បុរសម្នាក់ត្រូវក្មេងប្រទះ ឃើញលង់ទឹកស្លាប់នៅចំណុច គោកស្តែងក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ ដែលជាមេក្រុមក្នុងភូមិ ត្រូវបានក្មេងប្រទះឃើញលង់ទឹកស្លាប់នៅចំណុចគោកស្តែង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១២ តុលា ២០១៣ ខណៈដែលក្មេងៗ កំពុងលេងទឹកនៅចំណុចខាងលើ។
តាមសម្តីស្ត្រីឈ្មោះ យុត ឡុម អាយុ ៥៣ឆ្នាំ ជាប្រពន្ធសពបុរសរងគ្រោះលង់ទឹកស្លាប់ខាងលើ បាននិយាយឲ្យដឹងថា ប្តីគាត់ឈ្មោះ អ៊ុង រ៉ាត់ អាយុ ៤០ឆ្នាំ អតីតប៉ូលិសការពារព្រំដែន បច្ចុប្បន្ន ជាមេក្រុមក្នុងភូមិ។ មុនពេលកើតហេតុ ម៉ោងប្រមាណជា ៣រសៀល រូបគាត់ជាប្រពន្ធបានអ៊ុំទូកទៅប្រមូលបាយជ្រូកតាមភូមិ ខណៈដែលប្តីរបស់គាត់ជូនមិត្តភក្តិឡើងគោក ពេលត្រលប់មកវិញពុំឃើញប្តីគាត់ឡើយ លុះមួយសន្ទុះក្រោយមក ក៏មានគេមកប្រាប់ថា មានក្មេងប្រទះឃើញសពប្តីគាត់លង់ទឹកស្លាប់។
តាមសមត្ថកចិ្ចជំនាញបានសន្និដ្ឋានថា បុរសខាងលើពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯង ព្រោះពុំមានចំណុចអ្វីគួរឲ្យសង្ស័យឡើយ ហើយសពបុរសនោះ ត្រូវបានយកទៅកម្តល់ទុកនៅវត្តជិនវ័ន្តសីមារាម ហៅវត្តម៉ុងចិន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕