ផ្តន្ទា​ទោស​ស្រ្តី​វៀតណាម​៣​នាក់​ដាក់​គុក​ម្នាក់ៗ​ពី​២​ទៅ​៤​ឆ្នាំ ជួញ​គ្រឿង​ញៀន

11/28/2013 0 Comments A+ a-

_MG_3568ភ្នំពេញៈ ស្រ្តី​ជន​ជាតិ​វៀត​ណាម​ជាប់​ចោទ​ ៣នាក់​ត្រូវ​បាន​ចៅក្រម នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាស​នៅ​ព្រឹក​ថ្ងៃ ពុធ​នេះ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេលពី ២ទៅ៤ ឆ្នាំ និង ពិន័យ​ដាក់​ជា​ថវិកា​រដ្ឋ​ម្នាក់​ចំនួន ៤​លាន​រៀល ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់» ប្រព្រឹត្ត​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មិថុនា ២០១៣។
លោក សួស សំអាត ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អាន​សាល​ក្រម​ថាៈ​«តុលាការ​សម្រេច​ផ្តន្ទា​ទោស ជន​ជាប់​ចោទ​ឈ្មោះ ង្វៀង ធីគុក ភេទស្រី អាយុ ៤៥ឆ្នាំ ជន​ជាតិ​វៀត​ណាម និង​ឈ្មោះ ង្វៀង ធីខៀវ ភេទស្រី អាយុ ៣៣​ឆ្នាំ ជន​ជាតិ​វៀត​ណាម ដាក់​ពន្ធនាគារ​ម្នាក់ៗ រយៈ​ពេល ៤ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ចំនួន ៤​លាន​រៀល​សម្រាប់​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ ពី​បទ​«ជួញ​ដូរ​គ្រឿង​​ញៀន​ខុស​ច្បាប់ ។ ផ្តន្ទាទោស​ឈ្មោះ ទុង ធីមីតាក ភេទ​ស្រី អាយុ ២៦ឆ្នាំ ជន​ជាតិ​វៀត​ណាម ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ តែ​អនុវត្ត​ទោស​រយៈពេល​តែ ១៨​ខែ ​ទោស​នៅ​សេស​សល់​គឺ ត្រូវ​ព្យួរ​ទាំង​អស់ និង​ផាក​ពិន័យ​ចំនួន ២​លាន​រៀល​ពី​បទ​«ផ្សំ​គំនិត ក្នុង​អំពើ​ជួញ​ដូរ​គ្រឿង​​ញៀន​ខុស​ច្បាប់ »។
លោក​ប្រធាន​ចៅក្រម​ប្រឹក្សា​បាន​បញ្ជាក់​ថាៈ ស្ត្រី​ជន​ជាប់​ចោទ​ទាំង​៣នាក់​ខាង​លើ ត្រូវ​បាន​ចោទ​ប្រកាន់ ពី​តុលាការ​ពី​បទ​«ជួញ​ដូរ​ថ្នាំ​ញៀន​ខុស​ច្បាប់» និង «ផ្សំ​គំនិត ក្នុង​អំពើ​ជួញ​ដូរ​គ្រឿង​​ញៀន​ខុស​ច្បាប់ » តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​ត្រូវ​បាន​ចាប់​ឃាត់​ដោយ​សមត្ថកិច្ច​នគរបាល នៅ​ចំណុច​ផ្ទះ​ជួល​របស់​គេ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១១ ខែ​មិថុនា ២០១៣។
លោក​បាន​បន្ថែម​ថាៈ បន្ទាប់​ពី​ការ​បង្ក្រាប និង​ចាប់​ឃាត់​ខ្លួន សមត្ថកិច្ច​នគរបាល ដក​ហូត​បាន​ ថ្នាំ​ញៀន ប្រភេទ​មេតំហ្វីតាមីន​ ចំនួន៩ កញ្ចប់ ទម្ងន់​ប្រមាណ ៤០០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន១ គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន មួយ​ចំនួន​ផ្សេង​ទៀត ពី​ក្នុង​ផ្ទះ​ជួល​របស់​ពួកគេ។