មិនដឹងជាមានទុក្ខធំប៉ុណ្ណា យកស្បង់ចីវរចងកសម្លាប់ខ្លួនលើដើមចំប៉ី ក្នុងវត្តពោធិ៍ចិនតុង
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងជា ធ្វើដំណើរមកពីណាទេ បានទៅចងកសម្លាប់ខ្លួន លើដើមចំប៉ីក្បែរចេតិយ៍ ក្នុងបរិវេណវត្ដពោធិ៍ចិនតុង ស្ថិតក្នុងភូមិ បប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ។
សមត្ថកិច្ចដែលបានចុះទៅ ពិនិត្យដល់កន្លែងកើតហេតុ បានបញ្ជាក់ថា តាមអត្តសញ្ញាណប័ណ្ណ បុរសរងគ្រោះដែល ចងកសម្លាប់ខ្លួនមានឈ្មោះ សាន កុសល អាយុ ៤៨ ឆ្នាំ មានស្រុកកំណើត នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ មុនពេលកើហេតុ ជនរងគ្រោះ បានមកសុំព្រះសង្ឃក្នុងវត្ដពោធិ៍ចិនតុង ស្នាក់នៅមួយយប់ ស្អែកឡើងត្រូវធ្វើដំណើរ ទៅខេត្ដព្រះសីហនុ ។
ក្រោយមកជនរងគ្រោះ បានឱ្យអត្ដសញ្ញាណប័ណ្ណថតចម្លង ទៅព្រះសង្ឃ រួចហើយក៏សុំស្បង់ចីវរ ដើម្បីយកទៅផ្លាស់ងូតទឹក ។ មួយសន្ទុះក្រោយមក មានព្រះសង្ឃមួយអង្គ បានទៅស្រង់ទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះ ចងកនឹងដើមចំប៉ី នៅក្នុងបរិវេណវត្ដតែម្ដង ។ ពេលនោះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ មកចោមរោមមើល ជនរងគ្រោះដែលបានស្លាប់ យ៉ាងអាណោចអាធ័ម មិនដឹងជាមានវិបត្តិអ្វីទេ៕
ប្រភពពី វត្តភ្នំ