រថយន្ដដឹកអតីតរដ្ឋមន្ដ្រី ការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន ត្រូវប៉ូលិសផាកពិន័យ
បើទោះបីមានអង្គរក្សរហូតដល់៥នាក់ឈរអមជុំវិញរថយន្ដម៉ាកមែរសឺដេស បេន ដឹកអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ដោយ ក៏ប៉ូលិសចរាចរអង់គ្លេសនៅតែសរសេរលិខិតផាកពិន័យរថយន្ដនោះដដែល ។
ចាប់តាំងពីធ្វើការឱ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បណ្ដាអង្គរក្សរបស់លោកស្រី មិនដែលបានជួបប្រទះនូវស្ថានភាពស្មុគស្មាញបែបនេះឡើយជាមួយប៉ូលិសចរាចរ ។ ប៉ុន្ដែរឿងដែលមិនគួរឱ្យជឿនោះបានកើតឡើងនៅទីក្រុងឡុង ប្រទេសអង់គ្លេស ។ ប៉ូលិសចរាចរបានសរសេរលិខិតផាកពិន័យដល់រថយន្ដមែរសឺដេស បេន ពណ៌ប្រាក់ សម្រាប់ដឹកអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិកចូលរួមក្នុងព្រឹត្ដិការណ៍មួយនៅទីក្រុងឡុង ។ ការ ប្រកែកគ្នារបស់អង្គរក្ស និងប៉ូលិសចរាចរអង់គ្លេស មិនបានគេចផុតពីក្រសែភ្នែករបស់អ្នកសារព័ត៌មានឡើយ ។
អ្នកសារព័ត៌មាន Brennan បានឱ្យដឹងថា អង្គរក្សផ្ទាល់៥នាក់របស់លោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងអង្គុយនៅលើរថយន្ដមួយក្បែររថយន្ដមែរសឺដេសបេន ដោយសារតែពេលនោះមានភ្លៀងធ្លាក់ខ្លាំង ។ ភ្លាមៗនោះក៏ស្រាប់តែមានប៉ូលិសចរាចរបង្ហាញវត្ដមាន ហើយសរសេរលិខិតផាកពិន័យដល់រថយន្ដនោះតែម្ដង។ ក្រុមអង្គរក្សមើលឃើញប៉ូលិសចរាចរដើរចូលទៅកៀករថយន្ដសម្រាប់ដឹកលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ស្រាប់តែរារាំង ស្នើឱ្យប៉ូលិសចាកចេញពីទីនោះ ។
ក្រុមអង្គរក្សក៏បានបង្ហាញពីអត្ដសញ្ញាណ ហើយបណ្ដេញប៉ូលិសចេញឱ្យឆ្ងាយពីរថយន្ដសម្រាប់ដឹកលោកស្រី ហ៊ីលឡារី គ្លីនតុន ។ បើទោះបីត្រូវ អង្គរក្សបណ្ដេញចេញ តែប៉ូលិសចរាចរនៅតែសរសេរក្រដាសផាកពិន័យដាក់នៅលើរថយន្ដមែរសឺដេសបេននោះដដែល ។
រថយន្ដដឹកលោកស្រីហ៊ីលឡារី គ្លីនតុន ត្រូវផាកពិន័យជាទឹកប្រាក់៨០ផោន ដោយចតខុសច្បាប់កំណត់នៅទីក្រុងឡុង កាលពីថ្ងៃទី១៥ តុលា។ ទឹកប្រាក់ផាកពិន័យនឹងត្រូវកាត់បន្ថយពាក់កណ្ដាល ប្រសិនបើលោកស្រីចូលទៅបង់ការផាកពិន័យដោយខ្លួនឯងក្នុងរយៈពេល១៤ថ្ងៃ ។
លោក Daniel Astaire សមាជិកគណៈកម្មាធិការទីក្រុង Westminster បានឱ្យដឹងថា ប៉ូលិសចរាចរធ្វើតាមកាតព្វកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ហើយលោកសង្ឃឹមថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងយល់ថា មនុស្សគ្រប់រូបមានតម្លាភាពនៅពេលដែលធ្វើខុស បើទោះបីអ្នកនោះជាអ្នកណាក៏ដោយ ៕
ប្រភពពី នគរវត្ត