បាញ់​ត​គ្នា ១៣គ្រាប់ ប្លន់​យក​ម៉ូតូ​១គ្រឿង បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង នៅ​កន្លែង​កើត​ហេតុ

10/07/2013 0 Comments A+ a-

ភ្នំពេញ៖ យុវជន​២​ក្រុម ដេញ​បាញ់​ប្រហារ​គ្នា​ទាំង​ព្រលឹម​រក​ឃើញ​សំបក​​កាទុស្ស​ចំនួន​១៣​គ្រាប់ និង ភ្ជង់​ប្លន់​យក​ម៉ូតូ​សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ មួយ​គ្រឿង បន្សល់​​ទុក​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ មួយ​គ្រឿង​នៅ​កន្លែង​កើត​ហេតុ ។
ហេតុការណ៍បាញ់បោះនេះកើតឡើងនៅវេលា ម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី៦ ខែតុលា នៅ ចំណុចផ្លូវលេខ១៥៤កែង៨១ នៅមុខផ្ទះ សំណាក់ គឹមហ័រ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជន២ក្រុម មួយក្រុមជិះម៉ូតូស្កុកពី ពណ៌ខៀវ មានគ្នា៣នាក់ កាំភ្លើងខ្លីមួយដើម ចំណែកម្ខាងទៀត ជិះ​ម៉ូតូសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA 1297 ជិះម្នាក់ឯង មកដល់ចំណុចខាងលើមិនដឹងជា មានរឿងគំនុំគ្នាពីណាមកទេ ស្រែក​ថា​ឯងចង់ខ្លាំងរៀងខ្លួន ហើយដកកាំភ្លើងខ្លីទាំងសងដេញ បាញ់គ្នាដោយយកស្លាកយីហោផ្ទះសំណាក់គឹមហ័រ ធ្វើជាផ្ទាំងស៊ីបបាញ់តដៃគ្នា ចំនួន១៣គ្រាប់ ធ្វើឲ្យយុវជនជិះម៉ូតូសេ១២៥ រត់ទៅពួននៅឪសថស្ថានសុខា រួចរត់ចេញមកវិញ ភ្ជង់យុវជនម្នាក់ ឈ្មោះ រឿន សុវត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិតពេទ្យ​នៅសាកលវិទ្យាល័យ IU ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលកំពុងជិះម៉ូតូសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI 1114 ភ្ជង់ប្លន់​យកម៉ូតូទៅបាត់ នៅចំណុចមុខឪសថស្ថានសុខា ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ជិះម៉ូតូគេចទៅបាត់ ហើយបន្សល់ទុកម៉ូតូសេ១២៥ ស៊េរី២០១៣មួយគ្រឿង នៅកន្លែងកើតហេតុ ចំណែកខាងម៉ូតូស្កុកពី បានជិះម៉ូតូគេចខ្លួនទៅបាត់ ។
ចំពោះករណីខាងលើនេះសមត្ថកិច្ចមិនទាន់អះអាងថា ជារឿងអ្វីពិតប្រាកដនៅឡើយ ប៉ុន្តែបើ តាមអ្នកឃើញហេតុការណ៍អះអាងថា ជារឿងគំនុំបាញ់គ្នាមួយប្រាវ ហើយមិនអាចរត់គេចទៅណា បានភ្ជង់ប្លន់យកម៉ូតូដោយសារ តែម៉ូតូរបស់គេនៅឆ្ងាយពីកន្លែងដែលគេរត់គេច ។ ក្នុងហេតុការណ៍នោះ​មិនបណ្តាលឲ្យ​បែក​កញ្ចក់រថយន្ត​អគ្គិសនីកម្ពុជា ចតនៅជិតកន្លែងកើតហេតុមួយគ្រឿង និងធ្លុះធ្លាយស្លាកយីហោផ្ទះសំណាក់គឹមហ័រ ។ ចំណែកម៉ូតូបន្សល់ទុកនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ ៕
ប្រភពពី អង្គរធំមេឌា


Read more: http://www.cambodiapage.info/?p=18202#ixzz2h39HBfYS