កំពុងចូលលួចឥវ៉ាន់ តាមផ្ទះពេលរាត្រី ត្រូវប្រជាពលរដ្ឋ ដេញកាប់ត្រូវ ជាច្រើនពូថៅ

11/08/2013 0 Comments A+ a-

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាព ឡើងលួចទ្រព្យសម្បត្តិគេ ពេលរាត្រីត្រូវ ម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋជាច្រើននាក់ ប្រដាប់ដោយដំបង កាំបិត និងពូថៅ ដេញវាយនិងកាប់បណ្តាលឲ្យ របួសយ៉ាងធ្ងន់ធ្ងរ ក្នុងថ្លុកឈាម ហើយចាប់ប្រគល់ឲ្យ សមត្ថកិច្ច ចាត់ការតាមច្បាប់ កាលពី វេលាម៉ោង៣និង២៥នាទី ទាបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចដីសរ ក្រោយភោជនីយ៍ដ្ឋាន ពន្លឺនាគទិព្វ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ដែន សេរី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់ នៅម្តុំផ្សារយួន ភូមិក្បាលស្ពាន១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរ ជាកម្មករស៊ីឈ្នួលលីសែងផ្លែឈើដាក់រថយន្តនៅផ្សាររោងគ្លឿ។
លោកអធិការបានបន្តថា ចំពោះរឿងនេះ ជាបឋមប្រជាពលរដ្ឋបានចោទថាជនសង្ស័យ ជាចោរ និងបានប្រើហិង្សា កាប់បណ្តាលឲ្យ ជនសង្ស័យរបួសជាទម្ងន់ មិនទាន់អាច សួរនាំបានពេលនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលមានការយាមកាម យ៉ាងតឹងរឹងពីនគរបាល។ លោកបានបញ្ជាក់ថា ជួនកាល ជារឿងគំនុំ ហើយក៏បង្កាច់គេថា ជាចោរក៏មាន តែទោះបីយ៉ាង សមត្ថកិច្ចកំពុង បើកការស្រាវជ្រាវ ចំពោះករណី នេះហើយ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល