ចាប់ខ្លួនគូសង្សារសកម្ម ខាងជួញដូរគ្រឿងញៀន ដកហូតម៉ាទឹកកក២៥,៧ក្រាម
ខេត្តកណ្តាល ៖ គូសង្សារ២នាក់ដែលកាក់កបខាងរបរជួញដូរគ្រឿងញៀន បានត្រូវកម្លាំងនគរបាលខេត្តចាប់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ តុលា ២០១៣ ជាមួយនឹងវត្ថុតាងថ្នាំញៀនម៉ាទឹកកក ២៥,៧ក្រាម នៅចំណុចភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខណៈដែលជនសង្ស័យកំពុងជិះរថយន្តឈ្នួល ។
លោក គង់ ស៊ីដែន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួន១-ឈ្មោះថូ ភារម្យ ហៅព្រំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅលូន ស្រុកកោះធំ និង២-ឈ្មោះ លី ស្រីពេជ្រ អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ៤៤៨ ផ្លូវ៤៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរបម្រើការងារនៅហាងខារ៉ាអូខេ អេរីហ្គែន ទាំង២នាក់ជាគូសង្សារគ្នា ។
លោកនាយការិយាល័យ បានឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួន ប៉ូលិសដកហូតបានថ្នាំញៀនម៉ាទឹកកក០១កញ្ចប់ធំ និង២៣កញ្ចប់តូច ស្មើនឹង២៥,៧ក្រាម លុយខ្មែរ២៨៦.៨០០រៀល និងទូរស័ព្ទដៃចំនួន៤គ្រឿងទៀត ៕