គ្រួសារលោក ជា វិជ្ជា ស្វែងរកអន្តរាគមន៍ ជំរុញឲ្យរដ្ឋាភិបាល រកឃាតកពិត
ក្រុមគ្រួសារអតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា ដែលឃាតកបាញ់សម្លាប់កាលឆ្នាំ២០០៤ កន្លងទៅ បានអះអាងថា សំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះជនដៃដល់ជាឃាតកពិត សមត្ថកិច្ចមិនទាន់វែកមុខយកមកផ្ដន្ទាទោសនៅឡើយ។ ការអះអាងនេះ បន្ទាប់ពីតុលាការកំពូលបានសម្រេចដោះលែង លោក ប៊ន សំណាង និង លោក សុខ សំអឿន ដែលជាឃាតកសិប្បនិម្មិតពីពន្ធនាគារឲ្យរួចផុតពីបទឃាតកម្មគិតទុកជាមុនទៅលើ លោក ជា វិជ្ជា។
ប្អូនប្រុស លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ កំពុងប្រឹក្សាយោបល់ផ្នែកច្បាប់ដើម្បីស្វែងរកការដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា ដែលអសមត្ថភាពក្នុងការស្វែងរកឃាតកពិតដែលបានបាញ់សម្លាប់បងប្រុសរបស់លោក។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានថ្លែងនៅថ្ងៃទី៣០ កញ្ញា ថា សំណុំរឿងឃាតកលើ លោក ជា វិជ្ជា នឹងមិនផុតរលត់នោះទេ ប្រសិនណាឃាតកពិតមិនត្រូវបាននាំយកមកផ្ដន្ទាទោសនោះ។ លោកថា ក្រុមគ្រួសារ លោក ជា វិជ្ជា និងសាច់ញាតិទាំងអស់ នៅតែរង់ចាំយុត្តិធម៌ជានិច្ច។ លោក ជា មុនី បានបញ្ជាក់ទៀតថា លោកកំពុងសិក្សាពីបញ្ហាផ្លូវច្បាប់ ដើម្បីស្វែងរកការអន្តរាគមន៍បន្តទៀតពីស្ថាប័នអន្តរជាតិមួយចំនួន ដូចជា អង្គការអន្តរជាតិខាងការងារ (ILO) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែលមានទំនុកចិត្តជាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ តុលាការកំពូលបានសម្រេចដោះលែង លោក ប៊ន សំណាង និង លោក សុខ សំអឿន ពីពន្ធនាគារឲ្យរួចផុតពីបទឃាតកម្មគិតទុកជាមុនទៅលើ លោក ជា វិជ្ជា និងរួចផុតពីសំណងរដ្ឋប្បវេណីចំនួន ៤០លានរៀលទៅដើមបណ្ដឹង។
លោក ប៊ន សំណាង និង លោក សុខ សំអឿន បានជាប់ពន្ធនាគារអស់រយៈពេលជិត ៦ឆ្នាំ ដោយគ្មានទោសពៃរ៍ ដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ហៅអ្នកទាំងពីរថាជាឃាតកសិប្បនិម្មិត។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ថ្វីត្បិតតែតុលាការកំពូលបានសម្រេចដោះលែងអ្នកទាំងពីរក្ដី ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បិទសំណុំរឿងនេះទេ ពីព្រោះឃាតកពិតមិនទាន់រកឃើញនៅឡើយ។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានមតិថា លោកគាំទ្រចំពោះក្រុមគ្រួសារ លោក ជា វិជ្ជា នៅតែចង់បានយុត្តិធម៌។ សូម្បីតែប្រជាជនខ្មែរ ក៏ត្រូវការយុត្តិធម៌ដែរ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតក្បែរវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ប៉ុន្តែរហូតមកដល់ពេលនេះ អស់រយៈពេលជិត ១០ឆ្នាំហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញឃាតកពិតនៅឡើយ។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលបានយល់ព្រមកសាងរូបសំណាក លោក ជា វិជ្ជា តាមសំណើរបស់កម្មករសហជីព ដើម្បីរំលឹកពីវីរភាពតស៊ូទាមទារសិទ្ធិ និងលក្ខខណ្ឌការងារល្អប្រសើរជូនកម្មករ៕
ប្រភពពី វិទ្យុអាស៊ីសេរី