ជំនន់ទឹកភ្លៀងបណ្តាលអោយ ចំនួនមនុស្សស្លាប់កើនឡើង ១៦នាក់នៅខេត្តបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកនេះថា ចំនួនមនុស្សស្លាប់ទាំងកុមារ និងមនុស្សចាស់ កើនឡើង១៦នាក់ហើយ នៅខេត្តបាត់ដំបងដោយសារជំនន់ទឹកភ្លៀងដែលអូសបន្លាយជាច្រើនថ្ងៃ។
លោក សឿម ប៊ុនរិទ្ធ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង និងជាសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថាជនរងគ្រោះ ស្លាប់កើនឡើងជាបន្តបន្ទាប់នោះ ភាគច្រើនដោយសារលង់ទឹក។
(សំឡេងលោក សឿម ប៊ុនរិទ្ធ)
លោកថ្លែងបន្ត ថា មកទល់ពេលនេះជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានស្រកស្ទើរគ្រប់ កន្លែងហើយ ដែលគេរំពឹងថា ប៉ុន្មានថ្ងៃខាងមុខនេះទឹកនឹងស្រកអស់ បន្ទាប់ពីទឹកហូរចេញពីអាងកំពីងពួយ កាត់តាមភូមិមួយចំនួននៅឃុំអូរតាគី និងបណ្តាឃុំផ្សេងទៀតធ្លាក់ទៅកាន់ទន្លេសាប។
មកទល់ពេលនេះ អាជ្ញាធរមិនទាន់បញ្ជាក់ពីទំហំខូចខាតដោយសារគ្រោះទឹកជំនន់នៅឡើយ ទេ ដោយអាជ្ញាធរ និងស្ថាប័ននានាព្រមទាំងសង្គមស៊ីវិលផង កំពុងប្រជុំវាយតម្លៃពីផលប៉ះពាល់ដោយសារទឹកជំនន់នាព្រឹកនេះ ។
ទោះ បីយ៉ាងណាលោក អ៊ុយ រី អភិបាលរងខេត្តបាត់ដំបង នៅបន្តអំពាវនាវដល់ពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះកូនចៅរបស់ខ្លួនក្នុងខណៈពេលដែលទឹកជំនន់មិនទាន់ស្រកអស់ រួមទាំង សត្វមានពិស និងផ្នែកបញ្ហាអនាម័យផង។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានអូសបន្លាយជាច្រើនថ្ងៃនៅតាមបណ្តាខេត្តជាច្រើន នៅប្រទេសកម្ពុជា ដែលធ្វើអោយចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់កើនឡើងជាងមួយរយ នាក់នៅទូទាំងប្រទេស៕
_________________________
ប្រភពព័ត៌មានពី៖ វិទ្យុអូស្រ្តាលី
ប្រភពព័ត៌មានពី៖ វិទ្យុអូស្រ្តាលី