គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ប្រជុំម៉ោង ៣ រសៀល ថ្ងៃទី៨តុលានេះ
ភ្នំពេញ: តាមគម្រោង គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដែលមានប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ រួមទាំងប្រធានគណៈកម្មការជំនាញទាំង ៩ រូប របស់រដ្ឋសភា នឹងបើកកិច្ចប្រជុំដោយបិទទ្វារ នាម៉ោង ៣ រសៀល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ មុននឹងបើកកិច្ចប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ដើម្បីប្រជុំជ្រើសតាំងសមាជិកសមាជិកាគណៈកម្មការជំនាញរដ្ឋសភា ទាំង ៩ គណៈកម្មការ នៅរដ្ឋសភា។
ប្រធានគណៈកម្មការហិរញ្ញវត្ថុ សេដ្ឋកិច្ច ធនាគារ និងសវនកម្ម របស់រដ្ឋសភា លោក ជាម យៀប បានមានប្រសាសន៍ថា របៀបវារៈ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី៨តុលានេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកសមាជិកា នៃគណៈកម្មការជំនាញទាំង ៩ របស់រដ្ឋសភា។ ក្នុងនោះ ក៏នឹងបោះឆ្នោតជ្រើសរើសលេខាធិការរបស់គណៈកម្មការជំនាញនិមួយៗផងដែរ។
លោកបន្តថា គណៈកម្មការជំនាញនិមួយៗ មានសមាជិកយ៉ាងតិច ៧ រូប ដែលក្នុងនោះ មានប្រធាន ១ រូប អនុប្រធាន ១ រូប លេខាធិការ ១ រូប និងសមាជិកសមាជិកា។
លោក ជាម យៀប បន្តថា បើទោះបីជាគណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំរដ្ឋសភា នាថ្ងៃទី១០តុលាខាងមុខទេ ក៏គណបក្សប្រជាជនកម្ពុជា រៀបចំនូវសមាសភាពគណៈកម្មការទៅតែម្នាក់ឯង ដោយមិនរង់ចាំគណបក្សប្រឆាំងទេ។
រីឯលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រឆាំង នៅតែប្រកាន់ជំហរដដែល គឺរកយុត្តិធម៌ និងរកការពិតជូនម្ចាស់ឆ្នោត ព្រមទាំងស្វែងរកការកែទម្រង់ស្ថាប័នជាតិមួយចំនួន។ គណបក្សសង្គ្រោះជាតិ ក៏នៅតែប្រកាន់ជំហរ ធ្វើពហិការ មិនចូលប្រជុំរដ្ឋសភា ដរាបណា មិនមានការកែទម្រង់ស្ថាប័នរដ្ឋសភា។
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ បានជាប់គាំង មិនត្រូវរ៉ូវគ្នា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី និងលោក កឹមសុខា បានទាមទារឲ្យមានតុល្យភាពអំណាច ដោយទារយកតំណែងប្រធានរដ្ឋសភា និងគណៈកម្មការជំនាញភាគច្រើន នៅរដ្ឋសភា។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនយល់ព្រម ហើយក៏បង្កើតរដ្ឋសភា និងរដ្ឋាភិបាល តែម្នាក់ឯង កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤កញ្ញា តាមរយៈកិច្ចប្រជុំរដ្ឋសភា អាណត្តិថ្មី លើកដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។
រចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា ដែលរួមមាន ប្រធានរដ្ឋសភា អនុប្រធានទី១ អនុប្រធានទី២ នៃរដ្ឋសភា ប្រធានគណៈកម្មការ អនុប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំង ៩ គណៈកម្មការ ត្រូវបានបោះឆ្នោតជាកញ្ចប់ ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ បើទោះបីជាគណបក្សសង្គ្រោះជាតិ ធ្វើពហិការ មិនចូលប្រជុំក៏ដោយ។ ថ្នាក់ដឹកនាំរដ្ឋសភា និងគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង។
គណបក្សប្រជាជនកម្ពុជា ព្រមព្រៀងផ្តល់នូវតំណែងអនុប្រធានរដ្ឋសភាមួយរូប ប្រធានគណៈកម្មការរដ្ឋសភា ៤ និងអនុប្រធានគណៈកម្មការ ៥ ដល់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សប្រឆាំង ចង់បានតំណែងប្រធានរដ្ឋសភា និងតំណែងប្រធានគណៈកម្មការជំនាញភាគច្រើន នៅរដ្ឋសភា ដើម្បីអ្វីដែលគណបក្សប្រឆាំង អះអាងថា សម្រាប់ឲ្យមានតុល្យភាពអំណាច រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅអាណត្តិថ្មីនេះ។ តែគណបក្សប្រជាជនកម្ពុជា មិនយល់ស្រប៕
ប្រភព ពី CEN

