បុណ្យភ្ជុំបិណ្ឌ៖ ទឹកប្រាក់រាប់រយលានដុល្លារ ត្រូវបានបែងចែកទៅជនបទ និងបានហូរចេញទៅបរទេស
បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីជាតិធំជាងគេរបស់កម្ពុជា។ ពលរដ្ឋខ្មែរទាំងអស់ត្រូវធ្វើដំណើរទៅរកបងប្អូនញាតិសណ្តាននៅភូមិកំណើតរបស់ពួកគេនៅទូទាំងប្រទេស។ នៅក្នុងពិធីបុណ្យជាតិនេះហើយ ដែលពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចំណាយប្រាក់តិច ឬច្រើនទៅដល់ទីជនបទនៃប្រទេស។ ប៉ុន្តែទន្ទឹមគ្នានេះ ដោយសារតែការខ្វះខាតរបស់វិស័យសុខាភិបាល និងទេសចរណ៍ ប្រាក់កាសរបស់ពលរដ្ឋខ្មែរមួយចំនួនក៏បានហូរចេញទៅបរទេសយ៉ាងគំហុកដែរ។
ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋកម្ពុជាទូទាំងប្រទេសបានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងគំហុក។ ទឹកប្រាក់ទាំងនោះត្រូវបានចំណាយទៅលើការធ្វើបុណ្យទាន ការធ្វើដំណើរ ការទិញរបស់របរនានាសម្រាប់ការធ្វើបុណ្យ និងការធ្វើដំណើរកំសាន្តទៀតផង។
មានចរន្តនៃការចំណាយប្រាក់ចំនួន២ដែលបានកើតមាននៅក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ទីមួយគឺការចាយវាយនៅក្នុងប្រទេសដែលបង្កើតអោយមានការបែងចែកភោគផលពីទីក្រុងទៅជនបទ និងទី២គឺការចាយវាយទៅក្រៅប្រទេស។
ដំបូង យើងនិយាយអំពីចរន្តនៃការចាយប្រាក់នៅក្នុងក្របខណ្ឌប្រទេសសិន។ បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីដ៏ធំជាងគេរបស់ពលរដ្ឋខ្មែរ។ បើទោះជាគ្មានការវាយតម្លៃជាផ្លូវការអំពីការចំណាយជាក់ស្តែង និងជាផ្លូវការណាមួយក៏ដោយ ប៉ុន្តែគេអាចយល់បានថា មានទឹកប្រាក់រាប់រយលានដុល្លារ ឬដល់១០០០លានផងដែលត្រូវបានចាយវាយក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌទាំង១៥ថ្ងៃកន្លងមក ពិសេសក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។
គេអាចមើលឃើញអំពីការចំណាយទឹកប្រាក់ ដោយរាប់តាំងពីកម្មករ កម្មការិនីដែលមានប្រាក់ខែតិចតួច ដែលត្រូវធ្វើដំណើរតាមរយៈមធ្យោបាយដឹកជញ្ជូនដែលឡើងថ្លៃទ្វេដងនោះ។ បូកជាមួយនឹងការចំណាយទៅលើការធ្វើបុណ្យទានទៀតនោះ ពួកគេម្នាក់អាចចំណាយមិនតិចជា២០ម៉ឺនរៀល ឬក៏៥០ដុល្លារឡើយ។ ប៉ុន្តែទន្ទឹមគ្នានេះ ក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិ ពួកគេអាចចំណាយលើសនេះ ១០ដងសម្រាប់ការចូលរួមពិធីបុណ្យដូចគ្នា។ នេះ គេនៅមិនទាន់គិតអំពីការធ្វើដំណើរកម្សាន្តដែលត្រូវចាយវាយយ៉ាងសន្ធឹកសន្ធាប់ទៅលើប្រេងសាំង ម្ហូបអាហារ និងការស្នាក់នៅ នៅឡើយផង។
ដូច្នេះ សាច់ប្រាក់ជាច្រើនរយលានដុល្លារបានចរាចរនៅក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌដែលបានធ្វើអោយមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ប្រសិនបើគេនិយាយអំពីចរន្តនៃចរាចរសាច់ប្រាក់វិញ ពេលភ្ជុំបិណ្ឌ និងពេលបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាតែ២ដងក្នុងមួយឆ្នាំដែលសាច់ប្រាក់បានហូរពីទីប្រជុំជនទៅជនបទ។ បានន័យថា អំឡុងពេលវេលាទាំងពីរនេះ អ្នករស់នៅក្នុងរាជធានី និងនៅទីប្រជុំជនខេត្តដែលមានកំរិតជីវភាពខ្ពស់នោះ បានយកសាច់ប្រាក់ទៅចាយវាយនៅតាមទីជនបទ ដែលធ្វើអោយសាច់ប្រាក់នោះបានធ្លាក់ទៅដល់គ្រប់ច្រកល្ហកនៅទីជនបទ។ អ្នកលក់នៅតាមទីផ្សារ អ្នកលក់ប្រេងសាំង អ្នកលក់ម្ហូបអាហារនៅតំបន់ទេសចរណ៍ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ និងអ្នកលក់ដូរតូចតាចនៅតាមតំបន់ទេសចរណ៍ជាច្រើនទៀត ពួកគេសុទ្ធតែបានទទួលប្រយោជន៍ពីការចាយវាយរបស់ពលរដ្ឋខ្មែរទូទៅនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ខុសពីរាល់ដង ដែលអ្នកជនបទ ឬអ្នករស់នៅតាមបណ្តាខេត្តដែលត្រូវកាន់ប្រាក់របស់ពួកគេមកទិញទំនិញ ឬមកចាយវាយនៅក្នុងរាជធានី ឬក្នុងទីប្រជុំជននោះ។
ងាកមកនិយាយអំពីការហូរចេញទឹកប្រាក់ខ្មែរទៅបរទេស ក្នុងពេលបុណ្យប្រពៃណីជាតិនេះវិញម្តង។ ដូចរាល់ពេលដែលមានពិធីបុណ្យជាតិផ្សេងៗទៀតដែរ ទឹកប្រាក់របស់ពលរដ្ឋខ្មែរមួយចំនួនធំក៏បានហូរចេញក្រៅប្រទេសដែរ។ បានន័យថា នៅក្នុងពេលវេលាដែលមានការឈប់សំរាកយូរថ្ងៃយ៉ាងដូច្នេះ ពលរដ្ឋខ្មែរមួយចំនួនបានឆ្លៀតឱកាសយកពេលវេលានេះចេញទៅពិនិត្យជំងឺនៅក្នុងប្រទេសជិតខាងផង ហើយអ្នកខ្លះទៀតក៏បានចេញដំណើរកម្សាន្តនៅបរទេសផង។ ពលរដ្ឋទាំងពីរក្រុមចុងក្រោយនេះ ពួកគេត្រូវប្រើខ្ទង់ចំណាយធំៗណាស់ ក្នុងម្នាក់ៗ ឬក្នុងមួយគ្រួសាៗរ។ ពីព្រោះវាជាការធ្វើដំណើរឆ្លងកាត់ប្រទេស និងត្រូវចាយវាយទៅកម្រិតជីវភាពនៅបរទេសនោះ។
ដូច្នេះ ប្រសិនបើមានចំនួនពលរដ្ឋទាំងពីរក្រុមនេះច្រើនខ្លាំង ដែលចេញទៅបរទេសនោះ គេអាចមើលឃើញអំពីលំហូរសាច់ប្រាក់របស់កម្ពុជា ចេញទៅក្រៅប្រទេសក៏ធំធេងដែរ។
ត្រង់ចំនុចនេះ គេនិយាយអំពី វិស័យទាំងពីរនេះ គឺសុខាភិបាល និងទេសចរណ៍។ នៅប្រទេសជិតខាងកម្ពុជាមួយចំនួន គេបានរំលាយវិស័យទាំងពីរនេះចូលគ្នាហើយ ដោយអោយឈ្មោះថា ទេសចរណ៍សុខភាព ហើយគេក៏កំពុងទាក់ទាញទេសចរណ៍បរទេសដូចជាកម្ពុជាជាដើមអោយទិញសេវាកម្មប្រភេទនេះ។ បានន័យថា អ្នកទេសចរកម្ពុជាអាចធ្វើដំណើរកម្សាន្តផង និងបានទទួលបានការពិនិត្យសុខភាពដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបនៃវិស័យវេជ្ជសាស្ត្ររបស់គេផង។
នេះគឺបណ្តាលមកពីចំនុចខ្សោយរបស់កម្ពុជា។ កម្ពុជាដែលមិនទាន់អាចស្តារឡើងវិញ កិត្តិសព្ទនៃសេវាសុខភាពដែលរងការរិះគន់យ៉ាងដំណំ និងការខ្វះខាត ការបង្កើតគោលដៅទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានស្រាប់ ដើម្បីទាក់ទាញអ្នកទេសចរនោះ។ ជាងនេះទៅទៀត គេកម្រឃើញក្រសួងពាក់ព័ន្ធបង្កើតកម្មវិធីថ្នាក់ជាតិ នៅក្នុងពេលពិធីបុណ្យជាតិម្តងៗ ដើម្បីទាក់ទាញទេសចរក្នុងស្រុកផង និងទេសចរបរទេសផង យ៉ាងហោចណាស់ទេសចរនៃប្រទេសជិតខាង អោយមកទស្សនាកម្ពុជាណាស់។ ប្រសិនបើអាចធ្វើយ៉ាងដូច្នេះបានមែននោះ ទាំងការបង្កើនទំនុកចិត្តក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍន៍វិស័យទេសចរណ៍នោះ នោះកម្ពុជានឹងមិនបានបាត់ទឹកប្រាក់ទៅក្រៅប្រទេសឡើយ។ ផ្ទុយទៅវិញ ទឹកប្រាក់កាន់តែច្រើនត្រូវបានបែងចែកក្នុងចំណោមប្រជាជនខ្មែរ៕
ប្រភពពី វិទ្យុបារាំងអន្តរជាតិ