ធនាគារកាណាឌីយ៉ា ,អេស៊ីលីដានិងវីង ត្រូវបាន ក្រសួងហិរញ្ញវត្ថុជ្រើសយកជាកន្លែងបើកប្រាក់ខែ

11/29/2013 0 Comments A+ a-

images (1)ភ្នំពេញ: ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានសម្រេច​ជ្រើស​យក​ធនាគារ​កាណាឌីយ៉ា ,​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​វី​ង​ផ្ទេរប្រាក់ ធ្វើជា​ប្រតិបត្តិ​ករ សម្រាប់​ជួយ​បើក​ប្រាក់ខែ ជូន​មន្ត្រីរាជការ នៃ​ក្រសួង​មន្ទីរ​ចំនួន​៣៩​មាន​មន្ត្រីរាជការ​ប្រមាណ​ជាង​៨.០០០​នាក់​ដែល​គេ​រំពឹងថា នឹង​ចាប់ផ្តើម​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ទៅហើយ​។​

​    ​លោក​ជូ គីម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អ្នកឧកញ៉ា​ពុង ឃាវ សែ​ប្រធាន​ក្រុមប្រឹក្សា​ធនាគារ​កាណាឌីយ៉ា និង​តំណាង​របស់​ធនាគារ​អេស៊ីលីដា​និង​ក្រុម ហ៊ុន​វី​ង បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​ការប្រើប្រាស់​សេវាកម្ម​របស់ ប្រ​តិ្ត​ករទាំង​៣​ខាងលើនេះ​កាលពី​ល្ងាច​ថ្ងៃទី​២៧​វិច្ឆិកា​ឆ្នាំ​២០១៣​កន្លងមកនេះ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​
​    ​លោក​ជូ​គីម​ឡេង​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​បានបង្ហាញ​ពី​វឌ្ឍនភាព​ដ៏​ធំធេង​មួយទៀត​នៃ​កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​នីតិកាល​ទី​៥​នេះ​។​តាម​អនុស្សរណៈ​ខាងលើនេះ​រដ្ឋាភិបាល​បានសម្រេច​អោយធ្វើ​ការបើកប្រាក់​ខែម​ន្ត្រី​រាជការ​តាម​ប្រព័ន្ធ​ធនាគារ​ដោយ​អនុវត្ត​សាកល្បង​នៅ​ក្រសួង​ស្ថាប័ន​ចំនួន​៣៩​ដែលមាន​មន្ត្រីរាជការ​ចំនួន​ជាង​៨.០០០​នាក់​។​លោក​បាន​ថ្លែង​អោយដឹង​បន្ថែម​ដែរ​ថា​ការបើកប្រាក់​បៀវត្ស​តាម​ធនាគារ​នេះ​ត្រូវអនុវត្ត​សម្រាប់​មន្ត្រីរាជការ​ទូទៅ​រួមទាំង​កម្លាំងប្រដាប់អាវុធ​ទាំងពីរ​ប្រភេទ​ចាប់ពី​ឆ្នាំ​២០១៤​តទៅ​។​
​លោក​បាន​បន្ថែមថា​រដ្ឋា​ភិ​បាល​នឹង​ជម្រុញ​កែទម្រង់​បន្ថែមទៀត​នូវ​នីតិវិធី​និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ដើម្បីអោយ​ស​ម​ស្របតាម​ស្តង់ដារ​នៃ​ការអនុវត្ត​ជា អន្តរជាតិ​។​
​អ្នកឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សា​ធនាគារ​កាណាឌីយ៉ា​មានប្រសាសន៍ថា ផ្អែកលើ​បទពិសោធន៍ ក្នុងការ​អនុវត្ត គម្រោង​នានា ជាមួយ​រដ្ឋាភិបាល​និង​ភាពជឿ​ទុកចិត្ត​ធនាគារ​កាណាឌីយ៉ា​ជា​ធនាគារ ក្នុងស្រុក​ទីមួយ​ត្រូវបាន​ជ្រើសរើស ជា​ដៃគូ​មួយ​រស់​រដ្ឋាភិបាល ក្នុងការ​អនុវត្ត​គម្រោងការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​សម្រាប់​ប្រតិបត្តិការ​គណនី​បៀវត្ស​មន្ត្រីរាជការ​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្តធ្វើ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្របតាម​យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​
​លោក​បន្តថា​ជាមួយ​ភាពជោគជ័យ​នេះ​ធនាគារ​កាណាឌីយ៉ា​នឹង​ខិតខំ​អោយ​អស់ពី​លទ្ធភាព​ដើម្បី​រក្សា​និង​បង្កើន​ទំនុកចិត្ត​លើ​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ជូន​ដល់​អតិថិជន​ទូទៅ​និង​ស្ថាប័នរដ្ឋ​ដែល​ក្នុងនោះ​រួមទាំង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផងដែរ​៕
ប្រភពពី CEN