បុរសម្នាក់ កាប់សម្លាប់ ប្រពន្ធដាច់ក្បាល និងកូនស្រី, ប្រជាពលរដ្ឋ ខឹងខ្លាំងពេក នាំគ្នាឡោមព័ទ្ធ គប់ដុំថ្មស្លាប់

10/01/2013 0 Comments A+ a-

កំពង់ចាម ៖ អំពើឃាតកម្មមួយដ៏សាហាវ ក្រោយពីបុរសម្នាក់ បានទាញកាំបិតកាប់ទៅលើប្រពន្ធ និងកូនស្រីរបស់ខ្លួន បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅផ្ទះ កាលពីវេលាម៉ោង ១១និង១៥ នាទី ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ប៉ុន្ដែជន បង្កជាប្ដី និងឪពុក ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិ ផ្ទុះកំហឹង ហើយនាំគ្នាឡោមព័ទ្ធ គប់ដុំថ្មទៅលើ ជនបង្ករូបនេះ  បណ្ដាលឱ្យស្លាប់ផងដែរ។
ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ ឆាយ គឹមស៊ុន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើម អម្ពិលតាមទូរស័ព្ទថា ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ និងកូនស្រីខាងលើនេះ មិនទាន់ ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ ដោយសារតែនៅកន្លែងកើតហេតុ ភ្លៀងខ្លាំងពេក និង ប្រជាពលរដ្ឋនៅក្នុងភូមិ កំពុងចោមរោមមើល ពីករណីឃាតកម្មមួយនេះ ។
លោកស្នងការបានបន្ដថា នៅពេលដឹងថា បុរសជាប្ដី កាប់សម្លាប់ប្រពន្ធ និងកូនស្រីរបស់ខ្លួននោះ ប្រជាពលរដ្ឋផ្ទុះកំហឹង បាននាំគ្នាឡោមព័ទ្ធ គប់ដុំថ្មទៅលើផ្ទះ និងត្រូវជនបង្ក បណ្ដាលឱ្យស្លាប់ ភ្លាមៗតែម្ដងដែរ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ លោកបាន បញ្ជាឱ្យកម្លាំងនគរបាល ស្រុក ព្រៃឈរ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅ កន្លែងកើតហេតុ ដើម្បី ស្រាវជ្រាវ និងរកមូលហេតុពិត នៃអំពើឃាតកម្មនេះ ៕
ផ្តល់សិទ្ធិដោយ៖ Lookingtoday.com