្ជមាន។ ផលអវិជ្ជមាននោះ គឺប្រជាពលរដ្ឋទាំងបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងប្រឈមហានិភ័យខ្ពស់។
អ្នកវិភាគបានលើកឡើងទៀតថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចូលសភា គណបក្សនេះនឹងអាចបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋមួយចំនួននៅអាណត្តិក្រោយ។ ប៉ុន្តែ បើគណបក្សនេះមិនចូល គឺគណបក្សនេះទាញយកការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋ ហើយអាចនឹងមានរបត់នយោបាយផ្លាស់ប្ដូរដ៏ធំមួយក៏ថាបាន។
ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា វិញ ក៏មានការព្រួយបារម្ភ នៅពេលដឹកនាំសភា និងរដ្ឋាភិបាលម្នាក់ឯងនោះដែរ។ ពិសេសទៅទៀត នៅពេលគណបក្សប្រជាជនកម្ពុជា ធ្វើកំណែទម្រង់មិនបានទៅទៀតនៅពេលនេះ គណបក្សកាន់អំណាចនឹងបាត់បង់អ្នកគាំទ្រកាន់តែខ្លាំងថែមទៀតនៅពេលបោះឆ្នោតខាងមុខ នៅខណៈដែលប្រជាពលរដ្ឋភាគច្រើនកំពុងអស់ជំនឿលើគណបក្សនេះស្រាប់នោះ ហើយរដ្ឋាភិបាល ឬសភាបច្ចុប្បន្ននៅតែជាសភា និងរដ្ឋាភិបាលអត់ស្របច្បាប់។ ម្យ៉ាងទៀត រដ្ឋាភិបាលនឹងលំបាកស្វែងរកជំនួយ និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកកម្ពុជា កាន់តែច្រើន។
ប្រទេសកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រច្រំដែលអំពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្សនេះ ពីព្រោះថា ក្រោយពីការបោះឆ្នោត គណបក្សប្រឆាំងបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពមិនប្រក្រតីចំពោះលទ្ធផលបោះឆ្នោតនោះ គិតចាប់ពីកម្ពុជា បានរៀបចំការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សលើកដំបូងឆ្នាំ១៩៩៣ មក ហើយនៅអាណត្តិទី៣ ឆ្នាំ២០០៣ ភាពជាប់គាំងនយោបាយបានអូសបន្លាយពេលយូរដល់ជាង ១១ខែ ដោយសារគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានបង្កើតសម្ពន្ធភាពជាមួយគ្នាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារតែភាពមិនប្រក្រតីនោះ។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគបានលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រូវតែចូលសភាជាជម្រើសល្អជាងនៅក្រៅសភា ហើយការចូលសភានេះទៀត មិនត្រូវយកតួនាទីណាមួយក្នុងសភានោះទេ ចូលជាសមាជិកសភាសាមញ្ញ។ ហើយនៅពេលនោះ សមាជិកសភាគណបក្សសង្គ្រោះជាតិ មានសិទ្ធិសព្វបែបយ៉ាងធ្វើគោលនយោបាយដាក់ទៅរដ្ឋាភិបាល និងឃ្លាំមើលការដឹកនាំរបស់រដ្ឋាភិបាលផ្សេងៗទៀត។ ពិសេស មានសិទ្ធិទាមទារឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្ដូរមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននៅគ្រាដែលរដ្ឋាភិបាលមានឆន្ទៈក្នុងការកែទម្រង់ការបោះឆ្នោត ដោយស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយផងនោះ៕