នាំ​សង្សារ​មក​ដេក​ដល់ផ្ទះ​ប្រឆាំងនឹង​ឪពុកម្តាយ​បង្ខំ​ឲ្យ​រៀបការ​

11/15/2013 0 Comments A+ a-

sangsadoltah​គូ​ស្វាមី ភរិយា​ថ្មីថ្មោង​មួយ​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ដោយ​ភាគី​ខាង​ស្រី​អះអាងថា មកពី​ការរៀប​អាពាហ៍ពិពាហ៍​នោះ​ឪពុកម្តាយ​នាង​បង្ខំ ហើយ​ការបែកបាក់​គ្នា​នេះ​ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​មិន​អស់ចិត្ត​ទាល់តែសោះ​ព្រោះ​ប្រពន្ធ​ធ្លាប់​ឱប​នឹង​ដើមទ្រូង​បែរជា​ព្រាត់​គ្នា​ទៅវិញ  ។​
​បុរស​ឈ្មោះ ណែម សំណាង អាយុ​២៣​ឆ្នាំ ត្រូវជា​ស្វាមី​របស់​ឈ្មោះ យ៉ាង ស្រី​យ៉ា អាយុ​២៣​ឆ្នាំ បាន​រៀបរាប់ថា ខ្លួន​បាន​រៀបការ​នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទើប​មាន​រយៈពេល​ជាង​០៥​ខែ​ប៉ុណ្ណោះ​«​រៀបការ​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៣» ។ ក្រោយ​រៀបការ​រួច​ភ្លាម​គឺ​ដំណើរការ​ក្រេប​ចន្ទ​ទឹកឃ្មុំ​បាន​ប្រព្រឹត្តទៅ​ជាធម្មតា ស្រាប់តែ​ប្រពន្ធ​និយាយ​សុំ​លែងលះ​ធ្វើ​ឲ្យ​ខ្លួន​ជា​ប្តី​សឹង​ធ្លាក់​ថ្លើម​ប្រមាត់ ។ ខណៈនោះ​ខ្លួន​ក៏បាន​សួរ​ទៅ​ប្រពន្ធ​ថា «​តើ​បងខុស​អ្វី​បានជា​អូន​សុំ​លែង​?» ហើយ​ទទួលបាន​ចម្លើយ​តប​ពី​ប្រពន្ធ​វិញ​ថា «​អូន​អត់​ស្រឡាញ់​បង​បន្តិច​ទេ​» ដោយសារ​កា​រៀប​អាពាហ៍ពិពាហ៍​នេះ គឺ​ធ្វើ​តាមតែ​ការបង្ខិតបង្ខំ​ពី​ឪពុកម្តាយ​ប៉ុណ្ណោះ ។​
​បុរស​ប្រពន្ធ​សុំ​លែង​រូបនេះ​បាន​បន្តទៀតថា បន្ទាប់ពី​ប្រពន្ធ​របស់ខ្លួន​និយាយ​មិនទាន់​ចប់​ស្រួលបួល​ផង នាង​ក៏​រៀប​ខោអាវ​ចុះ​ចេញពីផ្ទះ​ទៅផ្ទះ​របស់​នាង​វិញ​ដែល​ឋិត​នៅ​ទល់​មុខផ្ទះ​គ្នា ។ ប៉ុន្តែ​បែក​គ្នា​មួយរយៈ​នាង​ក៏​វិលត្រឡប់​មកវិញ​ដោយ​នាង​ចេះតែ​បន្តធ្វើ​របៀបនេះ​ទៀត​ជាច្រើន​ដង ។ លើសពីនេះ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ​ប្រពន្ធ​ខ្លួន​បាន​នាំ​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ប្រុស​នោះ​យ៉ាង​ស្អិត​មក​បញ្ឈឺចិត្ត​ខ្លួន ហើយ​ក្រោយមក ប្រុស​ដដែល​នេះ បាន​ចូល​ងូតទឹក​ក្នុង​បន្ទប់​ជាមួយ​នាង​ថែមទៀត ។ តាំងពី​មាន​ប្រុស​មកដល់​ផ្ទះ ប្រពន្ធ​របស់ខ្លួន​កាន់តែ​ទទូច​សុំ​ចែកផ្លូវ​ជាមួយ​ខ្លួន​ដោយ​នាង​និយាយថា​សុំ​យកតែ​គ្រែ​ដេក​មួយ​និង​ឆ្នាំងបាយ ។ ដោយ​ទ្រាំ​តទៅទៀត​លែង​បាន​ខ្លួន​ក៏បាន​សម្រេចចិត្ត​យល់ព្រម​លែងលះគ្នា​តាម​សំណើ​របស់​ប្រពន្ធ​នៅ​សាលាឃុំ​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ដោយ​ខ្លួន​មិន​ប្តឹង​សុំ​ទាមទារ​សំណង​អ្វី​ទេ​ដោយ​ចាត់ទុកថា នេះ​ជា​ផល​បុណ្យ​ពី​ជាតិ​មុន​របស់ខ្លួន​ទៅ​ចុះ ។​
​ដោយឡែក នាង​យ៉ាង ស្រី​យ៉ា ជា​អតីត​ប្រពន្ធ​បុរស​អភ័ព្វ បាន​បញ្ជាក់ថា នាង​មិនបាន​នាំ​ប្រុស​យកមក​រស់នៅ​ជាមួយ​ដល់​ក្នុងផ្ទះ​ទេ ហើយ​ប្រុស​ដែល​នាង​ជិះ​ម៉ូតូ​ជាមួយ​នោះ​គឺជា​ពូ​របស់​នាង ។ រីឯ​ការណ៍​ដែល​នាង​មិនអាច​រស់នៅ​ជាមួយ​ប្តី​តទៅទៀតបាន​ព្រោះតែ​ប្តី​ម្នាក់នេះ​តែង​ប្រើ​អំពើហិង្សា​លើ​រូបនាង​ខ្លាំងពេក តែ​នាង​មិនបាន​បង្ហាញ​អំពី​រូបភាព​នៃ​អំពើហិង្សា​នោះ​ឲ្យ​ដឹង​ទេ ។​
​អ្នកភូមិ​រស់នៅ​ក្បែរ​ផ្ទះ​ប្តី​ប្រពន្ធ​ថ្មីថ្មោង​ដែល​ចែកផ្លូវ​គ្នា​នេះ​បាន​និយាយថា ប្តី​ប្រពន្ធ​មួយគូ​នេះ​តាំងពី​រៀបការ​មក​មិនដែល​ឮសូរ​ជម្លោះ​មាត់ក​ដាក់គ្នា​អ្វី​ទេ តែ​បញ្ហា​ដែល​ខាង​ស្រី​អះអាងថា ប្តី​ប្រើ​អំពើហិង្សា​ទំនងជា​នាង​មិនអាច​ទ្រាំទ្រ​ដំណេក​ជាមួយ​ប្តី​បាន ។​
​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា អាជ្ញាធរ​មិនមាន​សិទ្ធិអំណាច​រំលាយ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទេ លុះត្រាតែ​ស្ថាប័ន​តុលាការ​ទើប​អាច​សម្រេចបាន ៕​
ប្រភពពី DNT7