ណៃហត ប៉ះណៃហត នៅផ្លូវចំការដូង ស្លាប់មន្ត្រីក្រសួងកសិកម្មម្នាក់
ភ្នំពេញ ៖ មន្ត្រីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីមាន គ្រោះថ្នាក់ចរាចរណ៍ រវាងជនរងគ្រោះ បើកម៉ូតូណៃហត ទៅបុកណៃហតមួយគ្រឿងទៀត ដែលនៅពីមុខ ពេលកំពុង បត់ឆ្វេង កាលពីវេលាម៉ោង ៤និង១០នាទី រសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅតាមបណ្តោយផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សន សិដ្ឋ អាយុ ៤៨ឆ្នាំ ជាមន្ត្រីបម្រើការងារនៅក្រសួងកសិកម្ម ខាងពេទ្យសត្វ មានស្រុកកំណើតនៅភូមិព្រែក ឃុំក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយបច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុមានបុរសម្នាក់កំពុងបើកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1T-5066 តាមបណ្តោយផ្លូវចំការដូង ក្នុងទិសដៅពីត្បូងទៅជើង លុះដល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជា ជនរងគ្រោះ ដែលកំពុងបើកម៉ូតូណៃហត ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-7777 យ៉ាងលឿន ហើយបុកពីក្រោយនៅពេលអ្នកបើកម៉ូតូ ណៃហតពីមុខកំពុងបត់ឆ្វេង បណ្តាលឲ្យជនរងគ្រោះ ដួលបែកក្បាលស្លាប់ភ្លាមៗតែម្តងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ ហើយយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយ បន្តទៀត ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីប្រគល់ ជូនយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល