គួរ​អប់រំ​យុវជន​អោយ​ស្រឡាញ់​គ្នាដោយ​ថ្លៃថ្នូរ ជា​ជាង​ហាម​ពួកគេ​មិន​អោយ​មាន​ស្នេហា​

11/26/2013 0 Comments A+ a-

នៅ​ក្នុង​សង្គម​សម័យ​ទំនើប​បច្ចុប្បន្ន ផ្នត់​គំនិត​របស់​យុវជន​ពេល​នេះ​ក៏​បាន​វិវត្ត​ មិន​ដូច​មុន​ឡើយ។ និយាយ​អំពី​ការ​មាន​ស្នេហារ​វាង​មនុស្ស​ប្រុស​ស្រី បច្ចុប្បន្ន​នេះ យុវជន​មិន​បាន​រួញរា​នឹង​សំដែង​អោយ​គេ​ឃើញ​ជា​សាធារណៈ​ថា ខ្លួន​មាន​ដៃ​គូ​ស្នេហា​ឡើយ។ ទិដ្ឋភាព​កំពុង​តែ​ធ្វើ​អោយ​ឪពុក​ម្តា​យ​ដែល​ជា​មនុស្ស​ចាស់ និង​ជា​អ្នក​អភិរក្ស​និយម មិនសប្បាយ​ចិត្ត​ទាល់​តែ​សោះ។ ហើយ​ក៏​មាន​ករណី​ខ្លះ​ឈាន​ទៅ​ដល់​ការ​ឈ្លោះ​ទាស់ទែង​រវាង​ឪពុកម្តាយ​ និង​កូន​ប្រុស​ស្រី​របស់​ពួកគេ​ទៀតផង។ តើគេ​គួរ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ដូចម្តេច?
ស្នេហា​របស់​យុវជនក្នុង​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ មិន​មែន​ជា​បញ្ហា​សាមញ្ញ​ឡើយ។ វា​កំពុង​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ​​យ៉ាងខ្លាំង​ផ្នែក​ផ្នត់​គំនិត​របស់​យុវជន​ ឬ​ក៏អាច​ជា​បដិវត្ត​នៃ​ប្រពៃណី​របស់​ខ្មែរ​ផង ពីព្រោះ​យុវជន​សម័យ​ទំនើប​នេះ មាន​អារម្មណ៍​មោទនភាព​ខ្លាំង​ នឹង​បង្ហាញ​ជា​សាធារណៈ​ ថា​ខ្លួន​មាន​​ដៃគូ​ស្នេហា ឬ​ពាក្យ​សាមញ្ញ​ គេហៅ​ថា​សង្សា​នោះ។ មាន​សង្សារ ឬ​មាន​ស្នេហា​ មិន​និយាយ​តែ​ពី​បុរសទេ។
ប៉ុន្តែ​យុវនារី​វិញ ក៏ដូចគ្នា។ យុវនារី​ភាគច្រើន ក៏​មិន​បាន​រួញរា​នឹង​ប្រកាស និង​បង្ហាញ​ថា ខ្លួន​មាន​សង្សារ​ដែរ។ នេះ​ជាទិដ្ឋភាព​ដែល​ សង្គម​ខ្មែរ​មិន​ធ្លាប់ជួប​ប្រទះ​ ហើយ​ជាពិសេស​ក្រុម​មនុស្សចាស់ ដែល​ជាឪពុកម្តាយ​របស់​យុវជន​នោះទៅទៀត។
អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ ដែល​គេ​មិនអាច​គ្រប់គ្រង​បាន​ដែរនោះ គឺ​យុវជន​កាន់តែ​ក្មេង​ទៅៗ បាន​ផ្តើម​មាន​ស្នេហា​ជា​ចំហរ​។ កុំ​ថា​ឡើយ​និយាយ​ពី​របប​មុនៗ ក្នុង​ទស្សវត្សរ​៦០ និយាយ​ត្រឹម​ទស្សវត្សរ​៩០​ថ្មីៗ​នេះ គេ​ក៏កម្រ​នឹង​ឃើញ​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​មាន​ស្នេហា​ប្រុសស្រី ជា​សង្សារ​នឹង​គ្នា​ណាស់។
ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ននេះ សិស្សានុសិស្ស​តាំង​ពី​ថ្នាក់​អនុវិទ្យាល័យ ពោល​គឺ​ចន្លោះ​ពីថ្នាក់ទី​៧ ដល់​ថ្នាក់ទី​៩​នេះ ពួកគេ​បាន​ផ្តើម​និយាយ​ពីស្នេហា​ហើយ។ ស្ថានភាព​បែប​នេះ បើ​នៅ​តាម​ខេត្តដូច​ជា​មិន​សូវ​ឃើញ​ផុលផុស​ជា​ចំហរ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ក្នុង​រាជធានី​វិញ នេះ​ជា​រឿង​សាមញ្ញ​បំផុត។ គេ​អាច​និយាយ​ជាសរុប​ជា​ពាក្យ​មួយ​ឃ្លា ដើម្បី ពន្យល់​បាតុភូតិនេះ​ នោះគឺ​ថា ពី​មុន​​យុវជន​មាន​អារម្មណ៍​ខ្មាស់​នឹង​ការ​មាន​ស្នេហា។ ប៉ុន្តែ​សម័យ​នេះ បើគ្មាន​ស្នេហា វា​គឺ​ជា​រឿង​គួរអោយ​​ខ្មាស់​ទៅវិញ។
និយាយ​អំពី​បរិបទសង្គម​ គេ​មិនអាច​ស្តីបន្ទោសទៅលើ​ការ​ផ្លាស់ប្តូរ​នេះឡើយ ពីព្រោះ​វា​ជា​ការ​វិវត្តន៍​មួយ។ គេ​គួរ​ស្វែងរយល់​អំពី​មូលហេតុ​មួយ​ចំនួនដែល​នាំអោយ​មាន​ផ្លាស់ប្តូរ​ទម្លាប់ ផ្នត់​គំនិត ឬ​ក៏​ការ​កើត​ថ្មី​នៅ​ក្នុង​ចំណោម​យុវជន ក្នុង​វិស័យ​ស្នេហានេះ។ មុន​ដំបូង​គេ​គឺ​ការ​រីកចំរើន និង​ការ​បើក​ចំហរ​ប្រទេស​ឆ្ពោះទៅ​ពិភពលោក​នេះ​ឯង។ បន្ទាប់​មក​គឺ​រីកចំរើន​ផ្នែក​បច្ចេកវិទ្យាដែល​សម្រួល​ដល់ការ​ប្រាស្រ័យ​ទាក់ទងគ្នា និង​អត្ថិភាព​នៃ​ការ​ស្រូប​យក​វប្បធម៌​បរទេស តាម​រយៈ​ភាពយន្ត ចំរៀង ជាដើម។
ចរន្ត​របស់​ប្រទេស​ជឿនលឿន និង​ចរន្ត​របស់​ពិភពលោក​មិន​បាន​ហូរ​ចូល​មក​ត្រង់​មក​យុវជន​ខ្មែរ​តែ​មួយផ្នែកគត់នោះឡើយ ប៉ុន្តែការ​ផ្តិត​ចំលង​ទាំងស្រុងនូវ​ចំរៀង និង​ភាពយន្ត​បរទេសតាម​រយៈការ​សំដែង​របស់​សិល្បករ និង​អ្នកចំរៀង​ខ្មែរ ដែល​បង្ហាញ​​ច្រើនលើសលប់​​តែ​អំពី​រឿងរ៉ាវ​ស្នេហា​យុវវ័យ​នោះ វា​បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​អោយ​យុវជន​ខ្មែរ​មិន​អាច​ ទៅ​ណា​ឆ្ងាយ​ពី​បញ្ហា​ស្នេហារបស់​មនុស្ស​ប្រុសស្រី​នោះឡើយ។ នេះ​គេ​នៅ​ទាន់និយាយ​អំពី កត្តា​ធម្មជាតិ កត្តាធម្មជាតិ​ដែល​កត្តាអត្តនោម័ត​មួយដែល​ថា​មនុស្ស​ត្រូវ​មាន​ស្នេហានោះ។
តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី អាច​ទប់ស្កាត់​ បាតុភូតិ​នេះ មិនអោយ​វាធ្លាក់ទៅ​ក្នុង​ភា​ពអាណាធិបតេយ្យ​គ្មាន​សីលធម៌ ដែល​ធ្វើ​អោយ​ខូចខាត​តម្លៃ​វប្បធម៌​ខ្មែរ​នោះ?
ជាការពិតណាស់ សម្រាប់សង្គម​ខ្មែរ​ដែល​មាន​ប្រពៃណី​ វប្បធម៌ តឹងតែង ហើយ​សម្បួរណ៍​ទៅ​ដោយ​មនុស្ស​ចាស់​ អ្នកអភិរក្ស​ទៀត​នោះ វា​គឺ​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាងលឿន​មួយ នៅពេល​ដែលកូនចៅ​របស់​ពួកគេ​និយាយ​អំពី​ការ​មាន​ស្នេហា​ជា​ចំហរ និង​បាន​ឃើញ​ទិដ្ឋភាព​នៃ​យុវជន​ប្រុសស្រី​អោយថើបគ្នា​នៅ​តាម​ទីសាធារណៈទៀតនោះ។
វិស័យ​អប់រំ​​ត្រូវ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិធានការនេះ។ គេ​មិនអាចឃាត់ឃាំង និង​រារាំង​យុវជន​មិនអោយមានស្នេហា​បាន​ឡើយ ប៉ុន្តែ​គេ​ត្រូវអប់រំ​យុវជន​អោយ​​ មាន​សេចក្តីស្នេហា​​តាមបែប​​ថ្លៃថ្នូរ និង​មាន​សីលធម៌។ ការអប់រំ​នេះ​អាច​មាន​មក​ពី​សាលារៀន និង​ឪពុកម្តាយដែល​នៅ​ផ្ទះ។
ប្រសិន​បើ​គេ សង្ស័យ​ថា គេ​មិនអាច​ទប់ស្កាត់​និន្នាការ​របស់​យុវជន​បាន​ទេ គេ​ត្រូវក្លាហាន​ដោះស្រាយ​បញ្ហានេះ នៅ​​ក្នុង​ក្របខណ្ឌ​នៃ​ការទទួល​ស្គាល់ការ​វិវត្ត​ផ្នែក​សង្គម​មួយ​នេះ។ បាន​ន័យថា គេ​ត្រូវ​បើក​ចំហរ​អោយ​យុវជន​មាន​ស្នេហា​ ប៉ុន្តែ​គេ​ត្រូវ​បំប៉ន​ការ​អប់រំ​អោយខ្លាំង​ផ្នែក​សីលធម៌ និង​ប្រពៃណី។ និយាយបែបផ្សេង ពួកគេ​អាច​មាន​ស្នេហាបាន​ ប៉ុន្តែ​ពួកគេ​ត្រូវ​គោរព​ប្រពៃណី មិនអោយទុំ​មុន​ស្រគាល ឬ​ក៏​បង្ហាញ​អកប្បកិរិយា​ជាចំហរដែល​ធ្វើអោយ​បាត់បង់តម្លៃ​របស់ខ្លួន​ និង​កិត្តិយស​គ្រួសារ​ជាដើម។
ដូចគ្នា​នឹង​កា​រទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៏​ដែរ។ ការ​ប្រកាស​ហាម​ឃាត់​មិនអោយមនុស្ស​មាន​ទំនាក់ទំនង​ផ្លូវភេទ​នោះ វា​មិន​បាន​ក្លាយជាវិធានការមាន​ប្រសិទ្ធភាព​ឡើយ។ ប៉ុន្តែ​អប់រំ​មនុស្ស​អោយ​ចេះ​ប្រើវិធីការពារ​ពេលមាន​ទំនាក់ទំនង​ផ្លូវ​ភេទ វា​បាន​ក្លាយ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាពទៅវិញ។
ត្រឡប់​មក​និយា​យ​អំពីស្នេហា​យុវវ័យ​វិញ ប្រសិនបើ​មនុស្សចាស់​អ្នកអភិរក្ស យល់ព្រម​បើក​ចំហរ​ចិត្ត ទទួលយក​ការ​វិវត្ត​នៃ​ស្នេហា​របស់យុវវ័យ​នោះ បាន​ន័យ​ថា នោះ​គេ​បាន​ដើរ​ទាន់​ជំហាន របស់​ក្រុម​យុវវ័យ ហើយ​អាច​និយាយ​អប់រំ​ និង​ដោះស្រាយ​ប្រឈម​នានា​ខាង​មុខ​បាន។ ប៉ុន្តែ​ផ្ទុយទៅវិញ ប្រសិន​បើ​គេ​នៅ​ប្រកាន់​ជំហរ​រឹងត្អឺង ហើយគិត​ថា​ត្រូវ​ហាម​ឃាត់​យុវវ័យ​មិនអោយ​មាន​ស្នេហា​តែម្តងនោះ នេះ​ទំនង​ជា​ជំហ៊ាន​ដែល​នៅ​ក្រោយ​ក្រុម​យុវវ័យ​នៅឡើយ៕
____________________
ប្រភពពីវិទ្យុបារាំង RFI