Apartment 69 (ភាគ​បញ្ចប់)

9/29/2013 0 Comments A+ a-

ភាគ​បញ្ចប់
ឡើង​តាម​ជណ្ដើរ​ប្រអប់​មក​ ខ្ញុំ​កើត​កូន​ចិត្ត​មួយ​ភ្នក​ដល់​ Apartment របស់​ខ្ញុំ ប៉ុន្តែ​អូនវី ចេះ​តែ​នាំ​ខ្ញុំ​និយាយ​បូក​នឹង​បរិយាកាស​ដ៏​ល្អ​ពី​អាហារ​ពេល​ល្ងាច​ផង​នោះ​ខ្ញុំ​ក៏​បំភ្លេច​អ្វី​ទាំង​អស់​ ហើយ​ផ្ដល់​ទំនុក​ចិត្ត​ឱ្យ​ខ្លួន​ឯង​សម្រាប់​កិច្ចការ​ដែល​គួរ​ធ្វើ​រាត្រី​នេះ។ មក​ដល់​មុខ​បន្ទប់​ខ្ញុំ​មិន​សម្លឹង​មើល​លេខ 69 ទេ ក៏​បើក​ទ្វារ​ចូល។
ភ្លើង​ភ្លឺ​ចិញ្ចាច​ ទូរទស្សន៍​លេង​នៅ​ប៉ុស្តិ៍​ V តាម​ការ​បញ្ជា​ដោយ​ម្រាម​ដៃ​តូច​ស្រលូន​ភ្លឹង​ស្ទើរ​មើល​មិន​ឃើញ​ថ្នាំង​ពេល​សម្លឹង​ពី​ចម្ងាយ។ You Belong With Me របស់​ Taylor Swift បំពង​ឡើង​កម្ចាត់​ភាព​ស្ងប់ស្ងាត់​ក្នុង​បន្ទប់ មិន​ឱ្យ​បរិយាកាស​រំលង​ទៅ​ចោល​ទំនោរ​ចិត្ត​ ខ្ញុំ​បោះ​ជំហាន​​មួយៗ​ទៅ​រក​អូនវី ត្រកង​នាង​មក​ទម្រេត​លើ​សយនា​ដែល​ប្រហើរ​ដោយ​ក្លិន​កម្រង​ផ្កា​ម្លិះ​ ខ្ញុំ​ថ្នាក់ថ្នម​ម្ចាស់​ស្នេហ៍​ដោយ​អារម្មណ៍​រំជើបរំជួល​បំផុត​ភ្លេច​អស់​រឿង​ពី​ម្សិល​ និង​ពាក្យ​របស់​ជីសេង។ ប្រតិបត្តិការ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ទៅ​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​ពេល​អូនវី ច្រត់​ដៃ​បង្ហើប​ខ្លួន​ឡើង​ហើយ​ពោល​មក​កាន់​ខ្ញុំ៖
-អូន​សុំ​ចូល​បន្ទប់​ទឹក​មួយ​ភ្លែត​សិន។
-ហេតុ​អី​យើង​មិន​ចាំ​ដល់​ជិត​គេង​ចាំ​ងូត​ទឹក?
-ទេ! អូន​មិន​មែន​ងូត​ទឹក​ទេ។ ហេតុ​អី​បង​តក់ក្រហល់​ម្ល៉េះ? សុំទោស​ណា!
នាង​ប្រាសចាក​ពី​គ្រែ​ទៅ ខ្ញុំ​ដូច​ជា​បុក​ពោះ​យ៉ាង​ម៉េច​មិន​ដឹង​។ នាង​ចូល​បន្ទប់​ទឹក​ផុត​ខ្ញុំ​យក​តេឡេ​ទូរទស្សន៍​មក​បន្ថយ​សំឡេង​ឱ្យ​អស់ ហើយ​ទាញ​ហ្គីតា​មក​ដេញ​បទ Remember When របស់​ Alan Jackson ហើយ​​បង្ហើរ​សំនៀង​​តិចៗ ដើម្បី​ឱ្យ​អូនវី ដឹង​ថា​ខ្ញុំ​មិន​ស្ដាប់​ទូរទស្សន៍ ហើយ​ក៏​មិន​ទាន់​សន្ធឹង​ខ្លួន​លើ​គ្រែ​ដែរ។ បណ្ដែត​អារម្មណ៍​តាម​សំឡេង​ហ្គីតា​ដែល​ខ្ទរ​ចេញ​មក​តាម​កម្លាំង​និង​ជំនាញ​ម្រាមដៃ​របស់​ខ្ញុំ​បាន​ពាក់​កណ្ដាល​បទ​មិន​ទាន់​ស្រួលបួល​ផង សោតា​ខ្ញុំ​ទទួល​បាន​សំឡេង​ទី​ពីរ​​នៅ​ក្នុង​បន្ទប់​ដ៏​តូច​ច្រឡឹង​នេះ។ វា​កាន់​តែ​ឮ​និង​ច្បាស់​ទៅៗ ធ្វើ​ឱ្យ​ម្រាម​ដៃ​​ដែល​ប្រកប​ដោយ​ជំនាញ​មិន​អាច​បញ្ជា​ខ្សែ​ហ្គីតា​ឱ្យ​បន្លឺ​ឡើង​រហូត​ចប់​បទ​បាន ខ្ញុំ​ដាក់​ហ្គីតា​ចុះ​លើ​គ្រែ​ស្ទុះ​សំដៅ​ទ្វារ​បន្ទប់​ទឹក បម្រុង​គោះ​ទ្វារ​ហៅ​អូនវី តាម​កំសួល​ចិត្ត​ដែល​សៅហ្មង​នឹង​ហេតុការណ៍​នេះ ប៉ុន្តែ​ពេល​មក​ដល់​ទ្វារ​បន្ទប់​ទឹក​លើក​ដៃ​បម្រុង​គោះ​ទៅ​ហើយ​ ខ្ញុំ​ទៅ​ជា​ទច់​ង៉ក់​។ “ទុក​បើ​អូនវី​ កំពុង​ធ្វើ​អ្វី​ដូច​ឯង​កាល​ពី​ម្សិល​មិញ​ក៏​នេះ​មិនមែន​ជា​កំហុស​នាង​ដែរ ព្រោះ​ឯង​ពេល​នោះ​ក៏​មិន​ប្រាកដ​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​ផង​ ហេតុ​អី​ឯង​មិន​រក​វិធី​ដោះ​ស្រាយ​កុំ​ឱ្យ​ប្ដី​ប្រពន្ធ​មាន​ការ​រអៀស​ចិត្ត​នឹង​គ្នា?”
ខ្ញុំ​ថយ​ក្រោយ​មក​ទាញ​ហ្គីតា​ដេញ​ខ្លាំងៗ​បំពាន​លើ​សំឡេង​ត្រេកត្រអាល​ដែល​ខ្ទរ​រងំ​មក​ពី​ក្នុង​បន្ទប់​ទឹក និង​ដើម្បី​រំសាយ​ភាព​មួហ្មង​ក្នុង​ចិត្ត ខ្ញុំ​មិនមែន​ជា​មនុស្ស​ជឿ​លើ​រឿង​អប្បិយជំនឿ​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ​មាន​អ្វី​មិន​ប្រក្រតី​ក្នុង​បន្ទប់​ទឹក​នោះ​មិន​ខាន។ ហ្គីតា​ថ្ងួចថ្ងូរ​ដល់​បទ​ទី​បី បន្ទប់​ទឹក​របើក​សំឡេង​ស្រួយ​ស្រាវ​បន្លឺ​ឡើង៖
-បង! យក​កន្សែង​ឱ្យ​អូន​បន្តិច!
ខ្ញុំ​បាញ់​ខ្សែ​ចក្ខុ​លឿន​ស្លេវ​ទៅ​រក​ទ្វារ​បន្ទប់​ដែល​ពោរពេញ​ដោយ​ភាព​សៅហ្មង អូនវី កាន់​មាត់​ទ្វារ​បាំង​ខ្លួន​អើត​តែ​ក្បាល​ដែល​ទទឹក​ជោក​ញញឹម​ពព្រាយ​មក​កាន់​ខ្ញុំ ខ្ញុំ​ស្ទុះ​ទៅ​យក​កន្សែង​ឱ្យ​នាង។ មួយ​ស្របក់​ក្រោយ​អូនវី ចោមពុង​ចេញ​ពី​បន្ទប់​ទឹក​មក​រក្សា​បាន​នូវ​ភាព​សិចស៊ី​បង្អួត​សាច់​ស​​ភ្លឹង​ដែល​ចាំង​ប្លាត​ជា​មួយ​ភ្លើង​អំពូល​គួរ​ឱ្យ​គយគន់ ប៉ុន្តែ​អារម្មណ៍​ភួយ​ខ្នើយ​របស់​ខ្ញុំ​បាន​រលត់​ទៅ​ជា​មួយ​នឹង​ក្ដី​មន្ទិល ក្ដួលក្ដៅ​សៅហ្មង​មុន​នេះ​អស់​ទៅ​ហើយ។ នាង​ទៅ​ស៊ក​សំលៀកបំពាក់​គេង​យប់​ សម្ងួត​សក់​ហើយ​ដើរ​ត្រុកៗ​សំដៅ​មក​គ្រែ ខ្ញុំ​មិន​ដេញដោល​ពី​រឿង​ដែល​នាង​ប្រាប់​ថា​មិន​ចូល​ងូត​ទឹក​មុន​នេះ​នោះ​ទេ តែ​ខ្ញុំ​ក្រោក​ទៅ​ដូរ​សំលៀកបំពាក់​គេង​ហើយ​ត្រសុល​ចូល​ភួយ​គេង​ឱប​នាង។ ម្ចាស់​ស្នេហ៍​ខ្ញុំ​ចេញ​វាចា​ស្រាលៗ៖
-បង​មិន​ងូត​ទឹក​ទេ?
-បង​មាន​អារម្មណ៍​ថា​ស្រគាលៗ​ខ្លួន មិន​ចង់​ត្រូវ​ទឹក​ទេ។
-បង​មិន​ស្រួល​ខ្លួន?
-អត់​ទេ ប្រហែល​មក​ពី​ស្រា​ក្រហម អូន​ដឹង​ហើយ​ថា​បង​មិន​សូវ​ពូកែ​ញ៉ាំ​ស្រា។ បានហើយ ឆាប់​គេង​ទៅ។
អូន​វី​ ត្រសុល​ក្បាល​មក​អឹប​ដើម​ទ្រូង​ខ្ញុំ​ហើយ​ក៏​ស្ងាត់​បាត់​មាត់​ទៅ។
………………………………………………………………….
អូនវី ទម្លាប់​ភ្ញាក់​ពី​ព្រលឹម​ចម្អិន​អាហារ​ពេល​ព្រឹក ក្លិន​ឈ្ងុយ​សាច់​ចៀន​បាន​ដាស់​ខ្ញុំ​ឱ្យ​ភ្ញាក់​ពី​ដំណេក។ ខ្ញុំ​ដូច​ជា​រសាប់រសល់​នៅ​មិន​សុខ​ដោយសារ​មិន​បាន​ងូត​ទឹក​ពី​យប់ ក៏​ក្រោក​ទៅ​ទាញ​កន្សែងពោះគោ​ចូល​បន្ទប់​ទឹក។ អូនវី ងាក​មក​ញញឹម​ដាក់​ខ្ញុំ​ហើយ​បន្លឺ​សំឡេង៖
-បង​ភ្ញាក់​ពី​ព្រឹក​ម្ល៉េះ?
-បង​ដូច​ជា​រសាប់រសល់​ខ្លួន​។
-ម៉ោ​ពី​បង​ឯង​អត់​ងូត​ទឹក​ពី​យប់​មិញ​ហ្នឹង​ហើយ ងូត​ទឹក​ទៅ​ អាហារ​ពេលព្រឹក​ជិត​រួច​ហើយ។
………………………………..
អូនវី ងូត​ទឹក​រួច​ទាំង​ព្រលឹម ខ្ញុំ​ដឹង​ខ្លួន​មិន​ទាន់​តែ​ក៏​កើត​កូន​ចិត្ត​ឆ្ងល់​ថា តើ​ពេល​ព្រឹក​អាច​មាន​រឿង​ដូច​ពេល​ថ្ងៃ​និង​ពេល​យប់​ទេ? ខ្ញុំ​នឹក​ឃើញ​ដល់​រាត្រី​ដ៏​សោះកក្រោះ​កាល​ពី​យប់​មិញ ព្រោះ​អូនវី មិន​ដែល​តោះតើយ​នឹង​រឿង​គ្រែ​ខ្នើយ​ជា​មួយ​ខ្ញុំ​ទេ។ ខ្ញុំ​ងូត​ទឹក​ហើយ​ស្លៀកពាក់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​មួយ​ភរិយា​ជា​ទី​ស្រលាញ់ ហើយ​ជូន​នាង​ទៅ​ដាក់​នៅ​មុខ​ក្រុមហ៊ុន រួច​ទើប​បង្ហួស​ទៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ដូច​រាល់​ព្រឹក។
ក្រោយ​អាហារ​ថ្ងៃ​ត្រង់​មិត្តភ័ក្ដិ​ពីរ​បី​នាក់​របស់​ខ្ញុំ​មក​ជជែក​លេង​តាម​ទម្លាប់​ ស្ងាត់​មនុស្ស​បន្តិច​ជីសេង កំលោះ​អប្បិយជំនឿ​ចាប់​ផ្ដើម​សម្លឹង​មុខ​ខ្ញុំ ខ្ញុំ​ធ្វើ​ហី​ដូច​ជា​មិន​រវល់​នឹង​វា ប៉ុន្តែ​រំពេច​នោះ​សំឡេង​ភ្ញាក់ផ្អើល​បាន​លាន់​ឡើង៖
-ឈុនលៀង ឯង​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ មើល​ចុះ! ផ្ទៃ​មុខ​ខាង​ឆ្វេង​ប្រែ​ជា​ក្រមៅ ធ្វើ​ឱ្យ​ពន្លឺ​​ផ្ទៃ​មុខ​ខាង​ស្ដាំ​ថមថយ ស្រទាប់​ស្រអាប់​ក្នុង​កែវ​ភ្នែក​ទាំង​សង​ខាង​ធ្វើ​ឱ្យ​ថាមពល​ចក្ខុ​របស់​ឯង​ចុះ​ខ្សោយ គឺ​ដូច​ជា​មេឃ​ស្រទំ​ប្រែ​ជា​អាប់​រក​កល​ចង់​ភ្លៀង បើ​ព្រះ​ពាយ​ផាត់​ពពក​ខ្មៅ​ខ្មួលខ្មាញ់​នោះ​​មិន​ផុត​ទេ អញ្ចឹង​ព្រះ​ភិរុណ​ដាច់​ខាត​ត្រូវ​តែ​បង្អោរ​ចុះ ប្រៀប​ដូច​វាសនា​មនុស្ស​ដែល​ឆ្លង​មិន​ផុត​ពី​គ្រោះ​កាច​ ឧបទ្រព​ចង្រៃ​ដូច្នោះ​ដែរ។ កុំ​ថា​ខ្ញុំ​មាត់​ច្រើន​អី​នេះ​គឺ​ដោយសារ​យល់​ថា​ឯង​ជា​មិត្ត​ស្និទ្ធស្នាល​ទេ មុន​ថ្ងៃ​១៥​កើត​នេះ​ឯង​រក​ចិនសែ​ទៅ​មើល​បន្ទប់​របស់​ឯង​ទៅ។
-អរគុណ​ហើយ​ដែល​ឯង​ខ្វល់ខ្វាយ​នឹង​ខ្ញុំ មិន​លាក់​បាំង​​នឹង​ឯង​ទេ ខ្ញុំ​ពិត​ជា​មាន​រឿង​មិន​ស្រណុក​ក្នុង​ចិត្ត​ខ្លះ​មែន ខ្ញុំ​ចង់​រើ​ចេញ​ពី Apartment 69 នោះ​ឆាប់ៗ​នេះ។
-រើ​ចេញ? ហេតុ​អី?
-ខ្ញុំ​និយាយ​មិន​កើត​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​រើ​ចេញ។
-អញ្ចឹង​ឯង​គិត​ថា និយាយ​ជា​មួយ​លោក​នាយក​ប៉ុន្មាន​ម៉ាត់​ហ្នឹង​ហើយ​ឯង​អាច​រើ​ចេញ​អញ្ចឹង​ហ្អេ?
-អញ្ចឹង​ឯង​និយាយ​ទៅ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច? ខ្ញុំ​មិន​អាច​នៅ​ទី​នោះ​បាន​ទៀត​ទេ។
-បញ្ហា​អី​ក៏​មាន​ដំណោះ​ស្រាយ​ដែរ បើ​បញ្ហា​បណ្ដាល​មក​ពី​បន្ទប់​នោះ អញ្ចឹង​ត្រូវ​សួរ​ថា វា​គឺ​ដោយសារ​បរិយាកាស​ពី​ធម្មជាតិ ទីតាំង ឬ​ពាក់ព័ន្ធ​នឹង​ជំនឿ​ហុងស៊ុយ​បន្ទប់។
-ចុះ​បើ​ខ្ញុំ​និយាយ​ថា គឺ​រឿង​អប្បិយជំនឿ?
-មិន​មាន​អ្វី​ចម្លែក​ទេ អគារ​សង់​ឡើង​លើស​ពី​១០០​កន្លែង គឺ​​យ៉ាង​ហោច​ណាស់​​ក៏​មាន​មួយ​បន្ទប់​ដែល​មាន​បញ្ហា​ដែរ ទុក​បើ​ធ្វើ​ផ្ទៀងផ្ទាត់​តាម​ក្បួន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​រឿង​បែប​នេះ​មិនមែន​ថា​មិន​អាច​កែខៃ​បាន​នោះ​ទេ។ ​​បើ​ឯង​មិន​ជំទាស់​ទេ ខ្ញុំ​នឹង​ណែនាំ​អ្នក​ចេះ​មើល​ហុងស៊ុយ​ផ្ទះ​ម្នាក់​ឱ្យ​ឯង។
-ល្អ! ​ធ្វើ​តាម​ឯង​ចុះ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ឱ្យ​ប្រពន្ធ​ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ហៅ​គ្រូហ្ម​អី​ទៅ​ផ្ទះ​នោះ​ទេ។ បើ​ក្មេង​ជា​មិត្តភ័ក្ដិ​ បើ​ចាស់​គឺ​ពូ​ខ្ញុំ ឯង​យល់​ទេ?
-បាន​យើង​នឹង​ជួប​គាត់ ហើយ​ចុះ​ឯង​គិត​ថា​គួរ​តែ​ទៅ​ថ្ងៃ​ណា?
-​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​យ៉ាង​ម៉េច​ដែរ?
-គួរ​តែ​មិន​យឺត​ពេល​ទេ សម្រេច​អញ្ចឹង​ចុះ។
…………………………………………………………………….
ពួក​យើង​រើ​មក​នៅ​ Apartment 69 នៅ​ថ្ងៃ​អាទិត្យ រហូត​ដល់​ថ្ងៃ​សៅរ៍ ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា​ដែរ​ខ្ញុំ​ត្រូវ​ស្ដាប់​សំឡេង​អូនវី ឮ​ពេញ​ត្រចៀក​យ៉ាង​គ្រលួច​ពី​ក្នុង​បន្ទប់​ទឹក​មក ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ដើរ​ចេញ​ពី​បន្ទប់​ព្រោះ​ពិបាក​ធ្វើ​ចិត្ត​ក្នុង​អារម្មណ៍​បែប​នោះ។ ទោះ​យ៉ាង​ណា​ខ្ញុំ​ពិបាក​យល់​រឿង​ខ្លះ អូន​វី​ដូច​ជា​មិន​ដឹង​ខ្លួន​ថា ​នាង​បាន​ធ្វើ​អ្វី​នៅ​ក្នុង​បន្ទប់​ទឹក​នោះ​ទេ ហើយ​ថែម​ទាំង​មិន​ចាប់​អារម្មណ៍​ថា​ពួក​យើង​មិន​បាន​រួម​មេត្រី​​ពេញ​មួយ​អាទិត្យ​ទៅ​ហើយ​នោះ​ទេ នាង​មាន​កាយវិការ​ធម្មតា​ ទឹក​មុខ​ស្រស់​ស្រាយ លេង​សើច​ជា​មួយ​ខ្ញុំ​តាម​ចរិត​របស់​នាង​មិន​មាន​អ្វី​ប្រែប្រួល​សោះ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ចង់​និយាយ​ជា​មួយ​នាង​ឱ្យ​ដឹង​រឿង​ដែរ ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​មុន​ ហើយ​មិន​ដឹង​ថា​អាច​និយាយ​គ្នា​យល់​ពី​ហេតុផល​ដែរ​ឬ​យ៉ាង​ណា ដូច្នេះ​ហើយ​ឱ្យ​ចិនសែ​មក​មើល​ហុងស៊ុយ​បន្ទប់​ជា​រឿង​ល្អ​បំផុត​ហើយ ព្រឹក​នោះ​ខ្ញុំ​និយាយ​ជាមួយ​នាង៖
-អូន​ព្រឹក​នេះ​ប្រហែល​ម៉ោង​៩ ពូ​បង​មក​លេង។
-អញ្ចឹង​ហ្អែ? គាត់​​នៅ​ពិសា​បាយ​ថ្ងៃ​ត្រង់​ជា​មួយ​ពួក​យើង​ទេ?
-អត់​ទេ គាត់​គ្រាន់​តែ​ឆៀង​ចូល​មើល​បន្ទប់​យើង​មួយ​ភ្លែត​ ព្រោះ​គាត់​ចង់​រក​ទិញ​ឱ្យ​កូន​គាត់​មួយ​បន្ទប់​ដែរ។
-បើ​គាត់​នៅ​ញ៉ាំ​ជុំ​គ្នា​ពិត​ជា​ល្អ​ណាស់ ព្រោះ​ព្រឹក​នេះ​ប្អូន​ស្រី​អូន នាំ​មិត្តភ័ក្ដិ​គេ​២​នាក់​មក​ធ្វើ​អាហារ​ថ្ងៃ​ត្រង់​ញ៉ាំ​ជុំ​គ្នា​នៅ​ទី​នេះ។
-ហេតុ​អី​អូន​មិន​ប្រាប់​បង​មុន?
-យប់​មិញ​អូន​គិត​ថា​ ចេញ​ពី​ងូត​ទឹក​វិញ​ចាំ​ប្រាប់​បង តែ​ពេល​ចេញ​ពី​បន្ទប់​ទឹក​​ងងុយ​គេង​ពេក​ក៏​ភ្លេច​ប្រាប់​បង​ទៅ។ អូន​សុំទោស​បង​សម្លាញ់!
-អត់​​អី​ទេ បង​គ្រាន់​តែ​សួរ​។ ល្អ​ហើយ​យើង​មិន​បាច់​ចេញ​ក្រៅ​ក្រុង​ផង។
យើង​ងូត​ទឹក​ញ៉ាំ​អាហារ​ពេល​ព្រឹក ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះ​​រង់ចាំ​ពូ​ខ្ញុំ​មក​លេង (ចិនសែ)។ ទ្រនិច​នាឡិកា​ប៉ោល​វាត់​ដល់​ម៉ោង​៩​ភ្លាម សំឡេង​គោះ​ទ្វារ​លាន់​ឡើង​សឹង​ថា​ក្នុង​វិនាទី​តែ​មួយ អូន​វី លាន់​មាត់៖
-គាត់​ពិត​ជា​ទៀង​ម៉ោង​មែន។
ខ្ញុំ​ដើរ​ទៅ​បើក​ទ្វារ និយាយ​រាក់​ទាក់​គាត់​របៀប​ស្និទ្ធស្នាល​ជា​ញាតិ​សាច់​ឆ្ងាយ ណែនាំ​ប្រពន្ធ​ខ្ញុំ​ឱ្យ​គាត់​ស្គាល់​ហើយ​គាត់​ក៏​សុំ​សិទ្ធិ​ដើរ​​មើល​ស្ថានភាព​បន្ទប់ ក្នុង​សភាព​ដូច​អ្នក​មើល​ចង់​ទិញ។ គាត់​ស្លៀកពាក់​ដូច​ជា​មនុស្ស​ទាន់​សម័យ​មិន​ដូច​គ្រូហ្ម​អី​នោះ​ទេ តែ​គាត់​មាន​ឈើ​ខ្មៅ​​ប៉ុន​កូន​ដៃ​ប្រវែង​ប្រមាណ​បី​ទៅ​បួន​ចំអាម​ដើរ​ចុច​នេះ​ចុច​នោះ ចុង​ក្រោយ​​គាត់​ចូល​ក្នុង​បន្ទប់​ទឹក​មួយ​ភ្លែត ហើយ​ចេញ​មក​និយាយ​លេង​ជាមួយ​ពួក​យើង​បន្តិច​ក៏​​លា​ទៅ​វិញ។ ខ្ញុំ​ត្រូវ​ជូន​លុយ​គាត់ និង​ស្ដាប់​រឿងរ៉ាវ​បន្ទប់​របស់​ខ្ញុំ​ដូច្នេះ​ហើយ​ខ្ញុំ​យក​លេស​ថា ជូន​ដំណើរ​គាត់​ទៅ​ក៏​ចុះ​​ទៅ​អង្គុយ​ជជែក​ជា​មួយ​គាត់​នៅ​ក្នុង​ម៉ាត​នៅ​ខាង​ក្រោម​។ អង្គុយ​ប៉ុក​ខ្ញុំ​អន្ទះសា​ចង់​ដឹង​រឿង៖
-យ៉ាង​ម៉េច​ដែរ​លោក​គ្រូ​ បន្ទប់​ខ្ញុំ?
-គ្រប់​យ៉ាង​គឺ​ត្រូវ​តាម​ក្បួន​អត់​មាន​ខុស​ទេ ដំណេក​នៃ​ក្បាល​គ្រែ​ក៏​ល្អ​ឥត​ខ្ចោះ និយាយ​ទៅ​គេ​រៀប​តាម​ហុងស៊ុយ​ចិន​បាន​ល្អ​ណាស់ មិន​មាន​អ្វី​ត្រូវ​កែ​ប្រែ​ទេ។ ប៉ុន្តែ​មាន​រឿង​មួយ​ដែល​ហួស​ពី​សមត្ថភាព​ខ្ញុំ​អាច​ធ្វើ​ និង​និយាយ​ថា​ជា​អ្វី​​ឱ្យ​ប្រាកដ​បាន។
-អ្វី​ទៅ​លោក​គ្រូ?
-គឺ​ចំហាយ​ចម្លែក​ម្យ៉ាង​នៅ​ក្នុង​បន្ទប់​ទឹក។ ឈើ​ខ្មៅ​របស់​ខ្ញុំ​កម្រើក​តិចៗ​ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ទឹក ហើយ​មាន​ចំហាយ​ត្រជាក់​យ៉ាង​ចម្លែក​ម្យ៉ាង​គ្រប​ដណ្ដប់​លើ​ខ្ញុំ ខ្ញុំ​គិត​ថា​បើ​មនុស្ស​ធម្មតា ចំហាយ​នោះ​អាច​នឹង​មាន​ឥទ្ធិពល​អ្វី​ម្យ៉ាង​មក​លើ​មិន​ខាន​ទេ។ មិន​ដឹង​ថា ក្មួយ​ចូល​បន្ទប់​ទឹក​នោះ​មាន​អារម្មណ៍​អ្វី​កើត​ឡើង​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​ឬ​អត់​ទេ។
-ចុះ​បើ​ពិត​ជា​មាន​រឿង​ចម្លែក​កើត​ឡើង​ចំពោះ​ខ្ញុំ​ និង​ប្រពន្ធ​ខ្ញុំ​ពេល​ចូល​បន្ទប់​ទឹក​នោះ​មែន​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ​លោកគ្រូ?
-បើ​ក្មួយ​ពិត​ជា​មាន​រឿង​បែប​នោះ​មែន ហើយ​ក្មួយ​ជឿ​​រឿង​ខ្មោច​ព្រាយ​បិសាច​មន្តអាគម​ឩមអាម អញ្ចឹង​​លោកគ្រូ​អាច​នាំ​ក្មួយ​ឱ្យ​ជួប​មិត្ត​របស់​គ្រូ​ម្នាក់​គាត់​ជា​អ្នក​យល់​ដឹង ​និង​មាន​ចំណេះ​ជ្រៅជ្រះ​ រឿង​ខ្មោច​ព្រាយ។
-ខ្ញុំ​អរគុណ​លោកគ្រូ​ហើយ​ ស្អែក​ជា​ថ្ងៃ​អាទិត្យ​តើ​អាច​ឱ្យ​គាត់​អញ្ជើញ​មក​បាន​ទេ?
-ខ្ញុំ​នឹង​ឱ្យ​គាត់​ខល​មក​ក្មួយ។
………………………………………………………….
វា​ជា​រឿង​អស់​សំណើច​ដែល​ខ្ញុំ​ជា​អ្នក​រៀន​ក្នុង​សម័យ​បច្ចេកវិទ្យា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ តែ​បែរ​ជា​ទៅ​ជឿ​និង​អាង​ពឹង​លើ​ជំនឿ​ទាំង​អស់​នេះ​មក​ដោះ​ស្រាយ​បញ្ហា​គ្រួសារ​ទៅ​វិញ ប៉ុន្តែ​នេះ​មិន​មែន​សុបិន​ មិនមែន​ភាពយន្ត​ទេ​គឺ​ជីវិត​រស់​នៅ​របស់​ប្ដី​ប្រពន្ធ​ខ្ញុំ​ជួប​រឿង​បែប​នេះ ខ្ញុំ​គ្មាន​ជម្រើស​ទេ​។ នៅ​រារែកៗ​ម៉ោង​ជាង​១០​ទៅ​ហើយ ខ្ញុំ​ឡើង​ទៅ​បន្ទប់​វិញ​ប្អូន​ថ្លៃ​ស្រី​ខ្ញុំ និង​មិត្តភ័ក្ដិ​របស់​នាង​ពីរ​នាក់​ទៀត​កំពុង​ចាត់ចែង​បន្លែ​សាច់​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ជុំ​គ្នា​។ ប្អូន​ថ្លៃ​ខ្ញុំ​និយាយ​លេង​ចំអន់​អូន​វី៖
-ឯង​ពីរ​នាក់​មាន​ប្លែក​អី​ទេ បី​បួន​ខែ​មក​នេះ?
-ប្លែក​អី អាណា?
-គឺ​បង​ស្រី​ខ្ញុំ​នឹង​ណា? ពី​មុន​សៅរ៍​អាទិត្យ​យើង​មិន​ដែល​ខល​រក​គាត់​ទេ មាន​តែ​គាត់​ខល​ហៅ ​មិន​អញ្ចឹង​សុំ​ពួក​យើង​ទៅ​ជាមួយ តែ​បួន​ខែ​ចុង​ក្រោយ​នេះ​SMSមួយ​ក៏​អត់​ដែល​ឃើញ​ដែរ។ ពួក​ឯង​មាន​បាន​SMSមួយ​ពី​គាត់​ទេ?
ក្មេង​ស្រី​ពីរ​នាក់​អាយុ​ដំណាល​គ្នា​ប្រហែល​២១​ទៅ​២២​លាន់​មាត់​ព្រម​គ្នា៖
-អើ! មែន​ហើយ​អត់​ដែល​ឃើញ​មែន។ ហើយ​ថ្ងៃ​នេះ​បើ​កុំ​តែ​ខ្ញុំ​ឱ្យ​ឯង​ខល​សុំ​គាត់​មក​ធ្វើ​អី​ញ៉ាំ​ជុំ​គ្នា​នៅ​ទី​នេះ​ប្រហែល​មិន​បាន​ជួប​គាត់​ទេ។ ធ្វើ​ម៉េច​ទេ! យើង​បី​នាក់​សំខាន់​មិន​ដល់​មនុស្ស​ម្នាក់។
សំឡេង​សើច​ខ្ទរ​ពេញ​បន្ទប់​លាន់​ឡើង​ជួយ​កម្ចាត់​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ក្បាល​ខ្ញុំ​ បន្តិច​ក្រោយ​មក​ពួក​នាង​ចាប់​ផ្ដើម​ចម្អិន​ម្ហូប​​សំឡេង​ជជែក​គ្នា​និង​សំណើច​ក្អាកក្អាយ​ដូច​ជា​ស្ងប់ស្ងាត់​ទៅ​វិញ។ ខ្ញុំ​សម្លឹង​ទៅ​ទ្វារ​បន្ទប់​ទឹក ហើយ​មើល​ម៉ោង​ទូរសព្ទ​ដៃ​គឺ​១១​ជាង​ហើយ​ជា​ម៉ោង​ដែល​បន្ទប់​ទឹក​នេះ​តែង​បង្ក​រឿង​ចម្លែក។ មិន​ទាន់​១២​ថ្ងៃ​ត្រង់​ផង​ អាហារ​ភេសជ្ជៈ​ និង​ស្រាបៀរ​ត្រូវ​បាន​រៀប​ពេញ​ប្រៀប​នៅ​លើ​តុ។ អាណា ដក​ដង្ហើម​វែង​មួយ​ហើយ​បន្លឺ​សំឡេង​ឡើង៖
-ចែ!​ មាន​កន្សែង​សម្រាប់​ភ្ញៀវ​ទេ? ខ្ញុំ​ងូត​ទឹក​បន្តិច​សិន ធំ​ក្លិន​សាច់​គោ​ជាប់​ខ្លួន​អញ្ចឹង​មិន​ចេះ​នៅ​ទេ។
-មាន! នោះ​ នៅ​ថត​ទូ​ខាង​ឆ្វេង!
អាណា ដើរ​ទៅ​បើក​យក​កន្សែង​រួច​ចូល​បន្ទប់​ទឹក​ទាញ​ទ្វារ​បិទ​គ្រឹប​។ ខ្ញុំ​ចាប់​ផ្ដើម​មិន​ស្រណុក​ក្នុង​ចិត្ត​ក៏​ដើរ​ទៅ​ដំឡើង​សំឡេង​ស្ពីកឃឺ​បន្តិច​ឱ្យ​ចម្រៀង​លាន់​ទ្រហឹង​ពេញ​បន្ទប់ គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ តែ​ពួក​គេ​​នាំ​គ្នា​ងក់​ក្បាល​តាម​ភ្លេង​និង​ញ៉ាំ​នេះ​បន្តិច​នោះ​បន្តិច​រង់ចាំ​អាណា ចេញ​ពី​បន្ទប់​ទឹក​វិញ។
ទោះ​សំឡេង​បទ​ចម្រៀង​ខ្ទរ​ទ្រហឹង​យ៉ាង​ណា​ក៏​មិន​អាច​ទាញ​សោតា​ខ្ញុំ​ឱ្យ​ផ្ទៀង​ស្ដាប់​បាន​ដែរ ខ្ញុំ​ភ្នក​ក្នុង​ចិត្ត​ថា​ចុះ​បើ​អាណា បន្លឺ​សំឡេង​ថ្ងួចថ្ងូរ​ដូច​ពេល​អូនវី​ ចូល​ក្នុង​នោះ​តើ​បរិយាកាស​នៅ​ទី​នេះ​នឹង​ទៅ​ជា​យ៉ាង​ម៉េច។ កំពុង​តែ​ភ្នក​គិត​ សំឡេង​ស្រាល​តូច​​ល្វើយៗ​ជ្រែក​កាត់​​ចង្វាក់​ភ្លេង​មក​ប៉ះ​នឹង​ត្រចៀក​ខ្ញុំ ខ្ញុំ​រឹត​តែ​មិន​ផ្ដោត​លើ​បទ​ភ្លេង​ដោយ​សញ្ជឹង​និង​ផ្ទៀង​សោតា​តម្រង់​ទៅ​បន្ទប់​ទឹក។ ពិត​មែន​ហើយ! គឺ​សំឡេង​ដូច​​ដែល​ខ្ញុំ​បាន​ស្ដាប់​ពេញ​មួយ​សប្ដាហ៍​មក​នេះ។ វា​គ្រលរ​ទៅៗ​ ច្បាស់​ទៅៗ ខ្ញុំ​ប្រហោង​ពោះ ហេងហាង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​គឺ​ដូច​ជា​ច្រាបជាន់​អង្គុយ​ធ្មឹង​រក​ធ្វើ​អ្វី​មិន​កើត បន្តិច​ក្រោយ​មក​អូនវី ដើរ​សំដៅ​ស្ពីកឃឺ​ហើយ​មួល​វ៉ូលីម​បន្ថយ​សំឡេង​ចម្រៀង​ ខ្ញុំ​ផើត​ពោះ​ចង់​ហើប​​គូថ​ផុត​កៅអី ខណៈ​សំឡេង​ចម្រៀង​ហាក់​បំពង​មិន​ឈ្នះ​ សំឡេង​ត្រេកត្រអាល​ខ្ទរ​មក​យ៉ាង​គ្រលួច។ សំឡេង​ទី​បី​ក្នុង​បន្ទប់​ប្រាកដ​ឡើង​មក​ដាស់​ភាព​ភាន់ភាំង​របស់​ខ្ញុំ៖
-ហើយ​ចុះ​អាណា វា​ងូត​ទឹក​យូរ​ម៉េស? អាណា? យូរ​ម៉េស?​ ប្រយ័ត្ន​យើង​ទុក​តែ​ឆ្អឹង​ឱ្យ​ឯង​ណា!
មិត្តភ័ក្ដិ​របស់​អាណា ប្រតិកម្ម​ពេល​អាណា​ចូល​បន្ទប់​ទឹក​យូរ​ពេក ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​គ្រប់​គ្នា​ហាក់​មិន​ខ្វល់​ពី​សំឡេង​ចម្លែក​ចេញ​ពី​បន្ទប់​ទឹក​មក​ទេ ខ្ញុំ​លូក​ដៃ​ក្ដិច​ភ្លៅ​ខ្លួន​ឯង​ដើម្បី​បញ្ជាក់​ថា ស្មារតី​ខ្ញុំ​គឺ​ប្រក្រតី​ទេ ពិត​ណាស់​ក្ដិច​ជ្រុល​ដៃ​ខ្ញុំ​ឈឺ​ចង់​លោត។
សំឡេង​កាន់​តែ​រោលរាល​គឺ​សំឡេង​របស់​អាណា យ៉ាង​ច្បាស់ ​ហេតុ​អី​អ្នក​គ្រប់​គ្នា​នៅ​ទី​នេះ​មិន​ឮ បែរ​ជា​នាំ​គ្នា​ជជែក​ធ្វើ​​ហី ឬ​មួយ​ពួក​នាង​អៀន​ខ្ញុំ​ហើយ​យល់​រឿង​ស្រីៗ​ក៏​នាំ​គ្នា​ធ្វើ​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​នៅ​ចំពោះ​មុខ​ខ្ញុំ? គិត​ម្ដង​ទៀត​ខ្ញុំ​នឹក​ដល់​ប្រពន្ធ​ខ្ញុំ​ក៏​សម្លឹង​មុខ​នាង នាង​ញញឹម​ដាក់​ខ្ញុំ​យ៉ាង​ស្រស់​បញ្ជាក់​ថា​អត់​មាន​រឿង​មិន​ស្រួល​ក្នុង​ចិត្ត​ទេ បើ​នាង​ពិត​ជា​ឮ​សំឡេង​ប្អូន​ស្រី​នាង​ថ្ងូរ​យ៉ាង​ស្រើប​ស្រាល​បែប​នេះ​ពេល​មាន​អ្នក​ក្រៅ​នៅ​ជា​មួយ  ​នាង​គួរ​តែ​ប្រែ​ទឹក​មុខ​ ឬ​មក​រក​ខ្ញុំ​ដើម្បី​ពិគ្រោះ​ តែ​នេះ​គឺ​អត់​ទេ ខ្ញុំ​ធូរ​ចិត្ត​បន្តិច​តែ​ក៏​ចាប់​ផ្ដើម​សង្កា​ក្នុង​ចិត្ត​ថា ​តើ​មាន​រឿង​អ្វី​ឱ្យ​ប្រាកដ​នៅ​ទី​នេះ។ ឬ​មួយ​ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ឈ្លក់​វង្វេង​នឹង​រឿង​បែប​នេះ​​ច្រើន​ពេក​ក៏​ស្រមៃ​ដល់​សំឡេង​ផ្ដេសផ្ដាស​នេះ? គិត​វិលវល់ៗ អាណា​បើក​ទ្វារ​ក្រាក​ចេញ​មក​ញញឹម​យ៉ាង​ស្រស់​ហើយ​បន្លឺ​ឡើង៖
-មាន​នរណា​ចង់​ចូល​ទៀត​ទេ?
-ចូល​ទៀត​ហ្អែ? ឯង​មើល​ម៉ោង​មើល៍ ១២​ជិត​កន្លះ​ហើយ!
មិត្ត​នាង​បន្ទោស​ អាណា​លាន់​មាត់​៖
-ចុម! ខ្ញុំ​ងូត​ទឹក​ម៉ា​ភ្លែត​សោះ​ជិត​កន្លះ​ម៉ោង? ហើយ​ម៉េច​មិន​ញ៉ាំ​មុន​?
-បាន​ហើយ! កុំ​នាំ​គេ​ឱ្យ​ចាំ​ទៀត​មក​ញ៉ាំ​ម៉ោ។
រីករាយ​នឹង​អាហារ​ថ្ងៃ​ត្រង់ អម​ដោយ​ស្រាបៀរ​តិចតួច​ មួយ​សន្ទុះ​ក្រោយ​មក​មិត្ត​របស់​អាណា បង្ហើប​រឿង​ថ្មី៖
-បង​វី ស្អែក​ពួក​ខ្ញុំ​ទៅ​ហែល​ទឹក​បង​ទៅ​ជាមួយ​គ្នា​ទេ? ពួក​យើង​ខាន​ទៅ​ហែល​យូរ​ហើយ។
អូន​វី​ ងាក​មើល​មុខ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ឆ្លៀត​ចាប់​យក​ឱកាស​ល្អ​នេះ​ភ្លាម៖
-អូន​ទៅ​ហែល​ទឹក​លេង​ជា​មួយ​ពួក​​គេ​ទៅ បង​ត្រូវ​ជជែក​ជា​មួយ​អ្នក​ធ្វើ​ការ​​ពី​រឿង​ទៅ​បាងកក​អាទិត្យ​ក្រោយ។
អាណា លូក​មាត់៖
-អាទិត្យ​ក្រោយ​ហ្អែ៎? ពេល​នោះ​ចែ​ទៅ​គេង​នៅ​ផ្ទះ​ម៉ាក់ ឬ​ឱ្យ​ខ្ញុំ​មក​គេង​នៅ​ទីនេះ?
ខ្ញុំ​មិន​គិត​អ្វី​ទាំង​អស់​ក៏​ធ្លោយ​មាត់៖
-ទៅ​គេង​ផ្ទះ​ម៉ាក់​ទៅ!
-ហេតុ​អី​នឹង? ខ្ញុំ​ម៉ោ​គេង​នៅ​ហ្នឹង​ក៏​បាន​ ម៉េច​ខ្លាច​ខ្ញុំ​រុះរើ​ឱ្យ​ខូច​ភាព​រ៉ូមេនទិក​របស់​បន្ទប់​នេះ?
-មែន​ហើយ​បង ឱ្យ​អាណា​ម៉ោ​គេង​ហ្នឹង​ហើយ អូន​ខ្ជិល​ទៅ​នោះ។
ខ្ញុំ​ទីទើរ​តែ​ក៏​ត្រូវ​តាម​ចិត្ត​នាង​ព្រោះ​អត់​មាន​ហេតុផល​អី​ត្រូវ​ចាំ​បាច់​ឱ្យ​នាង​ទៅ​គេង​ផ្ទះ​ម៉ាក់​នាង​ទេ។ អាហារ​ថ្ងៃ​ត្រង់​ចប់​ទៅ​ហើយ តែ​ការ​ក្លែម​ក្លយ​សម្ដី​នៅ​បន្ត​រហូត​ល្ងាច​ទើប​បី​នាក់​នោះ​គេ​ត្រលប់​ទៅ​វិញ។ ត្រូវហើយ​! ចន្លោះ​ពេល​ពួក​យើង​ញ៉ាំ​ស្រាបៀរ​ម្នាក់ៗ​ចូល​បន្ទប់​ទឹក​សឹង​ថា​យ៉ាង​ហោច​ណាស់​ពីរ​ដង​ម្នាក់​​ដែរ តែ​អត់​មាន​រឿង​អ្វី​កើត​ឡើង​ទេ ខ្ញុំ​ក៏​នឹក​ឃើញ​ថា​រាល់​ពេល​ខ្ញុំ​ចូល​បត់​ជើង​គឺ​អត់​មាន​រឿង​ចម្លែក​ទេ លើក​លែង​តែ​ពេល​ងូត​ទឹក។
មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​តិចៗ​ខ្ញុំ​និង​អូនវី មិន​ចុះ​ពី​ Apartment ពួក​យើង​ឈរ​មើល​ទេសភាព​ក្រុង​និង​ជជែក​គ្នា​រហូត​ដល់​ម៉ោង​អាហារ​ពេល​ល្ងាច។ យប់​នោះ​ក៏​មិន​ខុស​ពី​មួយ​អាទិត្យ​កន្លង​ទៅ​ដែរ ចូល​បន្ទប់​ទឹក​ចេញ​មក​វិញ​ដោយ​ភាព​ល្ហិតល្ហៃ​ និង​​ត្រូវ​ស្ដាប់​អូនវី​ ថ្ងួចថ្ងូរ​យ៉ាង​ត្រេកត្រអាល ក្រោយ​មក​ពួក​យើង​ក៏​លង់​លក់​ដល់​ភ្លឺ។
ក្រោយ​អាហារ​ពេល​ព្រឹក​អូនវី ចេញ​​ទៅ​រក​អាណា ព្រោះ​ថ្ងៃ​នោះ​ពួក​គេ​ណាត់​គ្នា​ទៅ​ហែល​ទឹក។ ខ្ញុំ​នៅ​ចាំ​ទូរសព្ទ​របស់​គ្រូ​មន្តអាគម​ដែល​នឹង​មក​មើល​បន្ទប់​ខ្ញុំ មិន​យូរ​ប៉ុន្មាន​ទូរសព្ទ​រោទ៍ ហើយ​ម៉ោង​៩​គាត់​ក៏​មក​ដល់។ សំណាង​ណាស់​ដែល​អូនវី មិន​នៅ​ព្រោះ​គាត់​មិន​ដូច​ចិនសែ​ដែល​មក​មើល​ហុងស៊ុយ​បន្ទប់​ទេ គាត់​ស្លៀកពាក់​ខុស​ពី​ជន​ទូទៅ ហើយ​កាន់​តែ​ប្លែក​ជាមួយ​នឹង​ខ្សែក​អង្កាំ​ឈើ​ខ្មៅ​មូល​ធំៗ​ធ្លាក់​ស្ទើរ​ដល់​ចង្កេះ​របស់​គាត់។ ចូល​ដល់​ក្នុង​បន្ទប់​គាត់​ចាប់​ផ្ដើម​ហើប​មាត់​មួយៗ៖
-អាវ៉ា? បន្ទប់​នេះ​ឯង​ទិញ​យូរ​ហើយ​នៅ?
-អត់​ទេ​លោកគ្រូ ឆ្នាំ​មុន​ខ្ញុំ​ជាប់​ជា​បុគ្គលិក​ឆ្នើម​​ ក្រុមហ៊ុន​ផ្ដល់​រង្វាន់​ឱ្យ​ស្នាក់​នៅ​បន្ទប់​នេះ​មួយ​ឆ្នាំ។
-ចុះ​អាវ៉ា​ឯង​មក​នៅ​បាន​ប៉ុន្មាន​ខែ​ហើយ?
-ទើប​តែ​បាន​មួយ​អាទិត្យ​ទេ​លោកគ្រូ។
-មាន​ធ្វើ​ពិធី​អី​ទេ មុន​មក​នៅ?
-គ្មាន​ទេ​លោកគ្រូ ព្រោះ​ខ្ញុំ​គិត​ថា​គ្រាន់​តែ​មក​ស្នាក់​នៅ​បែប​កម្សាន្ត​មួយ​ឆ្នាំ។
គាត់​ដោះ​ខ្សែក​អង្កាំ​ឈើ​បិទ​ភ្នែក​ ហើយ​រាប់​អង្កាំ​នោះ​មួយ​ម្ដងៗ។ គាត់​យក​មេដៃ​មក​ញី​ចិញ្ចើម​ខ្ញុំ ហើយ​ឱ្យ​ខ្ញុំ​សម្លឹង​ទៅ​លើ​ទៅ​ក្រោម​ ឆ្វេង​ស្ដាំ​ដើម្បី​មើល​គ្រាប់​ភ្នែក​ខ្ញុំ​ទាំង​សង​ខាង មួយ​ស្របក់​ក្រោយ​ទើប​គាត់​និយាយ​មួយៗ៖
-អាវ៉ា ឯង​ជួប​គ្រោះ​ដែល​១០០០​ឆ្នាំ​មិន​ទាន់​មាន​អ្នក​ជួប​ម្ដង នេះ​គេ​មិន​ហៅ​ថា​គ្រោះ​កាច​ទេ ព្រោះ​អាវ៉ា ឯង​អាច​គេច​ផុត​ពី​វា​ក្នុង​រយៈ​ពេល​មួយ​ពព្រិច​ភ្នែក​ដោយ​គ្រាន់​តែ​រើ​ចេញ​ពី​បន្ទប់​នេះ ហើយ​គ្រោះ​នោះ​នឹង​មិន​តោង​តាម​អាវ៉ា ឯង​ទេ គឺ​វា​នឹង​ចប់​ទៅ​តែ​ត្រឹម​ហ្នឹង។ ប៉ុន្តែ​បើ​អាវ៉ា ចង់​បន្ត​រស់​នៅ​ទី​នេះ​ដោយ​មិន​ឱ្យ​ប្រឈម​នឹង​គ្រោះ​នេះ​ តា​នឹង​ជួយ​អង្គុយ​មើល​ឱ្យ​ថា​តើ​ទី​នេះ​មាន​ហេតុភេទ​អ្វី​ឱ្យ​ប្រាកដ។
-បាទ​លោក​គ្រូ ខ្ញុំ​មិន​មែន​ថា​ចាំបាច់​ត្រូវ​តែ​នៅ​ទី​នេះ​ទេ ប៉ុន្តែ​បើ​អាច​មិន​បាច់​រើ​ចេញ​អញ្ចឹង​គឺ​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ហើយ។
គាត់​សម្លឹង​រក​កន្លែង​គួរ​សម​ ទាញ​ក្រណាត់​ក្រហម​បួន​ជ្រុង​ស្មើ​មក​ទ្រាប់​អង្គុយ​ពែនភ្នែន ហើយ​បង្គាប់​ខ្ញុំ​ឱ្យ​ទាញ​ទ្វារ​បន្ទប់​បិទ សំឡេង​ទ្វារ​បិទ​លាន់​ឡើង​ក្រោម​កម្លាំង​ដៃ​ខ្ញុំ។ ខ្ញុំ​អង្គុយ​ទៅ​ម្ខាង​រង់ចាំ​មើល​គាត់ ប្រមាណ​ជា​៥​នាទី​ទើប​គាត់​បើក​ភ្នែក​មក​វិញ។ មិន​ហា​ស្ដី​មួយ​ម៉ាត់​គាត់​ក៏​ដើរ​មួយៗ​ដោយ​មាន​ខ្សែក​អង្កាំ​ឈើ​នៅ​ក្នុង​ដៃ​សំដៅ​ទៅ​បន្ទប់​ទឹក ចូល​ក្នុង​ផុត​គាត់​ទាញ​ទ្វារ​បិទ​គ្រឹប​ ខ្ញុំ​ហាក់​មាន​ទំនុក​ចិត្ត​លើ​គាត់ ព្រោះ​ខ្ញុំ​មិន​បាន​បង្ហើប​ពី​អាថ៌កំបាំង​នេះ​ប្រាប់​អ្នក​ទី​ពីរ​នៅ​ឡើយ។
ប្រមាណ​ជា​៣​នាទី​ទើប​គាត់​ចេញ​មក​វិញ មិន​សួរ​នាំ​ខ្ញុំ​សូម្បី​មួយ​ម៉ាត់​គាត់​ចាប់ផ្ដើម​ហើប​មាត់​មួយៗ៖
-អាវ៉ា! អ្វី​ដែល​​​ចៅ​ឯង​បាន​ជួប និង​បាន​ឮ​មិនមែន​ជា​សុបិន ក៏​មិនមែន​ជា​ការ​រវើរវាយ​ដែរ នោះ​គឺ​ជា​ការ​ពិត​ទាំង​អស់។
ខ្ញុំ​មិន​ឱ្យ​គាត់​បន្ត​ប្រយោគ​ទៀត​ទាន់​ក៏​និយាយ​​កាត់​ផូង៖
-ចុះ​លោក​គ្រូ មាន​វិធី​អាច​កម្ចាត់​ភាព​ចម្លែក​ក្នុង​បន្ទប់​ទឹក​នេះ​បាន​ទេ?
-បាន! ប៉ុន្តែ​បើ​លោក​គ្រូ​ធ្វើ​គឺ​ដាច់​ធម៌​មេត្តា​ពេក​ហើយ។ ព្រោះ​គ្រោះ​នេះ​ចំពោះ​អាវ៉ា​ឯង​គឺ​អាច​គេច​បាន ប៉ុន្តែ​សម្រាប់​អ្នក​បង្ក​គ្រោះ​គឺ​គេច​មិន​បាន ស្រោចស្រង់​មិន​រួច។
-ខ្ញុំ​មិន​យល់​ប្រសាសន៍​លោកគ្រូ​ទេ។ លោកគ្រូ​អាច​ពន្យល់​ខ្ញុំ​ឱ្យ​ច្បាស់​ជាង​នេះ​បាន​ទេ?
-ឧបករណ៍​ងូត​ទឹក​ក្ដៅ​របស់​ចៅ ជាប់​មក​ជាមួយ​ព្រលឹង​តែលតោល​គ្មាន​ញាតិ​ផៅសន្ដាន​ ជា​ព្រលឹង​គូ​ស្នេហ៍​ភេទ​ប្រុស​ដូច​គ្នា ដែល​មិន​បាន​ទៅ​​ចាប់​ជាតិ​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​មក​ហើយ។
-អញ្ចឹង​ខ្ញុំ​អាច​ប្ដូរ​ឧបករណ៍​នោះ​ចេញ ហើយ​យក​វា​ទៅ​បោះ​ចោល​ក្នុង​សមុទ្រ​បាន​ទេ?
-ហួស​ពេល​ហើយ! វា​ត្រូវ​បាន​គេ​យក​មក​ដាក់​ទី​នេះ​រំលង​រនោច​៣៩​ដង ខ្នើត​៣៩​ដង មាន​មនុស្ស​ចូល​ងូត​ទឹក​ប្រើ​ឧបករណ៍​កម្ដៅ​នោះ​​ច្រើន​ជាង​៣៩​នាក់ ដូច្នេះ​បន្ទប់​ទឹក​ទាំង​មូល​ស្ថិត​ក្រោម​អំណាច​របស់​ព្រលឹង​តែលតោល​ទាំង​ពីរ ទោះ​បើ​អាវ៉ា​ឯង​ដោះ​វា​បោះ​ចោល​ក៏​ព្រលឹង​នៅ​តែ​អាច​ស្ថិត​នៅ​ក្នុង​បន្ទប់​ទឹក​នេះ​បាន។
-តើ​លោក​គ្រូ​មាន​វិធី​ណា​ដែល​មិន​ព្រៃ​ផ្សៃ​ចំពោះ​ពួក​គេ​ ហើយ​អាច​ឱ្យ​ទី​នេះ​ត្រលប់​រក​សភាព​ធម្មតា​វិញ​បាន​ទេ?
-តា​រៀន​តែ​មន្តអាគម​កម្ចាត់​ខ្មោច​ធ្មប់​បិសាច​ដែល​កាច​សាហាវ វិធី​ស្រោចស្រង់​តា​មិន​បាន​យល់​ដឹង​ទេ ហើយ​បើ​ឱ្យ​តា​បង្ខំ​ចិត្ត​ប្រើ​វិធី​ឃោរឃៅ ចំពោះ​សត្វ​ដែល​តែលតោល​បែប​នេះ​ក៏​តា​ធ្វើ​ទៅ​មិន​រួច​ដែរ អាវ៉ា​ឯង​អាច​រក​គ្រូ​ផ្សេង ពុំ​ដូច្នោះ​ទេ​មាន​តែ​រើ​ចេញ។
……………………………………………….
លោកគ្រូ​មន្តអាគម​ចេញ​ទៅ​ផុត ខ្ញុំ​អង្គុយ​ខ្វាយខ្វល់​ចិត្ត​ណា​មួយ​ថ្ងៃ​អាទិត្យ​ក្រោយ​ត្រូវ​ទៅ​បាងកក​បួន​ប្រាំ​ថ្ងៃ​ទៀត បើ​ត្រូវ​ទុក​ឱ្យ​ប្រពន្ធ​និង​ប្អូន​ថ្លៃ​នៅ​ទី​នេះ​គឺ​ពិត​ជា​មិនមែន​រឿង​ល្អ​ទេ​ពេល​ដឹង​ការ​ពិត​នេះ​ហើយ។ ខ្ញុំ​ពិត​ជា​ទាល់​គំនិត​គិត​មិន​ឃើញ​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ក្រៅ​ពី​រើ​ចេញ ប៉ុន្តែ​ទី​មួយ​ត្រូវ​មាន​ហេតុផល​គ្រប់គ្រាន់​ប្រាប់​លោក​នាយក ទី​ពីរ​ផ្ទះ​ល្វែង​ខ្ញុំ​ជួល​ឱ្យ​គេ​បាត់​ហើយ ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​ជាមួយ​ប្រពន្ធ​ និង​ម៉ាក់​ក្មេក​យ៉ាង​ម៉េច។
ខ្ញុំ​នឹក​មិន​អស់​ចិត្ត​នឹង​ពាក្យ​របស់​លោកគ្រូ​មន្តអាគម និង​រឿង​ចម្លែក​ក្នុង​បន្ទប់ទឹក ខ្ញុំ​ទាញ​ទូរសព្ទ​មក​បើក​ថត​កាមេរ៉ា​វីដេអូ​ យក​ទៅ​បញ្ឈរ​លើ​ចាន​លុប​មុខ​បែរ​ទៅ​រក​ផ្កា​ឈូក​ងូត​ទឹក ហើយ​ចេញ​មក​យក​កន្សែង​ទៅ​ងូត​ទឹក។ ខ្ញុំ​បណ្ដោយ​អារម្មណ៍​ឱ្យ​ត្រេកត្រអាល​ទៅ​តាម​អ្វី​ដែល​ធ្លាប់​កើត​ឡើង ទី​បំផុត​ខ្ញុំ​មាន​ស្មារតី​ប្រក្រតី​ឡើង​វិញ ជូត​សម្ងួត​ខ្លួន​ហើយ​ទាញ​ទូរសព្ទ​ចេញ​ទៅ​ក្រៅ​ដើម្បី​មើល​វីដេអូ។
ខ្ញុំ​ឡើង​អង្គុយ​លើ​គ្រែ​ដូច​រាង​ចង់​ព្រឺ​ឆ្អឹង​ខ្នង​មុន​ពេល​បើក​វីដេអូ​ ខ្ញុំ​តាំង​ស្មារតី​ហើយ​ចាប់​ផ្ដើម​បើក​វីដេអូ​មើល។ វីដេអូ​លេង​ដល់​ពាក់​កណ្ដាល​ខ្ញុំ​ជឿ​សម្ដី​ចិនសែ និង​គ្រូ​មន្តអាគម​នោះ​ទាំង​អស់ មិន​ខុស​ទេ​ខ្ញុំ​មិន​បាន​ជួយ​ខ្លួន​ឯង​ទេ គឺ​គ្រាន់​តែ​បង្ហាញ​អាការៈ​ស្រើបស្រាល​រវើរវាយ ហើយ​នៅ​ទី​បំផុត​ក៏​លុះ​ក្នុង​សភាព​ជា​មនុស្ស​ប្រុស​ដែល​បាន​ជួយ​ខ្លួន​ឯង​ដល់​ទី​បញ្ចប់ ឬ​បាន​រួមរ័ក។ ចិត្ត​មួយ​នឹក​ខឹង​ចង់​ហៅ​គ្រូ​នោះ​មក​ម្ដង​ទៀត​ឱ្យ​លុយ​គាត់​ច្រើន​រហូត​ដល់​គាត់​ព្រម​កម្ចាត់​ព្រលឹង​តែលតោល​នោះ​ចោល ចិត្ត​មួយ​នឹក​ដល់​ពាក្យ​គាត់​ថា គ្រោះ​នេះ​ខ្ញុំ​អាច​គេច​បាន​តែ​ព្រលឹង​កម្សត់​នោះ​គេច​មិន​រួច​ស្រោចស្រង់​មិន​បាន។ ខ្ញុំ​អង្គុយ​សំកុក​ដោយ​គ្មាន​ដំណោះ​ស្រាយ​ក្នុង​ក្បាល។
……………………………………………………………….
យប់​នោះ​អូនវី មក​ផ្ទះ​នាង​អត់​ចូល​ងូត​ទឹក​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​សាក​ថត​កាមេរ៉ា​របស់​ខ្ញុំ​មួយ​ឃ្លិប​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​លង់លក់​ដោយ​មិន​បាន​ទាំង​និយាយ​ស្ដី​ជា​មួយ​នាង​ច្រើន។ ទំនង​ជា​នាង​គេង​មិន​លក់​ក៏​បើក​ទូរសព្ទ​ខ្ញុំ​លេង ដោយ​មិន​បាន​ប្រយ័ត្ន​ខ្ញុំ​អត់​បាន​លុប​វីដេអូ​នោះ​ចោល​ទេ ព្រឹក​ឡើង​នាង​សួរ​នាំ ខ្ញុំ​ក៏​និយាយ​រឿង​ពី​ដើម​ដល់​ចប់​ទើប​នាង​យល់ ហើយ​នាង​ក៏​ទើប​តែ​ដឹង​នៅ​ពេល​នោះ​ដែរ​ថា ពួក​យើង​មិន​បាន​រួម​មេត្រី​នឹង​គ្នា​ទេ​​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ពី​ថ្ងៃ​នោះ​មក​ពួក​យើង​ចូល​បន្ទប់​តែ​មុន​ម៉ោង​៩​ព្រឹក ហើយ​ពេល​ខ្ញុំ​ទៅ​បាងកក​អូនវី បាន​ទៅ​គេង​ជា​មួយ​ប្អូន​ស្រី​នាង។
…………………………………………………………….
រថយន្ត​បោះ​ពួយ​ដល់​ប៉ោយប៉ែត​ព្រំ​ប្រទល់​ខ្មែរ​ថៃ ខ្ញុំ​បម្រុង​នឹង​ទាញ​ទូរសព្ទ​ខល​ទៅ​អូនវី ប៉ុន្តែ​ទូរសព្ទ​ក្នុង​ហោប៉ៅ​ខោ​ខ្ញុំ​រោទ៍​ឡើង ខ្ញុំ​ទាញ​ទូរសព្ទ​លើក​​គឺ​លេខ​ប្រពន្ធ​ខ្ញុំ៖
-អាឡូ! បង​​ដល់​ណា​ហើយ?
-ដល់​ប៉ោយប៉ែត​ហើយ​អូន។
-ជិត​ឆ្លង​ដែន​ហើយ​ម៉េច​មិន​ខល​មក​ប្រពន្ធ?
-បង​បម្រុង​ខល​ទៅ​ហើយ​តែ​អូន​ខល​មក​មុន មែន​ហើយ​បង​មិន​ទាន់​ឆ្លង​ដែន​ឥឡូវ​ទេ ព្រោះ​ត្រូវ​ចូល​វត្ត​ប៉ាលិឡៃ​បន្តិច​សិន។
-ចូល​វត្ត​ធ្វើ​អី​បង?
-អ្នក​ធ្វើ​ការ​ជាមួយ​គេ​មាន​សាច់​ញាតិ​ធ្វើ​បុណ្យ​ក្នុង​វត្ត​នេះ ចាំ​ពេល​ចេញ​ទៅ​ចាំ​បង​ខល​ទៅ​អូន​វិញ។
……………………………………………………………
ចូល​ដល់​ក្នុង​វត្ត​ចំ​ពេល​ព្រះសង្ឃ​កំពុង​ទេសនា​ អ្នក​រួម​ដំណើរ​ជា​មួយ​ខ្ញុំ​បាន​កន្លែង​សម្រួល​ឥរិយាបថ​ ខ្ញុំ​ចាប់​ផ្ដើម​ផ្ទៀង​ស្ដាប់​ព្រះសង្ឃ​ទេសនា។ ខ្ញុំ​ធ្លាប់​ចូល​វត្ត រាប់​បាត្រ​លោក រាប់​បាត្រ​រដូវ​ភ្ជុំបិណ្ឌ ធ្លាប់​ស្ដាប់​លោក​ទេសនា តែ​មិន​ដែល​ផ្ទៀងផ្ទាត់​យល់​ន័យ​អ្វី​នោះ​ទេ ប៉ុន្តែ​លើក​នេះ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​អាច​ថា​លើស​យាយ​តា​នៅ​ទី​នេះ​ទៅ​ទៀត។ ខ្ញុំ​ចាប់​អារម្មណ៍​ត្រង់​ចំណុច​ដែល​ព្រះសង្ឃ​សម្ដែង​ថា ញាតិ​ដែល​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ អាច​នឹង​សោយ​ទុក្ខវេទនា​ដោយសារ​ការ​មិន​បាន​បំពេញ​បុណ្យ និង​ដោយសារ​កម្មពៀរ​ដែល​បាន​ប្រព្រឹត្តិ​ពេល​នៅ​មាន​ជីវិត។​ ដូច្នេះ​ហើយ​ញាតិ​មិត្ត​កូន​ចៅ​ដែល​នៅ​មាន​ជីវិត​អាច​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​ ឬ​ធ្វើ​ទាន​ជាមួយ​អ្នក​មាន​សីល ហើយ​ឧទ្ទិស​ផល​​ឱ្យ​ដល់​ញាតិ​ដែល​​បាន​ស្លាប់​ទៅ​នោះ ​ពួក​គេ​នឹង​បាន​សោយ​ផល​បុណ្យ​ទៅ​តាម​បុញ្ញកិរិយា​ដែល​អាច​កើត​ឡើង។
ត្រលប់​ពី​បាងកក​វិញ​ខ្ញុំ​និមន្ត​ព្រះសង្ឃ​ទទួល​ចង្ហាន់​ និង​បច្ច័យ​បួន​រួច​ឧទ្ទិស​ផល​ដល់​ព្រលឹង​តែលតោល​ទាំង​ពីរ​នោះ ពី​ពេល​នោះ​មក​បន្ទប់​ទឹក​របស់​ខ្ញុំ​លែង​មាន​រឿង​ចម្លែក​កើត​ឡើង​ទៀត។ ពេល​យប់​បើ​ទោះ​ជា​មាន​សំឡេង​អី​នោះ​នៅ Apartment 69 ក៏​មិន​មែន​ចេញ​ពី​ក្នុង​បន្ទប់​​ទឹក​មក​ដែរ ឆ្នាំ​បន្ទាប់​ខ្ញុំ​ជាប់​ជា​បុគ្គលិក​ឆ្នើម​ម្ដង​ទៀត​ និង​បាន​ស្នាក់​នៅ​បន្ទប់​នោះ​មួយ​ឆ្នាំ​បន្ត​ទៀត​ ៕
ដោយ៖ សាធ វាសនា