យុវសិស្សម្នាក់លង់ទឹកស្លាប់ នៅរមណីយដ្ឋានទឹកឈូ
ខេត្តកំពត ៖ នៅរមណីយដ្ឋានទឹកឈូ កាលពីរសៀលថ្ងៃទី១៦ តុលា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈយុវសិស្សម្នាក់ត្រូវទឹកដែលហូរខ្លាំងកួចយកទៅតាមខ្សែទឹកដោយគ្មានអ្នកណាអាចជួយបាន និងបណ្តាលឱ្យទឹកកួចលិចបាត់ទៅ ។
យុវសិស្សម្នាក់នោះមកពីភ្នំពេញជាមួយព្រះសង្ឃជាច្រើនអង្គ និងមិត្តភក្តិជាសិស្សដូចគ្នាជាច្រើននាក់ បានចុះហែលទឹកលេងនៅក្បែរខ្យូសហូបអាហារ ដែលមានចម្ងាយជាង៣០០ម៉ែត្រពីទំនប់ទី១វារីអគ្គិសនី លុះពេលកំពុងហែលនោះ ដោយទឹកហូរខ្លាំងក៏បានកួចយុវជនរូបនេះទៅតាមខ្សែទឹកទៅ ។
តាមមន្ត្រីនគរបាលប៉ុស្តិ៍ឃុំមា៉កប្រាង្គឱ្យដឹងថា យុវជនដែលលង់ទឹកស្លាប់នេះឈ្មោះ រ៉ុង បា៉លី អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម មករៀននៅភ្នំពេញ ស្នាក់នៅជាមួយព្រះសង្ឃនៅវត្តស្រះចក ។ មុនពេលកើតហេតុ មានរថយន្តធំពីរគ្រឿងដឹកភ្ញៀវទេសចរមកពីភ្នំពេញ ដែលនៅក្នុងរថយន្តទាំងពីរគ្រឿងនោះ មានមនុស្សជិះលាយឡំគ្នាជាច្រើននាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គផងដែរ ។
លុះដល់ចំណុចរូបព្រះបដិមាកន្លែងស្ពានយោល រថយន្តទាំងពីរគ្រឿងបានចតនៅទីនោះ រួចភ្ញៀវទាំងអស់នោះមួយចំនួនចុះដើរមកអង្គុយក្នុងខ្យូសហូបអាហារក្បែរស្ពានយោល និងខ្លះទៀតដើរទៅម្តុំខ្យូសក្បែរជ្រោះនៅខាងលើ ចម្ងាយប្រមាណជាង៣០០ម៉ែត្រពីស្ពានយោល ។ អ្នកទៅកម្សាន្តទីនោះមានព្រះសង្ឃជាច្រើនអង្គរួមនឹងយុវជនរងគ្រោះផងដែរ ។