ប្អូនរាំ​​ជាន់ជើង​គ្នាបង្ក​​​ជាជម្លោះ​ បង​ទៅ​​ឃាត់​ត្រូវ​គេកាប់​របួស​ ដេរ​ជាង​១០​ថ្នេរ​

10/27/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ជនដៃដល់​​កាប់​២​កាំបិត​បែក​ក្បាល​ហូរ​ឈាមស្រោចពេញផ្ទៃ​មុខរង​របួសធ្ងន់ ខណៈ​​ពេល​ទៅ​ចូល​រួម​​ពិធី​បង្កក់​កូន​នៅ​ជិត​ផ្ទះ ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ កាល​ពីវេលា​ម៉ោង​១២​និង​១២​នាទី​​យប់​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៧ តុលា ២០១៣ ។
ជន​​រង​របួស​ឈ្មោះ​រ៉ាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្ម​ករ​រោង​ចក្រ ស្នាក់​នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ​​បាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​​​នៅ​ជិត​ផ្ទះ​របស់​គេ​មានពិធី​បង្កក់​កូន​ជប់​លៀង​ផឹកស៊ី​ រាំធុង​បាស់ ។ ចំណែក​​រូបគាត់​មិន​បាន​ចូល​រាំ​ទេ នៅ​អង្គុយ​ផឹក​ រីឯ​ប្អូនៗ​របស់​គេ​មួយ​ក្រុម​មាន​គ្នា​១០​នាក់ បានចូល​ទៅ​រាំធុង​បាស់ ហើយ​ត្រូវ​យុវ​ជន​មួយ​ក្រុម​​ទៀត​មានគ្នា​១៥​នាក់​​បាន​​រាំ​​ជាន់​​ជើង​គ្នា​បង្ក​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​វង់​រាំ​នោះ ។ ពេល​ឮ​ប្រកែកគ្នា​បែប​នេះ រូប​គេ​ជាបង​បាន​ចូល​ទៅ​ជួយ​គ្នា​ត្រូវ​ជន​ដៃដល់​​នាំ​គ្នាកាប់​​២​កាំបិត​​បែក​ក្បាល​ហូរ​ឈាម​ស្រោចពេញ​​ផ្ទៃ​មុខ និង​ទាត់​ធាក់​ជាំពេញ​ខ្លួន ហើយ​ជនដៃដល់​នាំ​គ្នា​រត់​គេច​ខ្លួន​អស់។ ដោយ​ឡែក​ក្រុម​ប្អូនៗ​របស់​គេ​ឃើញជន​ដៃដល់​វាយ​ទាត់​ធាក់​បង​បែប​នេះ ក៏នាំ​គ្នា​រត់​ទៅ​អស់​ដែរ ។
ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​​​ខំប្រឹង​ស្រវេ​ស្រវា​ដើរ​ទៅគោះ​ទ្វារ​ផ្ទះដែល​នៅ​ជិត​នោះ​ហៅ​​សាច់ញាតិ​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ហើយ​គ្រូពេទ្យ​​បាន​ដេរ​ជាង​១០​ថ្នេរ ៕