ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជំរុញឲ្យរដ្ឋាភិបាលស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើ
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន គាំទ្ររបាយការណ៍ស៊ើបអង្កេតមួយដែលធ្វើឡើងដោយអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ស្ដីពីមហន្តរាយនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
លោក រ៉ុង ឈុន មានប្រសាសន៍ថា អង្គការលោកបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ដោយលើកបង្ហាញនូវវត្ថុបំណងសំខាន់ពីរចំណុច ទីមួយលោកចាប់អារម្មណ៍នឹងរបាយការណ៍ស្ដីពីក្រុមហ៊ុន ទ្រី ភាព ប្រគល់ដីសម្បទានមកឲ្យរដ្ឋាភិបាលវិញចំនួន ១ម៉ឺនហិកតារ។ លោកអត្ថាធិប្បាយថា ការប្រគល់ឲ្យនេះធ្វើឡើងបន្ទាប់ពីបានកាប់យកព្រៃឈើធំៗអស់ ដោយមិនមានការអភិវឌ្ឍអ្វីទាល់តែសោះ។ ទីពីរ មានការរកឃើញថា ក្រុមហ៊ុន ទ្រី ភាព បានប្រគល់លុយ ១លានដុល្លារ ជាប្រាក់ឧបត្ថម្ភប្រចាំខែទៅឲ្យក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា។
លោក រ៉ុង ឈុន៖ «ឃើញថាលុយនេះច្រើនសន្ធឹកសន្ធាប់ណាស់ វាមានភាពមិនប្រក្រតី ហើយក្រុមហ៊ុនហ្នឹង អ៊ីចឹងហើយបានជាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្តីថ្លែងការណ៍នេះឲ្យរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែធ្វើការស៊ើបអង្កេតអំពើពុករលួយ ទាក់ទងនឹងក្រុមហ៊ុន ទ្រី ភាព ដែលបានកាប់បំផ្លាញព្រៃឈើខុសច្បាប់ដឹកនាំឈើចេញទៅខាងក្រៅនេះ បើតាមរបាយការណ៍អះអាងនៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយថ្មីៗនេះ ប៉ុន្តែយើងឃើញបញ្ហាហ្នឹងតែងតែកើតមានជារឿយៗ អង្គភាពប្រឆាំងអំពើពុលរលួយហាក់បីដូចជាដេកលក់»។
កាលពីថ្ងៃទី២០ វិច្ឆិកា អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍ឃ្លាំមើលធុរកិច្ច និងវិនិយោគនៅកម្ពុជា ភាគ១ ស្តីអំពីក្រុមហ៊ុន ទ្រី ភាព និងនយោបាយ ប្រមូលឈើឲ្យអស់ពីស្រុកខ្មែរ។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បានបង្ហាញថា របាយការណ៍នេះមានកម្រាស់ប្រមាណ ៥០ទំព័រ និងបានបង្ហាញលម្អិតពីទិដ្ឋភាពសំខាន់ៗជាច្រើន ដូចជាការកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុន ទ្រី ភាព ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច អំពើពុករលួយ និងការឃុបឃិតគ្នារវាងក្រុមហ៊ុន និងមន្ត្រីថ្នាក់កំពូលនៃរដ្ឋាភិបាលជាដើម៖ «យើងបានធ្វើការជាមួយក្រុមហ៊ុន ទ្រី ភាព ដែលយើងរកឃើញថា ក្រុមហ៊ុនគាត់ជាក្រុមហ៊ុនខុសច្បាប់ ដែលមិនបានអនុវត្តតាមកិច្ចសន្យាជាមួយរដ្ឋាភិបាលកន្លងមក។ ហើយតាំងពីគាត់បានទទួលដីសម្បទានពីរដ្ឋាភិបាលមក បញ្ហាអាជីវកម្មរបស់គាត់ជាចម្បងគាត់កាប់តែឈើប្រមូលឈើដោយមិនមានអភិវឌ្ឍអ្វីទាំងអស់ ជាពិសេសគាត់ចាប់យកដីពីរដ្ឋាភិបាល ហើយទុកនៅទំនេរអត់មានអភិវឌ្ឍអ្វីទាំងអស់ នៅក្នុងតំបន់មួយចំនួន ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសថ្មដា នៅតំបន់ខេត្តស្ទឹងត្រែង នៅកំពង់ធំ នៅព្រះវិហារ អីជាដើម គឺគាត់កាប់តែឈើមួយមុខគត់ ក្រៅពីនោះមានដាំដំណាំបន្តិចបន្តួច ប៉ុន្តែមុខរបរនោះមិនមែនជាមុខរបរធំដុំសម្រាប់ផ្គត់ផ្គង់លើការចំណាយរបស់ក្រុមហ៊ុនបានទេ»។
របាយការណ៍នេះក៏បានបង្ហាញពីឃ្លាំងស្តុកឈើប្រណីត និងការជួញដូរឈើរបស់ក្រុមហ៊ុន ទ្រី ភាព នៅទូទាំងប្រទេស។
លោក អ៊ូច ឡេង បន្ថែមថា របាយការណ៍ដដែលនោះក៏បានបង្ហាញពីភាពមិនប្រក្រតីនៃការឧបត្ថម្ភប្រាក់ប្រចាំខែប្រមាណ ១លានដុល្លារ ទៅដល់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្រាប់ពង្រឹងបក្ស និងការចាយវាយផ្សេងៗ៖ «នៅមុនការបោះឆ្នោតចំណាយលើសជាង ១លានដុល្លារទៅទៀត ហើយខ្ញុំបានទៅសម្ភាសក្រុមគ្រួសារគាត់នៅកណ្ដាលស្ទឹង នៅត្បែង ហ្នឹង គឺក្រុមគ្រួសារគាត់មិនមានជីវភាពអីជាថៅកែ ជាឧកញ៉ាធំដុំប៉ុន្មានទេ ដោយសារតែគាត់សម្រុករកលុយកាក់ទៅផ្គត់ផ្គង់គណបក្សប្រជាជន ក៏ដូចជាគ្រួសារសម្ដេច ហ៊ុន សែន នេះជាចម្លើយរបស់អ្នកភូមិផងផ្ទះគាត់នៅភូមិត្បែង ស្រុកកណ្ដាលស្ទឹង ហើយនៅមុនបោះឆ្នោតហ្នឹង មានការដឹកឈើក្រញូង ឈើមានតម្លៃជាច្រើន ដើម្បីលាក់ទុកនៅផ្ទះគាត់នៅខេត្តកណ្ដាល នោះជាដើម»។
របាយការណ៍បានកត់សម្គាល់ទៀតថា ក្រៅពីចំណាយលុយឧបត្ថម្ភបក្សប្រជាជន និងសូកប៉ាន់ឲ្យមន្ត្រីធំៗក្នុងជួររដ្ឋាភិបាល ក្រុមហ៊ុននេះកម្រនឹងចាយលុយដើម្បីអភិវឌ្ឍជីវភាពប្រជាពលរដ្ឋក្រីក្រ កសាងផ្លូវ ឬសាលារៀននោះទេ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងទៅលោកឧកញ៉ា ទ្រី ភាព ជាម្ចាស់ក្រុមហ៊ុន មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីសុំប្រតិកម្មតបចំពោះរបាយការណ៍របស់អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បានទេ នៅល្ងាចថ្ងៃទី២១ វិច្ឆិកា។
យ៉ាងណាក្តី អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា គ្រោងនឹងផ្ញើរបាយការណ៍របស់ខ្លួននោះទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅសប្ដាហ៍ខាងមុខនេះ ដើម្បីធ្វើការស៊ើបអង្កេត និងមានវិធានការទប់ស្កាត់ជាបន្ទាន់។
ក្រៅពីនេះ របាយការណ៍ដដែលក៏នឹងត្រូវផ្ញើទៅអង្គទូតនានា ជាពិសេសផ្ញើទៅសហគមន៍ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីឲ្យពួកគាត់បានដឹងពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ការជួញដូរឈើខុសច្បាប់ចេញពីកម្ពុជា និងចូលរួមទប់ស្កាត់សកម្មភាពនេះ៕