សោកនាដកម្មនៃការ ធ្លាក់យន្តហោះនៅ ខេត្តចំប៉ាសាក់ ស្លាប់ប្រជាជនមកពី ១០ ប្រទេស
រាជធានីភ្នំពេញ ៖ ហេតុការណ៏ធ្លាក់យន្តហោះ របស់ក្រុមហ៊ុន ឡាវ អ៊ែរឡាញ នៅក្នុងខេត្តចំប៉ាសាក់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានក្លាយជារឿងរ៉ាវសោកនាដកម្មថ្មីមួយ នៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះក៏មាន អាកាសយានិកខ្មែរម្នាក់ បានស្លាប់បាត់បង់អាយុជីវិតឈ្មោះ យុង សំ អាយុជាង ៥០ ឆ្នាំ ។
មនុស្សចំនួន ៤៩ នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុការណ៍ ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុនឡាវ អ៊ែរឡាញ ដែលក្នុងនោះមានអ្នកដំណើរចំនួន ៤៤ នាក់ ហើយមូលហេតុ នៃការធ្លាក់យន្តហោះនេះដោយសារ អាកាសធាតុចុះអ័ព្ទ និងខ្យល់ខ្លាំង ដែលរឥទ្ធិពលពីកន្ទុយព្យុះ ណារី។
អ្នកដំណើរដែលស្លាប់ទាំង ៤៤ នាក់នោះមាន ឡាវ ១៦នាក់ ជនជាតិបារាំង ៧ នាក់ អូស្ត្រាលី ៦ នាក់ ថៃ ៥ នាក់ កូរ៉េខាងត្បូង ៣ នាក់ វៀតណាម ២ នាក់ កាណាដាម្នាក់ ចិនម្នាក់ តៃវ៉ាន់ម្នាក់ និងជនជាតិអាមេរិកម្នាក់ ហើយជនរងគ្រោះទាំងនោះ ត្រូវបានស្គាល់អត្តសញ្ញាណ អស់ហើយ។
នៅភាគខាងត្បូងប្រទេសឡាវ បានទទួលរង ការវាយប្រហារពីខ្យល់ព្យុះណារី ហើយអគ្គនាយកនៃអគ្គនាយកដ្ឋាន អាកាសចរណ៍ស៊ីវិលឡាវ លោក Yakua Lo-pangka បានប្រាប់កាសែតវៀងចន្ទថែម ថា ឥទ្ធិពលកន្ទុយខ្យល់ព្យុះនេះឯង អាចជាបុព្វហេតុបណ្ដាលឱ្យ យន្ដហោះនេះធ្លាក់ ។
សាក្សីបាននិយាយថា យន្ដហោះមានបំណងចុះចត ប៉ុន្ដែត្រូវទទួលរងការ ប៉ះទង្គិចជាមួយកម្លាំងខ្យល់ខ្លាំង បង្វែរឱ្យក្បាលយន្ដហោះនោះ ឡើងកាន់តែខ្ពស់ ហើយរុញច្រានចេញទៅឆ្ងាយ ពីអាកាសយានដ្ឋាន និងចេញពីតំបន់គ្រប់គ្រងដោយប្រព័ន្ធរ៉ាដា៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ