សកម្មជនសិទ្ធិ មនុស្ស៖ ករណី ជា វិជ្ជា គឺជាការបរាជ័យ ខាងប្រព័ន្ធតុលាការ
វ៉ាស៊ីនតោន — ការសម្រេចរបស់តុលាការកំពូលដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន បុរសពីរនាក់ដែលត្រូវគេបង្ខូចកេរ្តិ៍ឈ្មោះក្នុងរឿងបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពដ៏ល្បីឈ្មោះ ជាការបង្ហាញនូវអសមត្ថភាពនៃប្រព័ន្ធយុត្តិធម៌ខ្មែរនិងភាពចន្លោះប្រហោងក្នុងច្បាប់នៃប្រទេសដ៏ក្រីក្រមួយនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមការពារសិទ្ធិមនុស្សនិងផលិតករខ្សែភាពយន្តរឿង«នណាសម្លាប់លោក ជា វិជ្ជា?»។
បន្ទាប់ពីត្រូវចាប់ដាក់គុកពីរដងនិងចំណាយពេលជិត៦ឆ្នាំក្នុងគុកនោះសំណុំរឿងឃាតកម្មដ៏ចម្រូងចម្រាសលើប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានវិលត្រឡប់មកចំណុចចាប់ផ្តើមឡើងវិញនាថ្ងៃទី២៦ខែកញ្ញា នៅពេលដែលតុលាការចំណាយពេលជិត១០ឆ្នាំទើបអាចសម្រេចបានថាបុរសពីរនាក់នេះមិនមានជាប់ពាក់ព័ន្ធក្នុងការលើកដៃកេះកៃកាំភ្លើងបាញ់ដើមទ្រូងធ្វើឃាតលោក ជា វិជ្ជាទេ។
«នេះគឺជាអ្វីដែលយើងបានបង្ហាញភស្តុតាងនៅក្នុងខ្សែភាពយន្តរឿង អ្នកណាសម្លាញ់លោក ជា វិជ្ជា?»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមផលិតករខ្សែភាពយន្តឯកសារដ៏ល្បីល្បាញមួយនេះ។
លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់ប្រហារទាំងព្រឹកនៅថ្ងៃទី២២ខែមករាឆ្នាំ២០០៤ពេលលោកនិងមិត្តភ័ក្រកំពុងអង្គុយអានកាសែតនៅក្បែវត្តលង្កានារាជធានីភ្នំពេញ។ ប៉ុន្មានថ្ងៃក្រោយមកអាជ្ញាប៉ូលិសបានចាប់ខ្លួន ប៊ន សំណាងនិងសុខ សំអឿនដោយចោទប្រកាន់ថាពួកគេគឺជាឃាតករប៉ុន្តែអ្នកទាំងពីរបានប្រកែកថាមិនមានពាក់ព័ន្ធអ្វីទេ។
លោក ប្រែដលី ខក ផលិតករខ្សែភាពយន្តបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការដោយស្វាគមន៍ការសម្រេចចិត្តរបស់តុលាការកំពូលប៉ុន្តែបានបន្ថែមថា៖ «គេនៅមិនទាន់អាចមានហេតុផលណាដើម្បីសន្និដ្ឋានថាការសម្រេចចិត្តរបស់តុលាការនេះបង្ហាញនូវឯករាជ្យភាពរបស់តុលាការទេ»។
ខ្សែភាពយន្ត «រឿងអ្នកណាសម្លាប់ ជា វិជ្ជា?» បានបង្ហាញថាជនណាដែលអាចចេញបញ្ជាសម្លាប់មនុស្សដែលមានកម្រិតល្បីដូចជាលោក ជា វិជ្ជា ប៉ុន្តែមិនទាញការសន្និដ្ឋានថាតើអ្នកណានៅពីក្រោយការសម្លាប់នេះទេ។
អាជ្ញាធរកម្ពុជាមិនត្រឹមតែមិនស្នើសុំយកភាពយន្តនោះដើម្បីធ្វើជាឯកសារទេប៉ុន្តែថែមទាំងបានព្យាយាមគ្រប់មធ្យោបាយហាមឃាត់មិនឱ្យមានការដាក់បញ្ចាំងភាពយន្តឯកសារនេះនៅក្នុងប្រទេសកម្ពុជាទៀតផង។ លើសពីនេះទៀតមន្ត្រី ជាន់ខ្ពស់កម្ពុជាបែរជាចោទសាក្សីដែលបានឃើញឃាតករផ្ទាល់ភ្នែកថាឆ្លើយបំផ្លើសដើម្បីបានសិទ្ធិមកនៅក្រៅប្រទេសនៅពេលដែលសាក្សីរូបនេះបញ្ជាក់ថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករទេ។
ក្រុមការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិមើលឃើញថាប្រព័ន្ធតុលាការកម្ពុជានៅតែមិនឯករាជ្យដោយសំអាងថាបើសិនជាមានភាពឯករាជ្យមែនគេគួរតែធ្វើការស៊ើបអង្កេតឱ្យបានដិតដល់រកមើលថាអ្នកណាជាអ្នកសម្លាប់លោកជា វិជ្ជាជាជាងមកផ្តោតការស៊ើបអង្កេតលើមនុស្សដែលគ្មានទោសពៃរ៍ពីរនាក់នេះទេ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា៖
«ខ្ញុំគិតថារឿងនេះរាជរដ្ឋាភិបាលថ្មីដែលទើបតែចាប់ផ្តើមកើតឡើងនៅ ថ្ងៃទី២៤នោះគួរតែគិតទៅវិញ ក្នុងការកែទម្រង់ប្រព័ន្ធតុលាការនិងប្រព័ន្ធយុត្តិធម៌ជាពិសេសត្រូវផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងឡាយដែលរងគ្រោះដោយភ្នាក់ងាររដ្ឋឬរងគ្រោះតាមរយៈប្រព័ន្ធតុលាការឬប្រព័ន្ធយុត្តិធម៌នេះត្រូវតែទទួលនូវសំណងដ៏សមរម្យណាមួយសម្រាប់ពួកគេ»។
«ខ្ញុំគិតថារឿងនេះរាជរដ្ឋាភិបាលថ្មីដែលទើបតែចាប់ផ្តើមកើតឡើងនៅ ថ្ងៃទី២៤នោះគួរតែគិតទៅវិញ ក្នុងការកែទម្រង់ប្រព័ន្ធតុលាការនិងប្រព័ន្ធយុត្តិធម៌ជាពិសេសត្រូវផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងឡាយដែលរងគ្រោះដោយភ្នាក់ងាររដ្ឋឬរងគ្រោះតាមរយៈប្រព័ន្ធតុលាការឬប្រព័ន្ធយុត្តិធម៌នេះត្រូវតែទទួលនូវសំណងដ៏សមរម្យណាមួយសម្រាប់ពួកគេ»។
យ៉ាងណាក៏ដោយរដ្ឋាភិបាលថ្មីនេះបានទទួលស្គាល់ថាខ្លួនមានកំហុសឆ្គងក្នុងការមិនឱ្យមានភាពជឿនលឿនខាងផ្នែកយុត្តិធម៌ហើយថានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយវីអូអេថា៖
«យើងដឹងហើយយើងគ្រប់គ្រងកំណើនសេដ្ឋកិច្ចយើងបានគឺ៧ភាគរយនៃផលិតផលសរុបហើយយើងកាត់បន្ថយភាពក្រីក្រយើងបានក៏ប៉ុន្តែយើងជួបប្រទះនូវឧបសគ្គដូចជាវិស័យយុត្តិធម៌នៅក្នុងសង្គមក្នុងវិស័យប្រសិទ្ធភាពការងារផ្តល់សេវាកម្មជូនមហាជនរបស់យើង»។
រដ្ឋាភិបាលដែលបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញានេះបាននាំត្រឡប់មកវិញនូវសមាសភាពថ្នាក់ដឹកនាំស្ទើរតែដដែលទាំងអស់ដោយគ្រាន់តែដំឡើងឋានៈមន្រ្តីខ្លះដែលបម្រើការងារនៅស្ថាប័ននោះរាប់សិបឆ្នាំមកហើយឱ្យកាន់ការងារជារដ្ឋមន្ត្រីមួយចំនួន។
ប្រការនេះធ្វើឱ្យផលិតករភាពយន្តឯកសារដែលបានស៊ើបអង្កេតករណីសម្លាប់លោក ជា វិជ្ជា យល់ថារដ្ឋាភិបាលថ្មីនេះកំពុងខិតខំយ៉ាងប្រវ៉េប្រវ៉ាដើម្បីស្តារនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនវិញបន្ទាប់ពីធ្លាក់ប្រជាប្រិយ៍ភាពក្រោយពីការបោះឆ្នោតថ្ងៃទី ២៨ខែកក្កដាប៉ុន្តែនៅតែមិនអាចមានប្រព័ន្ធយុត្តិធម៌មួយនៅឆ្ងាយពីឥទ្ធិពលនយោបាយដដែល។
លោកប្រែដលី ខកបានបន្ថែមថា «អ្វីដែលយើងអាចបញ្ជាក់បានគឺសវនាការតុលាការកំពូលនេះត្រូវបានរៀបចំឡើងតែនៅក្រោយពីពេលបោះឆ្នោតប៉ុណ្ណោះ។ ដូច្នេះការដោះលែងលោកប៊ន សំណាងនិងសុខ សំអឿនអាចជាសញ្ញានៃការប្រឹងប្រែងដោយក្តីអស់សង្ឃឹមមួយ ប៉ុន្តែវាមិនមែនជាភស្តុតាងនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតប្រាកដមួយទេ»។
ស្របគ្នានេះដែរអង្គការសង្គមស៊ីវិលក្នុងស្រុកនៅតែបន្តជំរុញមិនឱ្យបំភ្លេចករណីឃាតកម្មកន្លងមកដែលរកឃាតករពិតមិនទាន់ឃើញ។
លោកអំ សំអាតនៃអង្គការសិទ្ធិមនុស្សលីកាដូបានបន្ថែមថា៖ «ករណីដូចលោកជា វិជ្ជាគឺយើងឃើញនៅមានច្រើនទៀត ដូចជាករណី លោកឃឹម សំបូរ លោកឈុតវុទ្ធី កញ្ញាទូច ស្រីនិច លោកជូ ជេតថារិទ្ធជាដើមដែលករណី ទាំងអស់នោះមកទល់ពេលនេះមិនទាន់រកជនដៃដល់ក្នុងរឿងហ្នឹងមកផ្តន្ទាទោសតាមផ្លូវច្បាប់ដូចជាករណីលោកជា វិជ្ជានេះដែរ»។
ក្រុមគ្រួសារនៃជនរងគ្រោះមួយចំនួនរួមទាំងភរិយាលោកជាវិជ្ជានិងកូនផងកំពុងរស់នៅជាជនភៀសខ្លួនចោលស្រុកកំណើតដោយសារមិនមានសុវត្ថិភាពរស់នៅក្នុងប្រទេសហើយបានត្រឹមតែដង្ហោយហៅរកយុត្តិធម៌យ៉ាងល្វើយៗពីចម្ងាយប៉ុណ្ណោះ។ ហើយករណីធ្វើឃាតលោកជា វិជ្ជានេះអាចនឹងនៅ បើកចំហរដោយមិនដឹងជាបញ្ចប់នៅពេលណាដូចជាករណីឃាតកម្មលើតារាភាពយន្ត ពិសិដ្ឋ ពិលិកាដូច្នេះដែរ៕
ប្រភពពី វីអូអេខ្មែរ