ប្រជាពលរដ្ឋសង្ស័យបាតុករម្នាក់ ត្រូវគេសម្លាប់នៅស្រុកមុខកំពូល
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ នៅឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល បានរារាំងពេទ្យរកាកោង និងអាចារ្យដែលមានបំណងបូជាសពមិនស្គាល់អត្តសញ្ញាណមួយរូប ដោយសារពួកគាត់សង្ស័យជននោះថា ជាបាតុករដែលគេសម្លាប់។
ប្រជាពលរដ្ឋនៅឃុំរកាកោង១ លោក ជ្រៃ សាន ប្រាប់VOD នៅព្រឹកថ្ងៃទី២៤ខែតុលានេះថា កាលពីម៉ោង៧ល្ងាចម្សិលមិញ រថយន្តពេទ្យមួយគ្រឿង បានដឹកសាកសពមួយយកទៅដាក់នៅវត្តពាមមង្គល ហើយពេលដែលប្រជាពលរដ្ឋសាកសួរ ក្នុងចំណោមពេទ្យ៦នាក់ ឆ្លើយខុសគ្នា អ្នកខ្លះបញ្ជាក់ថា ខ្យល់គរ អ្នកខ្លះថា ស្លាប់ដោយសារជំងឺនៅមន្ទីរពេទ្យ។
លោក សាន បញ្ជាក់ថា ពេលដែលប្រជាជនពិនិត្យសាកសពនោះ មានឈាម មានស្នាមរបួស ត្រូវគេវាយបែកប្រដាប់ភេទ។ លោកឲ្យដឹងទៀតថា សាកសព នោះភេទប្រុស មានអាយុជាង៤០ឆ្នាំ មានមុង និងភួយជាប់ខ្លួនផងដែរ។
មេឃុំរកាកោង១ លោក ម៉ែន ស៊ុំ បានទៅពិនិត្យសាកសពនៅព្រឹកនេះ ហើយលោកប្រាប់ឲ្យអាចារ្យបូជា ដោយលោកបញ្ជាក់ថា សាកសពនោះ ជាបុរសដែលវិកលចរិក តែប្រជាពលរដ្ឋមិនព្រម ដោយពួកគេទាមទារឲ្យមន្ត្រីជំនាញទៅស្រាវជ្រាវ និង រង់សាច់ញាតិនៃសព ទៅដល់សិន៕ via: VODHOTNEWS
