អង្គការសង្គមស៊ីវិលអំពាវនាវបញ្ឈប់អំពើហិង្សាលើស្ត្រីនៅគ្រប់ទីកន្លែង
ការប្រមូលផ្តុំគ្នាហែរក្បួននេះធ្វើឡើង ខណៈពេលដែលសហគមន៍អន្តរជាតិ និងកម្ពុជាកំពុងបាននឹងប្រារព្ធទិវាយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាផ្នែកយែនឌ័រ ដែលបានចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ។
លោកស្រី ណាលី ពិឡូក នាយិកាអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍ថា «អំពើហិង្សានៅទីសាធារណៈ ដែលនាំឲ្យមានអំពើហិង្សានៅទីតាំងឯកជន មិនអាចត្រូវបានព្រងើយកន្តើយនោះឡើយ។ មិនមានការភ្ញាក់ផ្អើលនោះទេដែលប្រទេសកម្ពុជា មានអត្រាខ្ពស់នៃអំពើហិង្សាលើស្ត្រី នៅពេលដែលអាជ្ញាធរខ្លួនឯងប្រើប្រាស់ហិង្សាដោយមាននិទណ្ឌភាព»។
នៅពាក់កណ្តាលដើមឆ្នាំ ២០១៣ អង្គការសិទ្ធិមនុស្ស លីកាដូ បានទទួលពាក្យបណ្តឹងលើករណីអំពើហិង្សា ក្នុងគ្រួសារជិត ១០០ ករណី និងបានធ្វើការស៊ើបអង្កេតលើករណីរំលោភសេពសន្ថវៈជាង ៤០ ករណី។
យោងតាមការសិក្សាថ្មីមួយ ពីសំណាក់អង្គការដៃគូ សម្រាប់ការទប់ស្កាត់រាល់អំពើហិង្សា បានបង្ហាញថា អត្រានៃការប្រើប្រាស់អំពើហិង្សាផ្នែកយែនឌ័រ ក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងខ្ពស់គួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការសិក្សាស្រាវជ្រាវ បង្ហាញថា ជិត ២០% នៃបុរស ដែលបានធ្វើការសម្ភាសន៍ បានសារភាពថា អ្នកទាំងនោះ បានប្រើប្រាស់អំពើហិង្សាផ្លូវកាយ លើស្ត្រីជាដៃគូ ខណៈពេលមានចំនួន ២០% ផ្សេងទៀតបានសារភាពថា បានប្រើប្រាស់អំពើហិង្សាលើផ្លូវភេទ។
អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងដែរថា «មានករណីអំពើហិង្សាលើស្ត្រី បង្កឡើងដោយអាជ្ញាធររដ្ឋតិចតួចប៉ុណ្ណោះដែលត្រូវបានស៊ើបអង្កេត ហើយកាន់តែតិចតួចទៅទៀតលើករណីដែលមានការស៊ើបអង្កេតហើយមានលទ្ធផលក្នុងការដាក់ទណ្ឌកម្ម»។
អ្នកស្រីបន្តថា ដរាបណាភាពអសកម្មនេះនៅតែបន្ត អំពើហិង្សាលើស្ត្រី នឹងនៅតែកើតមានឡើងជារឿយៗនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងនូវករណីហិង្សាលើស្ត្រីធំៗ ចំនួន ៤ ករណី ដែលកើតឡើងក្នុងរយៈ ពេល ២ ឆ្នាំ ចុងក្រោយនេះ ដែលបង្កឡើងដោយអាជ្ញាធរសមត្ថកិច្ចរបស់រដ្ឋាភិបាល ដូចជា ករណីវាយបង្ក្រាបស្ត្រីអ្នកភូមិបឹងកក់ បុរីកីឡា និងវាយបង្រ្កាបនិងបាញ់ប្រហារលើកម្មការិនី SL ជាពិសេសការបាញ់ប្រហារលើហ្វូងកម្មករ កម្មការិនីពីសំណាក់អតីតអភិបាលក្រុងបាវិតជាដើម។
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ និងជាអ្នកដែលទើបតែទទួលបានការដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នរង់ចាំសវនាការ បន្ទាប់ពីអ្នកស្រីបានជាប់ពន្ធនាគារអស់រយៈពេលជាង ១៨ខែមកនេះ បាននិយាយថា «មានភាពមិនស្មើគ្នានៅទីនេះ នៅពេលដែលអាជ្ញាធរប្រើប្រាស់អំពើហិង្សាលើពួកយើង ចំណែកជនប្រព្រឹត្តបទល្មើសពុំត្រូវបានប្រឈមមុខ និងយុត្តិធម៌តាមប្រព័ន្ធតុលាការនោះទេ»។
អ្នកស្រី ទឹម សាក់មុន្នី ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បុរីកីឡាបានប្រសាសន៍ថា «យើងខ្ញុំ សូមសំណូមពរដល់ក្រសួងកិច្ចការនារី និងនគរបាល មេត្តាគោរពនារីភេទ ហើយសូមបញ្ឈប់នូវការប្រើប្រាស់ហិង្សាពីសំណាក់អាជ្ញាធរនានា មកលើអ្នកទាំងនោះ។ ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមគួរតែត្រូវបានគោរព»។
ក្រុមអង្គការសង្គមស៊ីវិល រួមមានទាំងសហគមន៍ដីធ្លី សហជីព ដើរហែរក្បួនដោយសាមគ្គី អំពាវនាវឲ្យបញ្ឈប់អំពើហិង្សា លើស្ត្រីនៅគ្រប់ទីកន្លែង។ រូបថត ហេង ជីវ័ន
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
