លួច​ម៉ូតូ​គេ​បាន សម្រេច​ជិះ​រត់គេចខ្លួន ជ្រុល​ទៅបុក​ឡាន​ ដឹក​ខ្សាច់​ប្រកាច់​ស្លាប់​ភ្លាមៗ​

9/21/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖  យុវជន​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ មួយគ្រឿង ហើយ​ជិះ​រត់​គេច​ខ្លួន ប៉ុន្តែ​ជា​អកុសល​បាន​ជ្រុលទៅ​​បុក​រថយន្ត​ដឹក​ខ្សាច់​ពេញ  ទំហឹង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ប្ញ​ស្សី កាលពី​វេលា​ម៉ោង​១​និង​១៤​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៣​។​

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ខាងលើនេះ​មានឈ្មោះ ហុង ឈឿន ហៅ​ក្តិ​ប អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី និង​ម្នាក់ទៀត​មានឈ្មោះ ឡាយ បារាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ចំណែក​បុរស​ដែលជា​ម្ចាស់​ម៉ូតូ មានឈ្មោះ ហុង សុវណ្ណ អាយុ​​៤៦​ឆ្នាំ ។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​បានធ្វើ​សកម្ម​លួច​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១BL-១៤៦០ ចេញពី​ចំណុច​ម្តុំ​ផ្សារ​មោង​ប្ញ​ស្សី ខណៈដែល​ម្ចាស់​គេ​កំពុងតែ​ដេកលក់​។ បន្ទាប់ពី​លួចបាន​ហើយ ពួកគេ​បាន​ជិះ​ម៉ូតូ​បំណង​គេច​ខ្លួន ប៉ុន្តែ​ខណៈពេល​ជិះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បណ្តាល​ឲ្យ​ដួល​ប្រកា​ច់​​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​បន្ទាប់​ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅអន្តរា​គមន៍ និង​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ជនរងគ្រោះ មក​ទទួលយក​សាកស​ព​យកទៅ​ធ្វើបុណ្យ​តាម​​ប្រពៃណី​។ ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថ​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​គេ​យក​ឯកសារ​បញ្ជាក់ មក​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​៕
ប្រភពព័ត៌មានពី៖ វត្តភ្នំ