បក្ស​សង្គ្រោះ​ជាតិ​ ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ ថា​មិន​ចូល​រួម​ប្រជុំ​សភា

9/20/2013 0 Comments A+ a-

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បាន​ដាក់​លិខិត​ថ្វាយ​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ដោយ​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ទេ ។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ចូល​រួម​ប្រជុំ​សភា​នោះ ដោយសារ​ថា បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ជា​មុន​សិន។
ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ដាក់​ញត្តិ​រួម​គ្នា​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ​សិន រហូត​ដល់​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា បន្ទប់​ឃ្លាំមើល​ស្ថានការណ៍​បោះ​ឆ្នោត ដែល​មាន​អង្គការ​ជិត ២០​រួម​គ្នា នឹង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ឲ្យ​ពន្យារ​ពេល​ការ​ប្រជុំ​សភា ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឯកភាព​គ្នា​សិន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន ការ​ពន្យារ​ពេល​បើក​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​នេះ ជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ការ​ឯកភាព​គ្នា​ជា​មុន​សិន។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​យក​ស្នាម​មេដៃ​ធ្វើ​ជា​ញត្តិ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២០ កញ្ញា តាម​រយៈ​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្លឹមសារ​ក្នុង​ញត្តិ​នោះ សុំ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ចូល​ចូល​ប្រជុំ​សភា និង​សុំ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​ការ​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ការ​ឯកភាព​ជាតិ​ជា​មុន​សិន។ ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​សែន​នាក់​ពិតប្រាកដ​នោះ លោក យឹម សុវណ្ណ មិន​អាច​បញ្ជាក់​បាន​ទេ អាស្រ័យ​លើ​ចំនួន​ជាក់ស្ដែង​ដែល​ប្រមូល​បាន​រហូត​ដល់​ថ្ងៃ​ទី​២០ កញ្ញា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​១៩ កញ្ញា ដើម្បី​សួរ​អំពី​ការ​កោះ​ប្រជុំ​សភា​លើក​ដំបូង​ដែល​គ្មាន​វត្តមាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​អស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​គ្នា​ដើម្បី​ដំណោះស្រាយ​នយោបាយ​ចំនួន​ពីរ​លើក​មក​ហើយ​នៅ​មន្ទីរ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ កញ្ញា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ ប៉ុន្តែ​លទ្ធផល​ចរចា​គ្នា​នេះ​មិន​ទាន់​ឯកភាព​គ្នា​នោះ​ឡើយ ពិសេស​គឺ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត៕
ប្រភពពី វិទ្យុអាស៊ីសេរី