សមត្ថកិច្ចកងរាជអាវុធហត្ថ បើកយុទ្ទនាការបង្ក្រាប ទីតាំងម៉ាស្សាបម្រើសេវាកម្មផ្លូវភេទ
ខេត្តកំពង់ស្ពឺ ៖ ហាងម៉ាស្សាចំនួន២កន្លែង ដែលលួចលាក់បំរើសេវាផ្លូវភេទ ត្រូវបានកំលាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ ឆ្មក់ចូលបង្ក្រាប ឃាត់ខ្លួនស្ត្រីបំរើផ្លូវភេទ៨នាក់ និងថៅកែស្រីម្នាក់ បញ្ជួនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តដើម្បីសំណុំរឿងតាមនីតិវិធី ។ ការចុះបង្ក្រាបកន្លែងជួញដូរផ្លូវភេទជ្រកក្រោមស្លាកយីហោម៉ាស្សានេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីតាំងចំនួន២កន្លែង ទី១ត្រង់ចំណុចមុខវិទ្យាល័យសុខាផល្លី ស្ថិតក្នុងភូមិក្រាំងពលទេព ទី២ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលដឹកនាំកំលាំងដោយលោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ចាន់ ដា មេបញ្ជាការរងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ព្រមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានប្រាប់ឱ្យដឹងថា ថៅហាងម៉ាស្សាចំនួន២កន្លែង ដែលលួចលាក់ជួញដូរផ្លូវភេទនោះមានឈ្មោះ ប៉ិច ម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ បានជួលផ្ទះទាំង២កន្លែងខាងលើដើម្បីបើកហាងម៉ាស្សាកោសជប់ ប៉ុន្តែបានធ្វើសកម្មភាពល្មើស លួចលាក់បំរើសេវាផ្លូវភេទទៅវិញ ។ លោកព្រះរាជអាជ្ញារងបន្តថា កន្លែងម៉ាស្សានេះ បានបើកអាជីវកម្មជាច្រើនខែកន្លងមកហើយ ប៉ុន្តែមិនមាននរណាចាប់អារម្មណ៍ទើបនៅពេលថ្មីៗនេះដោយសារតែមានការសង្ស័យទើបសមត្ថកិច្ចជំនាញដាក់កំលាំងសម្ងាត់ចូលទៅធ្វើការស៊ើបអង្កេតច្បាស់លាស់ក៏សុំយោបលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឆ្មក់ចូលធ្វើការបង្ក្រាបតែម្តង។ លោកអនុសេនីយ៍ទោ ទិត្យ វណ្ណៈ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថបានឲ្យដឹងដែរថា ការចុះបង្ក្រាបនេះ គឺធ្វើតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងបញ្ជារកម្លាំងផ្ទាល់ដោយលោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មានការសហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។ លោកនាយការិយាល័យបន្តថា បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់កាតតាមនីតិវិធី ៕ -
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
Read more: http://www.cambodiapage.info/?p=19376#ixzz2i2M9nQDE