ជម្រះ​ក្តី​បរទេស​ ស្បែក​ខ្មៅ​ពីរ​នាក់ ប្រើ ATM ក្លែង​ក្លាយ​លួច​ដក​ប្រាក់

10/01/2013 0 Comments A+ a-

ភ្នំពេញៈ បុរស​បរទេស​ស្បែក​ខ្មៅ​ ២ នាក់​ក្នុង​នោះ រួមមាន ជន​ជាតិ​ស្រី​លង្កា​ម្នាក់ និង ម៉ាឡេស៊ី​ម្នាក់ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ និង​ កាត់​សេចក្តី កាល​ពី​ម្សិល​មិញ ជាប់​ពាក់​ពន្ធ​នឹង​ការ​លួច​ដក​ប្រាក់​ពី​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ (ATM)​របស់​ធនាគារ សិង្ហបូរី​ចំ កាត់  ជាង ១៣​ម៉ឺន​ដុល្លារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​កាលពី​អំឡុង ខែ​មេសា ឆ្នាំ​២០១៣។
លោក តែ សំអាង ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​៖ ជន​ជាប់​ចោទ ឈ្មោះ Aruna Salam ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជន​ជាតិ​ស្រី​លង្កា ជា​ទេសចរ និង ឈ្មោះ Delvin Joseph ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ជា​ទេសចរ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ ពី​បទ​«លួច»។ ជន​ជាប់​ចោទ​ទាំង​២ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ៖« លួច» តាម​មាត្រា ទី ៣៥៦ នៃ ក្រម​ព្រហ្ម​ទណ្ឌ នៃ ព្រះ​រាជាណាចក្រ​កម្ពុជា និង ​ត្រូវ​ចាប់​ខ្លួន​ដោយ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ២០១៣។
លោក​ចៅក្រម​បាន​មាន​ប្រសាសន៍​ថាៈ«ពួកគេ​បាន​ប្រើ​ប្រាស់ កាត ATM ក្លែង​ក្លាយ លួច​ដក​ប្រាក់ ពី​ម៉ាស៊ីន ATM របស់​ធនាគារ​សិង្ហបូរី SBC អស់​ជាង ១៣ ម៉ឺន​ដុល្លារអាមេរិក​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ពួកគេ ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​សមត្ថកិច្ច​អាវុធ​ហត្ថ ខណៈ​ដែល​កំពុង​តែ​លួច​ដក​ប្រាក់​ពី ម៉ាស៊ីន ATM ធនាគារ​សិង្ហបូរី SBC នៅក្នុង​ទីតាំង ២ កន្លែង​ផ្សេង​គ្នា នៅ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូន​ពេញ និង នៅ​សង្កាត់​ទន្លេ​បាសាក់ នៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០១៣»។
លោក​ចៅក្រម​បាន​បន្ថែម​ថា បន្ទាប់​ពី​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដក​ហូត ប្រាក់​មួយ​ចំនួន និង កាត ATM ក្លែង​ក្លាយ​ជាច្រើន​ពី​ពួកគេ។ ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​មន្ទីរ​ពន្ធនាគារ កែប្រែ ព្រៃស កាល​ពីថ្ងៃ ១៤ ខែ មេសា ឆ្នាំ ២០១៣ ។
យោង​តាម​របាយការណ៍ របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថាៈ ជន​សង្ស័យ​ទាំង​ ២ ខាង​លើ​នេះ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣ ដោយ​សមត្ថកិច្ច​នៅ​ទី តាំង​២​កន្លែង​ផ្សេង​គ្នា ក្នុងនោះ ឈ្មោះ Delvin Joseph ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ចំណុច ម៉ាស៊ីន ATM ស្ថិត​នៅ​សង្កាត់​ទន្លេ​បាសាក់ នៅ​ក្នុង​ខណ្ឌ​ចំការមន ហើយ​សមត្ថកិច្ច​បាន​ដក​ហូត​បាន​ប្រាក់​ចំនួន ៥០០០ ដុល្លារ​ពី​គាត់ ព្រម​ទាំង​កាត​ATM ក្លែង​ចំនួន ៣៤​កាត់​ពី​គាត់។ ចំណែក​ឯ​ឈ្មោះ Aruna Salam ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ចំណុច​ម៉ាស៊ីន ATM ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ។
ក្រោយ​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដក​ហូត​បាន​ប្រាក់​ប្រមាណ ៨០០០ ដុល្លារ​អាមេរិក​ពី​រូប​គាត់ ព្រម​ទាំង​កាត ATM ក្លែងក្លាយ​ជា​ច្រីន​ទៀត​ពី​គាត់។ សរុប​កាត ATM ក្លែង ដែល​សមត្ថកិច្ច បាន​ដក​ហូត​ពី ជន​សង្ស័យ​ទាំង២ ខាង​លើ​នេះ មាន​ចំនួន​ប្រមាណ ៨០ កាត ATM ក្លែង​ក្លាយ។
នាពេល​សវនាការ​កាល​ពី​ម្សិល​មិញ ជន​ជាប់​ចោទ​ទាំង​ ២ ខាង​លើ បាន​ទទួល​សារភាព​អំពី​កំហុស របស់​ពួកគេ និង សំណូមពរ​ឲ្យ​តុលាការ​មេត្តា​ជួយ​បន្ធូរ​បន្ថយ​ទោស ពួកគេ​ឲ្យ​បាន​ទាប​បំផុត ដើម្បី ពួកគេ អាច​ឆាប់​រួច​ផុត​ទោស និង ឆាប់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ។ ចំណែកឯ ឈ្មោះ តឹក សុផល តំណាង​ធនាគារ​សិង្ហបូរី SBC ដែល​ជា​ភាគី​ដើម​បណ្តឹង នៅ​ក្នុង​សំណុំ​រឿង​នេះ បាន​ទាមទារ​ឲ្យ ជន​ជាប់​ចោទ​ទាំង​២ សង​ប្រាក់​សរុប ចំនួន សរុប ១៣៣.១៩៨ ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ធនាគារ​វិញ។
តុលាការ​នឹង​ប្រកាស​សាលក្រម​ នៃ សំណុំ​រឿង​នេះ នៅ​ថ្ងៃទី ១១ ខែ តុលា ២០១៣ ខាង​មុខ​នេះ៕
_________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍