ប្រឌិតរឿងគ្រោះថ្នាក់ចរាចរ ហើយឆបោកលុយ តាមទូរស័ព្ទខុស បច្ចេកទេសត្រូវ សមត្ថកិច្ចឃាត់ខ្លួន
ខេត្តកណ្តាល ៖ នគរបាលបានឃាត់ខ្លួន កម្មករអូសរទេះ នៅផ្សារដើមគរម្នាក់ ដោយយោងទៅតាម ពាក្យបណ្តឹងរបស់ ជនរងគ្រោះដែលចោទប្រកាន់ថា បានឆបោកប្រាក់តាមទូរស័ព្ទ ដោយប្រើល្បិចបន្លំ ជាក្មួយជនរងគ្រោះជួបគ្រោះថ្នាក់ចរាច នៅស្រុកកៀនស្វាយ ឲ្យវេលុយមកសងគេ តាមធនាគារអេស៊ីលីដា នៅថ្នល់ទទឹង ទើបជនរងគ្រោះ មានការសង្ស័យ ក៏ប្តឹងឲ្យនគរបាល ឲ្យឃ្លាំមើល និងឃាត់ខ្លួនតែម្តងទៅ។
ជនសង្ស័យមានឈ្មោះ យ៉ូន រដ្ឋា ភេទប្រុសអាយុ ១៦ ឆ្នាំមានមុខរបរជាកម្មករ អូសរទេះនៅផ្សារដើមគ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ៨និង១០ នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងធនាគារ ត្រង់ចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ ក្លូត ស៊ីណា ភេទស្រីអាយុ ៥៩ ឆ្នាំជាមេផ្ទះ រស់នៅភូមិព្រៃទ័ល សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទ ទៅកាន់ជនរងគ្រោះ ហើយពេលនោះជនរងគ្រោះ នឹកស្មានថាជាក្មួយរបស់ខ្លួន ក៏សួរថា អ្នកណា អារ៉ា មែន? ដោយសារតែឈ្មោះ រ៉ា នេះជាក្មួយរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានឆ្លើយបន្លំថា នឹងហើយខ្ញុំឈ្មោះ រ៉ា បានជួបគ្រោះថ្នាក់ចរាចរ បុកគេស្លាប់ហើយ សូមឲ្យជួយវេលុយតាមធនាគារ អេស៊ីលីដា ដើម្បីបង់ឲ្យគេ ប៉ុន្តែបែរជាប្រាប់ឲ្យវេ មកកាន់ធានាគារ អេស៊ីលីដា ថ្នល់ទទឹង ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនរងគ្រោះក៏មានការសង្ស័យ ហើយបានទៅសួរម្តាយរបស់ឈ្មោះ រ៉ា ដោយប្រាប់ថា អារ៉ា ជួបគ្រោះថ្នាក់ចរាចរបុកគេស្លាប់ ក៏កើតមានការភ្ញាក់ផ្អើល នាំគ្នាទូរស័ព្ទទៅរកឈ្មោះ រ៉ា ទើបដឹងថា គេឆបោកប្រាក់ខ្លួន ទើបមកដាក់ពាក្យបណ្តឹង ឲ្យនគរជួយចាត់ការ។ លុះដល់ព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៣ លោក មាន សំណាង ក៏បានបញ្ជាឲ្យកម្លាំង នគរបាលលោកទៅទំនាក់ទំនង ជាមួយធនាគារ អេស៊ីលីដាថ្នល់ទទឹង ក្រោយមកក៏ឃើញជនសង្ស័យ ទៅទំនាក់ទំនងជាមួយធនាគារ ដើម្បីសុំបើកប្រាក់ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តងទៅ៕
ព្រះច័ន្ទ
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ