វាយប្លន់យកទូរស័ព្ទដៃ ទំនើបមិនបានសម្រេច ផ្ទុះអាវុធមួយគ្រាប់ឃាត់ ខ្លួនជនសង្ស័យម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន បន្ទាប់ពីផ្ទុះអាវុធគំរាម១គ្រាប់ ខណៈប្រទះឃើញជនសង្ស័យកំពុងប្រតាយប្រតប់ប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះ ហើយពេលចូលទៅអន្តរាគមន៍ ជនសង្ស័យ តដៃ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ តុលា នៅសួនច្បារក្តាន់ពីរ ស្ថិតក្នុងភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧ មករា ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងជាង៨ យប់នោះ ម្ចាស់ទូរស័ព្ទដៃឈ្មោះ រស់ ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយមិត្តភក្តិឈ្មោះ គាំ គីមហុង ភេទប្រុស អាយុ២១ឆ្នាំ ជាជាងដែក ដែរស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានជិះម៉ូតូស្មាសវី ពណ៌ខ្មៅ មួយគ្រឿងទៅឈប់អង្គុយលេងនៅលើបង់សួនច្បារក្តាន់ពីរ ដោយអង្គុយបណ្តើរយកទូរស័ព្ទដៃម៉ាកសាំស៊ុងកាឡាក់ស៊ីថេប មួយគ្រឿង មកកាន់លេងហ្គេម។
ខណៈនោះ ស្រាប់តែជនសង្ស័យ៥នាក់ចូលទៅវាយប្លន់យកទូរស័ព្ទដៃ ធ្វើឱ្យមានការប្រតាយគ្នាកើតឡើង ស្របពេលនោះប៉ូលិសប៉ុស្តិ៍មិត្តភាព២នាក់ ជិះម៉ូតូល្បាតតាមផ្លូវប្រទះឃើញក៏ចូលទៅជួយអន្តរាគមន៍ ។ ប៉ុន្តែដោយជនសង្ស័យតដៃជាមួយសមត្ថកិច្ចវិញ ទើបសមត្ថកិច្ចបាញ់គំរាមមួយគ្រាប់ ធ្វើឱ្យជនសង្ស័យ៤នាក់រត់គេចតាមផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅបាត់ទៅ ចំណែកជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងគឺទូរស័ព្ទដៃប្លន់បាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចប្រគល់ទូរស័ព្ទដៃឱ្យម្ចាស់វិញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ ហុង រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ភេសជ្ជៈតាមរទេះនៅផ្សាររាត្រី ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧ មករា ៕